ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១០ សីហា បានបន្តបើកសវនាការសំណុំរឿងលោក កឹម សុខា លើកទី៥១ ដោយតំណាងអយ្យការបានបន្តសួរដេញដោល លោក កឹម សុខា ក្នុងសំណុំរឿង សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយរដ្ឋបរទេសពាក់ព័ន្ធនឹងការធ្វើបាតុកម្ម «ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់» នៅក្រោយការបោះឆ្នោតឆ្នាំ ២០១៣។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយបញ្ចប់សវនាការថា សវនាការនៅពេលនេះ តំណាងអយ្យការផ្តោតការសួរដេញដោលលើវីដេអូចំនួន ៤ វីដេអូទី១- សម្តី លោក ហូរ វ៉ាន់ និង ជនជាប់ចោទលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យ។
វីដេអូទី២- សម្តី លោក សម រង្សី នៅទីលានប្រជាធិបេតយ្យ ឈរលើកដៃជាមួយលោក កឹម សុខា កាលពីថ្ងៃទី ២៥ ធ្នូ ២០១៣ ជំរុញឱ្យមានមហាបាតុកម្ម។ វីដេអូទី៣- ការធ្វើបាតុកម្មបិទផ្លូវ នៅគល់ស្ពានគីហ្សូណា ដែលដឹកនាំដោយលោក កឹម សុខា និងវីដេអូទី៤ ប្រធានសមាគមអ្នករត់ម៉ូតូឌុប រ៉ឺម៉ក់កង់ ៣ លោក វន់ ពៅ ធ្វើបាតុកម្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបន្តថា វីដេអូទាំងអស់នេះ គឺដើម្បីបញ្ជាក់ពីផែនការ ដែលនិយាយដោយលោក កឹម សុខា នៅមែលប៊នប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដែលវាបង្ហាញពីភាពស៊ីចង្វាក់នឹងសកម្មភាពនៃការរៀបចំ ជំរុញ ញុះញុង និងដឹកនាំធ្វើបាតុកម្មហិង្សា និងការបិទផ្លូវជាច្រើនកន្លែងដើម្បីអនុវត្តផែនការដែលបង្កើតជាអង្គហេតុប្រទូស្តរាយ។
លោក ហ៊ុន កុសល មនុស្សស្និទ្ធជាមួយនឹងលោក កឹម សុខា ដែលបានចូលទៅស្តាប់នៅក្នុងសវនាការ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញថា តំណាងអយ្យការបានបង្កើតសំណួរក្នុងការសួរដេញលោក កឹម សុខា គឺមានចរិតនយោបាយ ដែលបម្រើផលប្រយោជន៍ជាច្រើនឱ្យដើមចោទ ខណៈដែលសវនាការនេះ ត្រូវបានគេមើលឃើញថា គឺជារឿងនយោបាយដែលស្របទៅនឹងសំណួររបស់តំណាងអយ្យការផងដែរ។
លោកបញ្ជាក់ថា សកម្មភាពរបស់លោក កឹម សុខា គឺបញ្ជាក់ពីការបម្រើប្រទេសជាតិ និងប្រជាជន រួមទាំងបម្រើ ឱ្យរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ដូច្នេះ វាគ្មានសកម្មភាពណាមួយដែលបង្ហាញថា លោក កឹម សុខា ក្បត់ជាតិ ឬ ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់ជាតិនោះទេ។
លោកថ្លែងថា៖ «សកកម្មភាពរបស់ លោក ប្រធាន កឹម សុខា ធ្វើស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់យើង។ ខ្ញុំជឿថា ច្បាប់ទាំងឡាយ នៅក្នុងប្រទេសកម្ពុជា គ្មានច្បាប់ណាធំជាងរដ្ឋធម្មនុញ្ញទេ ហើយខ្ញុំថា តំណាងអយ្យការធ្វើសកម្មភាពនយោបាយនៅក្នុងតុលាការនេះ គឺរាល់សំណួរទាំងឡាយ ដែលខ្ញុំសង្កេតការណ៍ គឺមានចរិតនយោបាយនៅក្នុងហ្នឹង»។
លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយចាត់ទុកថា សវនាការលើលោក កឹម សុខាគឺជាសវនាការនយោបាយ ដែលរហូតមកទល់ពេលនេះ សវនាការបានធ្វើឡើង មានចំនួន ៥១ លើកហើយ ។ សំណួររបស់លោក តំណាងអយ្យការ ជាសំណួរអត្ថាធិប្បាយ ឬសំណួរអូសបន្លាយ ដែលធ្វើឱ្យ លោក កឹម សុខា បញ្ចេញប្រតិកម្ម ដោយលែងឆ្លើយតបតវិញ ។ លោកបានសន្និដ្ឋានថា លោក កឹម សុខាហាក់មានការធុញទ្រាន់យ៉ាងខ្លាំង ។
លោកថ្លែងថា៖ «ចំណុចនេះ ខ្ញុំសុំថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងយុត្តិធម៌គួរធ្វើយ៉ាងណា ដើម្បីបញ្ចប់នីតិវិធីនៃការសួរដេញដោលនេះ។ បើសិនអត់មានទោស ដោះលែង បើមានទោសក៏ចាត់ការតាមផ្លូវច្បាប់ទៅ កុំធ្វើឱ្យជនជាប់ចោទ ប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្ត »។
ទោះជាយ៉ាងណា លោក ប្លង់ សុផល បញ្ជាក់ថា ចំពោះអ្នកតាមដានសវនាការ យល់ឃើញយ៉ាងណានោះ លោក មិនមានអ្វីត្រូវធ្វើការបកស្រាយនោះទេ ប៉ុន្តែលោកបញ្ជាក់ថា សវនាការដែលប្រព្រឹត្តទៅអស់រយៈពេល ៥១ លើកមកនេះ គឺជាសវនាការព្រហ្មទណ្ឌ ស្របតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។
តាមប្រតិទិន្នរបស់សាលាដំបូងរាជធានីភ្នំពេញ សវនាការបន្តរបស់លោក កឹម សុខា នឹងធ្វើនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ ជាបន្តទៀត៕
វីដេអូ៖