ភ្នំពេញៈ សាលាឧទ្ធរណ៍តំបន់ដែលដំណើរការជិត ២ ឆ្នាំកន្លងមកនេះ ត្រូវបានមន្ត្រីក្រសួងយុត្តិធម៌និងមន្ត្រីពន្ធនាគារអះអាងថា បានជួយដល់នីតិវិធីតុលាការឱ្យមានភាពលឿនឆាប់រហ័ស និងកាន់តែខិតជិតដល់ប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយការកកស្ទះសំណុំរឿង ជាពិសេសភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
ទោះជាយ៉ាងណា ស្ត្រីម្នាក់ដែលកំពុងមានបណ្តឹងនៅសាលាឧទ្ធរណ៍ភ្នំពេញមុនពេលមានសាលាឧទ្ធរណ៍ថ្នាក់តំបន់កើតឡើងបានថ្លែងថា ប្រសិនបើមានសាលាឧទ្ធរណ៍នៅខេត្តព្រះសីហនុមុនពេលអ្នកស្រីមានរឿងក្ដីក្ដាំនៅខេត្តកំពត ប្រហែលជាគាត់មិនចំណាយប្រាក់និងពេលវេលាច្រើន ដើម្បីតតាំងក្តីជាមួយចុងចោទនៅសាលាឧទ្ធរណ៍ភ្នំពេញឡើយ។
ដើម្បីឱ្យទាន់ពេលវេលាដែលចៅក្រមបើកសវនាការជំនុំជម្រះនៅម៉ោង ៨ ព្រឹក នៅសាលាឧទ្ធរណ៍ភ្នំពេញដែលត្រូវតតាំងជាមួយនឹងចុងចោទនោះ អ្នកស្រីចាន់ សុខុន អាយុ ៤៥ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំ អង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពតបានក្រោកតាំងពីម៉ោង ៣ ទៀបភ្លឺ ជួលរថយន្តឈ្នួលជិះមករាជធានីភ្នំពេញដោយត្រូវចំណាយលុយអស់ ១៥ ម៉ឺនរៀល ដើម្បីតតាំងក្ដីក្នុងសំណុំរឿងក្មួយប្រុសអ្នកស្រីម្នាក់ ដែលបានស្លាប់ដោយឧបទ្ទវហេតុបាក់រលំអគារបាក់សង្កត់លើកាលពីឆ្នាំ ២០១៩ នៅខេត្តព្រះសីហនុ។
អ្នកស្រីចាន់ សុខុន បាននិយាយថា ក្មួយប្រុសរបស់គាត់ឈ្មោះបេន សុភ័ណ្ឌ អាយុ ១៨ ឆ្នាំ បានទៅធ្វើជាកម្មករសំណង់នៅខេត្តព្រះសីហនុហើយត្រូវអគារកម្ពស់ ៧ ជាន់រលំបាក់សង្កត់ស្លាប់ ប៉ុន្តែម្ចាស់អគារជាជនជាតិចិនCHENG KUN ភេទប្រុស អាយុ ៤២ ឆ្នាំ មិនបានសងសំណងដល់ក្មួយរបស់គាត់ក៏ដូចជាជនរងគ្រោះដទៃទៀតទេ។
បន្ទាប់ពីប្ដឹងទៅសាលាដំបូងខេត្តព្រះសីហនុ មិនទទួលបានលទ្ធផលសមដូចបំណងអ្នកស្រីក៏បានប្តឹងបន្តមកសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ ហើយនៅពេលនោះប្រសិនបើមានសាលាឧទ្ធរណ៍នៅខេត្តព្រះសីហនុ ប្រហែលជាអ្នកស្រីមិនចំណាយលុយ និងពេលវេលាមករាជធានីភ្នំពេញនោះទេ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំឡើងទៅតតាំងក្តីនៅរាជធានីភ្នំពេញ ៦ លើកហើយទម្រាំចប់ ហើយពេលខ្ញុំឡើងទៅម្តងៗខ្ញុំចងការលុយគេ ២០ ម៉ឺនរៀល។ ខ្ញុំត្រូវជួលរថយន្តឈ្នួល ១៥ ម៉ឺនរៀល ជិះមកភ្នំពេញដោយគិតទាំងហូបចុកផងដើម្បីតតាំងក្តីជាមួយចុងចោទ តែបើនៅខេត្តព្រះសីហនុបង្កើតសាលាឧទ្ធរណ៍គឺខ្ញុំគ្រាន់តែជិះម៉ូតូពីខេត្តកំពត មកក៏ដល់ដែរ»។
ស្ត្រីរូបនេះបន្តទៀតថា កាលពីជំនុំជម្រះនៅសាលាដំបូងខេត្តព្រះសីហនុគឺចៅក្រមបានតម្រូវឱ្យជនជាប់ចោទសងសំណងរដ្ឋប្បវេណីទៅភាគីជនរងគ្រោះទាំងស្លាប់និងរបួសចំនួន ៤៦ នាក់ ដោយក្នុងម្នាក់ៗចន្លោះពី ៥ ពាន់ ទៅ ១ ម៉ឺនដុល្លារអាមេរិក។
តែដោយភាគីអ្នកស្រីមិនព្រមទទួលយក ទើបប្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញបន្តទៀត។
ក្រសួងយុត្តិធម៌បើកឱ្យមានសាលាឧទ្ធរណ៍តំបន់ចំនួន៣នៅខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ កាលពីខែមេសា ឆ្នាំ ២០២០។
ចំពោះសាលាឧទ្ធរណ៍តំបន់ដែលស្ថិតនៅក្នុងខេត្ដព្រះសីហនុ គឺសំណុំរឿងដែលកើតនៅខេត្តកំពត ខេត្តកោះកុង និងខេត្តកែប ដែលភាគីទំនាស់មិនសុខចិត្ត ត្រូវប្តឹងឧទ្ធរណ៍នៅខេត្តព្រះសីហនុ។ រីឯនៅខេត្ដពោធិ៍សាត់ ខេត្ដប៉ៃលិន ខេត្ដបន្ទាយមានជ័យ ខេត្ដឧត្ដរមានជ័យ និងខេត្ដសៀមរាប ត្រូវប្តឹងឧទ្ធរណ៍ទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ខណៈខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្ដមណ្ឌលគិរី ត្រូវប្តឹងឧទ្ធរណ៍នៅខេត្តត្បូងឃ្មុំ។
លោក ជិន ម៉ាលិន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការបង្កើតឱ្យមានសាលាឧទ្ធរណ៍តំបន់នេះ គឺដើម្បីធ្វើឱ្យសេវាយុត្តិធម៌កាន់តែប្រសើរនិងខិតកាន់តែជិតដល់ប្រជាពលរដ្ឋ។ កាលពីមុនមានសាលាឧទ្ធរណ៍ភ្នំពេញតែមួយដែលប្រជាពលរដ្ឋគ្រប់ទិសទីត្រូវធ្វើដំណើរមករាជធានីភ្នំពេញ ដែលធ្វើឱ្យពួកគាត់ខាតបង់ទាំងពេលវេលាទាំងថវិកា ដើម្បីចំណាយក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតដោយសារតែគាត់គិតថាត្រូវធ្វើដំណើរផ្លូវឆ្ងាយ គាត់សម្រេចចិត្តមិនតតាំងក្តីដែលវាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិការពារខ្លួនទៅតាមផ្លូវច្បាប់របស់ពួកគាត់ទៀតផង។
លោកថ្លែងថា៖ «អ៊ីចឹងអាហ្នឹងវាជួយសម្រួលសេវាគឺថាឱ្យមានភាពលឿនឆាប់រហ័ស និងទៅជិតប្រជាពលរដ្ឋ ហើយវាចូលរួមជួយកាត់បន្ថយការកកស្ទះសំណុំរឿង។ បើកាលណាមានសាលាឧទ្ធរណ៍តែមួយហើយគ្រប់សំណុំរឿងនៅសាលាដំបូងទាំងអស់បុកមកសាលាឧទ្ធរណ៍ភ្នំពេញតែមួយ វាអាចមានការកកស្ទះសំណុំរឿង។ អ៊ីចឹងការបង្កើតសាលាឧទ្ធរណ៍តំបន់នេះវាជួយកាត់បន្ថយនូវភាពចង្អៀតណែនក្នុងពន្ធនាគារ វាជួយសម្រួលក្នុងពន្ធនាគារ។បើកាលណាសំណុំរឿងបានលឿនបញ្ចប់បានឆាប់រហ័សគឺវាជួយសម្រាលបន្ទុកក្នុងពន្ធនាគារ»។
បើតាមលោក ម៉ាលិន ករណីនេះខាងពន្ធនាគារក៏មានភាពងាយស្រួលជាងមុនដែរក្នុងការដឹកជញ្ជូនជនជាប់ឃុំមកកាន់សវនាការនៅសាលាឧទ្ធរណ៍តំបន់ដែលពីមុនសាលាឧទ្ធរណ៍មានតែមួយនៅរាជធានីភ្នំពេញ។ ជួនកាលការដឹកជញ្ជូនមានការលំបាកព្រោះផ្លូវឆ្ងាយ។ ដូច្នេះការបង្កើតសាលាឧទ្ធរណ៍តំបន់នេះឡើងបានជួយសម្រួលបានច្រើនទាំងការងារពន្ធនាគារទាំងការកកស្ទះសំណុំរឿង និងចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ ទាំងការបង្កើនប្រសិទ្ធភាពគុណភាពនៃសេវាយុត្តិធម៌មានភាពប្រសើរឡើងនិងជិតប្រជាពលរដ្ឋ។
ស្រដៀងគ្នានេះដែរ លោក នុត សវនា អ្នកនាំពាក្យពន្ធនាគារនៃអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា សាលាឧទ្ធរណ៍តំបន់នេះបានជួយច្រើនក្នុងការសម្រួលបន្ទុកដល់អង្គភាពពន្ធនាគាររាជធានី-ខេត្ត ជាពិសេសនៅតាមបណ្តាខេត្តឆ្ងាយៗដែលមានជនជាប់ឃុំជាប់បណ្តឹងឧទ្ធរណ៍ហើយ ត្រូវបញ្ជូនឡើងសវនាការ។ លោកថា មុននឹងមានសាលាឧទ្ធរណ៍តាមតំបន់នេះ គឺជនជាប់ឃុំភាគច្រើនត្រូវបញ្ជូនពីខេត្តមកផ្ញើនៅពន្ធនាគាររាជធានីភ្នំពេញ និងមណ្ឌលអប់រំកែប្រែព្រៃស ដើម្បីឱ្យទាន់ពេលឡើងសវនាការកុំឱ្យខកខានប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទ។
លោកបន្តថា តាមរយៈការផ្ញើអ្នកជាប់ឃុំនេះហើយបានធ្វើឱ្យពន្ធនាគារនៅរាជធានីភ្នំពេញ មានភាពចង្អៀតណែនដែលពិបាកដល់មន្ត្រីពន្ធនាគារនៅរាជធានីភ្នំពេញ។ បញ្ហាមួយទៀតបើនៅខេត្តឆ្ងាយៗគឺខាងមន្ត្រីពន្ធនាគារត្រូវដឹកជនជាប់ឃុំមករាជធានីភ្នំពេញ។ ករណីនេះ ត្រូវប្រឈមនឹងបញ្ហាច្រើន រាប់តាំងពីការធ្វើដំណើរមកពេលយប់ត្រូវចំណាយលើការដឹកជញ្ជូន និងត្រូវចំណាយកម្លាំងការពារជនជាប់ឃុំក៏ដូចជាការប្រឈមទៅនឹងបញ្ហាផ្សេងៗនៅតាមផ្លូវ។
លោកថ្លែងថា៖ «ពេលឥឡូវនេះយើងមានសាលាឧទ្ធរណ៍នៅតាមតំបន់អ៊ីចឹងជួយសម្រាលបន្ទុកច្រើនដល់ពន្ធនាគារខេត្តដែលនៅឆ្ងាយ។ ឥឡូវនេះជនជាប់ឃុំគាត់លែងលំបាកធ្វើដំណើរឆ្ងាយៗដូចមុន និងលែងផ្ញើអ្នកទោសអីនៅតាមពន្ធនាគារនៅរាជធានីភ្នំពេញទៀត។ ម្យ៉ាងសំណុំរឿងក៏បានជួយចែករំលែកទៅតាមតំបន់អ៊ីចឹងទៅវាក៏ធ្វើឱ្យកិច្ចការតុលាការមានភាពរលូនជាងមុនដែលដោះស្រាយរឿងក្តីបានឆាប់ហើយដំណើរការនីតិវិធីតុលាការបានឆាប់ធ្វើឱ្យការពន្លឿនសំណុំរឿងវាមានប្រសិទ្ធភាព»។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងដល់ពេលកាត់ក្តីកាន់តែលឿនទៅវាលែងកកស្ទះតែកកស្ទះសំណុំរឿងវាបង្កឱ្យមានភាពបាត់ម្ចាស់ការនិងភាពរញ៉េរញ៉ៃក្នុងការធ្វើឯកសារ និងការរៀបចំកម្មវិធីកោះហៅជនជាប់ចោទ។ អាហ្នឹងការដំណើរការនីតិវិធីរបស់តុលាការក៏មិនស្រួលដែរ ប្រសិនបើមានការកកស្ទះសំណុំរឿងខ្លះរហូតដល់មានការឃុំខ្លួនជនជាប់ចោទហួសថិរវេលាក៏មានដែរ។ ខុសនីតិវិធីលើសនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធី ប្រសិនបើសំណុំរឿងវាកកស្ទះខ្លាំង»។
លោកឱ្យដឹងថា ការបង្កើតសាលាឧទ្ធរណ៍តំបន់នេះបានជួយច្រើនដល់មន្ត្រីពន្ធនាគារដែលជាអ្នកទទួលសំណុំរឿងដោយការងារមិនសូវជាគរច្រើនធ្វើឱ្យគាត់ងាយស្រួលរៀបចំឯកសារជាងមុន។ ភាពធូរស្រាលនៃកិច្ចការនេះលោកគិតថា ជួយបានច្រើនណាស់ហើយបើដំណើរយុត្តិធម៌វារលូនទៅ ទាំងការងារប្រតិបត្តិ ទាំងការងាររដ្ឋបាល សំណុំរឿងអីហ្នឹង គឺយើងមានទំនាក់ទំនងរលូនជាងមុនជាមួយនឹងស្ថាប័នតុលាការ។ រីឯខាងនគរបាលទៀតក៏មានទំនាក់ទំនងល្អក្នុងការរៀបចំផែនការការពារក៏ដូចជាដំណើរការបញ្ជូនជនជាប់ឃុំឡើងតុលាការ គឺបានជួយច្រើនមែនទែន។
លោកថា បើជនជាប់ឃុំមកពីខេត្តទូទាំងប្រទេសមកប្រមូលផ្តុំគ្នាតែ ១ កន្លែង គឺជួនកាលចៅក្រមលោកកាត់ក្តីមិនទាន់ពន្យារពេលហើយដឹកទៅដឹកមកខកជើងគឺវេទនាណាស់។
លោកស្រី ទៀង សំបូរ អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា បច្ចុប្បន្ននេះនៅសាលាឧទ្ធរណ៍បាត់ដំបងគឺមិនមានការរាំងស្ទះសំណុំរឿងអីទេ ព្រោះកម្មវិធីដែលត្រូវជំនុំជម្រះគឺបានរៀបចំដាក់ជម្រះជាបន្តបន្ទាប់ហើយទទួលបានលទ្ធផលល្អប្រសើរ។ប៉ុន្តែមានករណីលើកលែងខ្លះដូចជាការបញ្ជូនជនជាប់ឃុំមិនទាន់មកដល់ក៏ត្រូវមានលើកពេលសវនាការខ្លះដែរ។
លោកស្រីថ្លែងថា៖ «យើងមិនបានឮផ្ទាល់ថាមានប្រជាពលរដ្ឋគាត់ត្រេកអរដែលមិនត្រូវចំណាយពេលវេលាមកសាលាឧទ្ធរណ៍ភ្នំពេញអីទេ តែតាមរយៈមេធាវីឬក៏កូនក្តីមួយចំនួនថា ពួកគាត់មានភាពងាយស្រួលជាងមុនច្រើន គាត់មិនពិបាកធ្វើដំណើរអស់សោហុយច្រើនអ៊ីចឹងទៅ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាហុក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះការលើកឡើងពីមន្ត្រីក្រសួងយុត្តិធម៌ក៏ដូចជាខាងអគ្គនាយកដ្ឋានពន្ធនាគារជុំវិញស្មារតីនៃការបង្កើតសាលាឧទ្ធរណ៍តំបន់នេះគឺពិតជាមិនខុសទេ គឺចង់ឱ្យសាលាឧទ្ធរណ៍ខិតជិតដល់ប្រជាពលរដ្ឋ ចំណេញពេលវេលារួមនឹងការចំណាយថវិកាតិចនិងបន្ធូរបន្ថយការកកស្ទះសំណុំរឿង។ ក៏ប៉ុន្តែបើឱ្យដឹងចំនួនជាក់លាក់ថា តើការកាត់បន្ថយភាពកកស្ទះសំណុំរឿងពិតជាធ្វើក្នុងកម្រិតណានោះក៏លោកពិបាកវាយតម្លៃដែរ ព្រោះសំណុំរឿងដែលប្រជាពលរដ្ឋពឹងពាក់មកសមាគមនៅមានកម្រិត ។
លោកថ្លែងថា៖ «អ៊ីចឹងការដាក់ឱ្យយើងសន្និដ្ឋានថាមានភាពបន្ធូរបន្ថយ ភាពកកស្ទះសំណុំរឿងប៉ុន្មានអីប៉ុន្មានហ្នឹងយើងមិនអាចលើកឡើងបានទេ។ ថ្វីដ្បិតតែមានសាលាឧទ្ធរណ៍ច្រើនមែនតែបើសមាគមអាហុកយើងបានដឹងទាក់ទងនឹងសំណុំរឿងដែលខាងមេធាវីយើងការពារអីជាដើមហ្នឹង...ហាក់មិនទាន់ផ្តល់នូវភាពយុត្តិធម៌ពេញលេញដល់សកម្មជនសង្គម សកម្មជនបរិស្ថាន សកម្មជនដីធ្លីឬក៏សកម្មជននយោបាយអីហ្នឹង យើងឃើញថា មិនទាន់មានការសម្រេចណាមួយដែលផ្ទុយអំពីសាលាដំបូងហ្នឹងច្រើនទេ។...អាហ្នឹងគឺជាអ្វីដែលយើងបានកត់សម្គាល់»។
បើតាមលោក ករុណា ចំពោះរឿងថាបន្ធូរបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារក៏អ៊ីចឹងដែរ គឺសមាគមអាដហុកមិនមានទិន្នន័យណាមួយទៅវាស់វែងឱ្យជាក់លាក់បានទេ។ ពីព្រោះមានសាលាឧទ្ធរណ៍ច្រើនមែន ប៉ុន្តែការសម្រេចហាក់ដូចជាភាគច្រើនតម្កល់តាមសាលក្រមសាលាដំបូងដែលមានន័យថា បើអ្នកជាប់ឃុំនៅតែជាប់ឃុំគឺដូចមិនទាន់សម្រួលដល់ភាពចង្អៀតក្នុងពន្ធនាគារបានច្រើនទេ៕