ភ្នំពេញៈ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជិត ១០ រួមគ្នារៀបចំវេទិកាយុវជនថ្នាក់ជាតិ ឆ្នាំ ២០២២ ដើម្បីបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់យុវជន បន្ទាប់ពីការស្រាវជ្រាវមួយចំនួនរកឃើញថា ចំណេះដឹង ការចាប់អារម្មណ៍ និងការចូលរួមរបស់យុវជនទាក់ទងនឹងកិច្ចការសង្គម និងនយោបាយនៅមានកម្រិត។
វេទិកានេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញនាថ្ងៃទី ១០ សីហា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការតម្លាភាពអន្តរជាតិ (TI) ទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (Sida) សហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារជំនួយអាមេរិក (USAID) ដោយមានអ្នកចូលរួមជាង ១០០ នាក់ ដែលជាតំណាងអង្គការសង្គមស៊ីវិល ក្រសួងរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងក្រុមយុវជន។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំងនោះ វេទិកាយុវជននេះបានប្រមូលផ្តុំក្រុមយុវជន ភ្ញៀវកិត្តិយស វាគ្មិន និងតំណាងពីរដ្ឋាភិបាល សង្គមស៊ីវិល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងគោលបំណងបង្ហាញ និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការអភិបាលកិច្ច និងការអភិវឌ្ឍ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «កម្មវិធីដែលមានរយៈពេលពេញ ១ ថ្ងៃ និងមានសកម្មភាពជាច្រើននេះបានចាប់ផ្តើមជាមួយនឹងការតាំងបង្ហាញគម្រោងយុវជនឆ្នើមចំនួន ៩ ដែលផ្តោតលើការអប់រំ និងជំនាញ យេនឌ័រ សុខភាព បរិស្ថានការចូលរួមរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍»។
ថ្លែងក្នុងកម្មវិធីនេះ លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិអង្គការ GADC និងជាតំណាងគណៈកម្មការ រៀបចំវេទិកាយុវជន និយាយថា វេទិកាយុវជននេះបានផ្តល់ឱកាសឱ្យអ្នកចូលរួមជាយុវជនបង្ហាញពីការងាររបស់ពួកគេទាក់ទងគ្នា ផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនៈទាក់ទងនឹងបញ្ហាសង្គម និងនយោបាយក្នុងចំណោមពួកគេ។ កម្មវិធីនេះក៏ជាវេទិកា សម្រាប់យុវជនតស៊ូមតិ ជជែកពិភាក្សាលើគោលនយោបាយ។
តាមជំរឿនឆ្នាំ ២០១៩ របស់រដ្ឋាភិបាល ប្រជាជនអាយុក្រោម ៣០ ឆ្នាំមានប្រមាណ ២/៣ នៃប្រជាជនសរុប ហើយយុវជនមានអាយុចន្លោះ ១៥ ទៅ ៣០ ឆ្នាំ មានប្រមាណ ២៨ ភាគរយនៃប្រជាជនសរុប។ អត្រាអក្ខរកម្មរបស់យុវជន (ចេះអាន និងសរសេរ) មានប្រមាណលើសពី ៩០ ភាគរយ គឺខ្ពស់ជាងក្រុមប្រជាជនដទៃ ហើយពួកគេពោរពេញទៅដោយសមត្ថភាព រហ័សរហួន ឆ្លាតវៃ និងមានភាពច្នៃប្រឌិតខ្ពស់ ខណៈយុវជនប្រមាណ ៧០ ភាគរយមានភាពសកម្មផ្នែកសេដ្ឋកិច្ច។
ទោះយ៉ាងណា ការស្ទង់មតិស្ដីពីសុចរិតភាពរបស់យុវជន ការសិក្សាស៊ីជម្រៅស្ដីពីភាពជាអ្នកដឹកនាំរបស់ស្ដ្រី និងយុវជនរបស់អង្គការតម្លាភាពកម្ពុជា និងការស្ទង់មតិស្តីពីយុវជន ដោយអង្គការ BBC Media Action បង្ហាញថា ចំណេះដឹង ការចាប់អារម្មណ៍ និងការចូលរួមរបស់យុវជនទាក់ទងនឹងកិច្ចការសង្គម និងនយោបាយរបស់ប្រទេសជាតិនៅមានកម្រិតនៅឡើយ។ នេះបើតាម លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។
លោកថា៖ «ខណៈដែលប្រជាជន វ័យក្មេងក្នុងប្រទេសកម្ពុជាមានចំនួនច្រើន មានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ពួកគេនៅតែបន្តជួបនឹងឧបសគ្គសំខាន់ៗ ក្នុងការចូលរួមក្នុងសង្គម និងនយោបាយ»។
លោកបន្តថា៖ «បញ្ហាទាំងនេះរួមមានកង្វះការយល់ដឹងអំពីសិទ្ធិនយោបាយរបស់ពួកគេ ចំណេះដឹង និងចំណាប់អារម្មណ៍ទាក់ទងនឹងកិច្ចការងារសាធារណៈរបស់ប្រទេសជាតិនៅមានកម្រិត និងកង្វះការចូលរួមក្នុងកិច្ចការរដ្ឋាភិបាលនៅគ្រប់កម្រិត»។
លោក ប៉ិច ពិសី ថា យុវជនមួយចំនួនបានដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីកាត់បន្ថយភាពក្រីក្រ កិច្ចអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់សិទ្ធិមនុស្ស ការពារធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុជាដើម។ យុវជនមួយចំនួនបានក្លាយជាអ្នកដឹកនាំក្នុងវិស័យនានា ទាំងវិស័យសាធារណៈ និងឯកជន ហើយនឹងមានយុវជនច្រើននឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត។
លោកបញ្ជាក់ថា៖ «ការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គម និង នយោបាយពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីចូលរួមដឹងឮ ឈឺឆ្អាល ក៏ដូចជាការស្នើសុំនូវដំណោះស្រាយ ចំពោះបញ្ហាសំខាន់របស់សង្គមជាតិ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលមកលើខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ក៏ដូចជា ធ្វើការទាមទារឱ្យមានការផ្តល់ឱកាស និងលក្ខណៈអំណោយទាន ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គម និងនយោបាយឱ្យកាន់តែប្រសើរឡើង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា នេះជាការប្រសើរចំពោះការរៀបចំវេទិកាសម្រាប់យុវជនក្នុងបរិបទបច្ចុប្បន្ន ស្របពេលមានការប្រកួតប្រជែងពីបណ្តាប្រទេសមហាអំណាចនៅលើពិភពលោក។ ប៉ុន្តែលោកថា កម្ពុជាមានអត្រានៃការចូលរួមពីយុវជនច្រើនជាងគេ ជាពិសេស គឺការចូលរួមការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់យល់ស្របតែម្តង ដែលថា ការចូលរួមរបស់យុវជននៅមានកម្រិត។ ព្រោះ បើយើងសួរទៅកាន់យុវជននៅសហរដ្ឋអាមេរិក ដែលជាកន្លែងខ្ញុំធ្លាប់រស់នៅ ២០ ឆ្នាំ យុវជនគេមិនដែលចាប់អារម្មណ៍រឿងនយោបាយ ទេ ហើយអ្នកចាប់អារម្មណ៍នឹងរឿង នយោបាយ ក្នុងចំណោមអ្នកចូលរួមបោះឆ្នោត គឺភាគតិចមែនទែន។ ប៉ុន្តែនៅកម្ពុជាមានអ្នកចូលរួមបោះឆ្នោតជាង ៨០ ភាគរយ»៕