​ភ្នំពេញ​: លោក ប៊ុន លីម បាន​ថ្លែង​ដោយបាន​រំឭក​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុក​បង្គោល​ភ្លើង​ធ្លាក់​រថយន្ត​ចូលទៅក្នុង​ប្រឡាយទឹក នៅ​រាត្រី​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ពេលនោះ​មាន​អ្នកសារព័ត៌មាន​អន​ឡាញ​ ២​ នាក់​ នៅក្នុង​អង្គភាព​តែ​ ១​ បានមក​ដល់ ហើយ​ទាមទារ​ប្រាក់​ ១ ២០០ ​ដុល្លារ ជា​ថ្លៃ​ខូចខាត​បង្គោល​ភ្លើង តែ​ត្រូវបាន​លោក​បដិសេធ ព្រោះ​គិតថា​ ជា​ថ្នូរ​មិន​ធ្វើការ​ឡាយ​ព័ត៌មាន​ពី​គ្រោះ​​ថ្នាក់​ចរាចរណ៍​នេះ និង​ជា​ទង្វើ​មិន​ត្រឹម​​ត្រូវ​តាម​ក្រម​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

​លោក លីម បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​កាលនោះ មាន​អ្នកសារព័ត៌មានអន​ឡាញ​ ២​ នាក់ មកឃាត់​ខ្ញុំ​មិនឱ្យ​ស្ទូច​រថយន្ដ​ឡើង ដោយ​ទាមទារ​ប្រាក់​ខូចខាត​បង្គោល​ភ្លើង​តាម​ដងផ្លូវ​តម្លៃ ១ ២០០ ​ដុល្លារ​ជាមុនសិន​។ ប៉ុន្ដែ​ខ្ញុំ​មិន​ព្រម ពីព្រោះ​ហេតុអ្វី​ត្រូវ​បង់លុយ​ឱ្យ​អ្នកសារព័ត៌មាន​។ ដោយ​ខ្ញុំ​មិន​ព្រម​បង់លុយ ព្រោះ​ខ្ញុំ​គិតថា ជាការ​សូក​ពួកគេ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន ទើប​​អ្នកសារព័ត៌មាន​នោះ​ទូរស័ព្ទ​ហៅ​នគរ​​បាល​មកដល់​»​។

​យោងតាម​ប្រភព​អ្នកសារព័ត៌មាន​វិជ្ជាជីវៈបាន​ចាត់ទុកថា នេះ​ជា​ទង្វើ​ប្រាសចាក​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដែល​ធ្វើឱ្យ​ស្ថាប័ន​ព័ត៌មាន​រាប់ពាន់​ធ្លាក់​នៅក្នុង​ភាព​ខ្មៅ​​ងងឹត​ក្នុង​អារម្មណ៍​គិត​របស់​មហាជន​ជាច្រើន ដោយ​ចាត់ទុក​អ្នក​សារព័ត៌​​មាន​ជា​អ្នក​កោសរូស​លុយកាក់ និង​ប្រ​ព្រឹ​ត្ដ​លើសពី​ភារកិច្ច​របស់ខ្លួន​។

​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជាបានឱ្យដឹងថា​៖ «​នេះ​ជា​អ្វីដែល​យើង​ខិតខំ​ឱ្យ​អ្នកកាសែត​យើង​ស្គាល់​តួនាទី​របស់ខ្លួន និង​ស្គាល់​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​។ យើង​ជា​អ្នកយកព័ត៌មាន យើង​អត់​មាន​សិទ្ធិ​ទៅ​រារាំង ទៅ​រំខាន​ដល់​អាជ្ញា​​ធរមាន​សមត្ថភាព​ធ្វើការ​នោះទេ​»​។

​លោក បូ​ណា ថ្លែងថា​៖ «​យើង​អាច​ផ្ដិត​យក​ទិដ្ឋភាព​ផ្សេងៗ និង​សម្ភាស​ពាក់ព័ន្ធ កន្លែងកើតហេតុ​ទាំងឡាយ​​ទាំងពួង យកមក​ចុះ​ផ្សាយបាន​។ ការ​​ធ្វើបែបនេះ ចូលដល់​អ្វីដែល​សម្ដេច លោក​មានប្រសាសន៍ (​បំពាន​សិទ្ធិ​អ្នកដទៃ បំភ្លៃ​ការពិត​)»​។

​បច្ចុប្បន្ន​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​ជាង ​២ ១០០ ​អង្គភាព ​ដែល​ក្នុងនោះ​អង្គភាព​សារព័ត៌មាន​ផ្សាយ​តាម​ប្រព័ន្ធអ៊ី​ន​ធឺ​ណិ​ត (​អន​ឡាញ​) ចំនួន​ ៨៤៥​ អង្គភាព គិត​ត្រឹម​ឆមាស​ទី​១ ​ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម លោក​ មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។

​លោក​ថា ការស្នើសុំ​ចុះបញ្ជី​របស់​អង្គភាព​សារព័ត៌​មាននៅ​ក្រសួង អង្គ​ភាព​សារព័ត៌មាន​ត្រូវបំពេញ​លក្ខខណ្ឌ មួយចំនួន​ដូចជា​ពាក្យស្នើសុំ​បើក​អាជីវ​កម្ម​សារព័ត៌មាន កិច្ចសន្យា​អាជីវកម្ម ប្រវត្តិរូប​ម្ចាស់​អាជីវកម្ម លិខិត​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ផ្អែក​តាមច្បាប់​របប​​សារព័ត៌មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​​បរទេស​អាច​បើក​អាជីវកម្ម​សារព័ត៌​​មាន​ ឬ​ធ្វើជា​អ្នកសារព័ត៌មាន​បាន​នៅ​កម្ពុជា​ដោយ​ពុំមាន​ការកំណត់​លក្ខណ​​សម្បត្តិ​ខាង​វិជ្ជាជីវៈ​សារព័ត៌មាន​ឡើយ​។​

​លោក សុ​ភ័​ណ្ឌ ថ្លែងថា​៖ «​ប៉ុន្តែ​ពួក​​គាត់​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ជា​ធរមាន និង​ត្រូវគោរព​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ ព្រមទាំង​ត្រូវខិតខំ​ពង្រឹងសមត្ថភាព​ទាំង​ខាង​ជំនាញ​វិជ្ជាជីវៈ និង​ខាង​​ជំនាញ​ដទៃទៀត​ផងដែរ​»​។​

​លោក​បន្ដថា កន្លងមក​ក្រសួង​​ព័ត៌មាន​បានរៀបចំ​ជា​សិក្ខាសាលា​ និង​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​ជូន​ដល់​អ្នកសារព័ត៌មាន​ ដើម្បី​បាន​យល់ដឹង​អំពី​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា ព្រមទាំង​យល់ដឹង​អំពី​តួនាទី​ភារកិច្ច និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។ សិក្ខាសាលា​ ឬ​ការ​​បណ្តុះបណ្តាល​បែបនេះ​ នឹងត្រូវ​ធ្វើ​ឡើងជា​បន្តបន្ទាប់​ផងដែរ​។​

​លោកស្រី ផេង សុខា បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​អ្នកយកព័ត៌មាន​ខាងក្រៅ​ទាំង​ថ្ងៃ និង​យប់​នៅ​ស្ថានីយ​​ទូរទស្សន៍​ហង្ស​មាស បាន​រៀបរាប់​អំពី​ភារកិច្ច​របស់​ក្រុមការងារ ១០ ​នាក់ ​របស់​អ្នកស្រី​ដោយ​ផ្ដោតលើ​តួនាទី និង​កាតព្វកិច្ច​ត្រូវបំពេញ​របស់​ពួកគេ​។

​លោកស្រីថ្លែងថា ក្រុមការងារ​របស់លោក​ស្រី​ពង្រាយ​គ្នា​ធ្វើការ​ទាំង​ថ្ងៃ និង​យប់ ដោយ​បែង​ចែកជា​ ២ ​វេន​ ចំពោះ​បុគ្គលិក​ទាំង ១០​ នាក់​។ ពួកគេ​ខ្លះ​នៅ​ជុំគ្នា​ជា​ក្រុម ហើយ​អ្នក​ខ្លះទៀត​នៅ​ដាច់ដោយឡែក ដូចជានៅតាម​ប៉ុស្ដិ៍​ប៉ូលិស និង​នៅតាម​ខណ្ឌ ដោយ​ទទួល​ព័ត៌មាន និង​ដំណឹង​ហេតុ​​ការណ៍​បន្ទាន់​តាមរយៈ​វិទ្យុទាក់ទង (​អាយកូម​) ជាពិសេស សម្រាប់​ក្រុម​​ការងារ​ពេលយប់ ពួកគេ​បាន​ត្រៀមខ្លួន​ជាស្រេច​ជាមួយ សម្ភារ​ចាំបាច់ ដូចជា កុំព្យូទ័រ​យួរដៃ សៀវភៅ ប៊ិក កាមេរ៉ា និង​ទូរស័ព្ទ ត្រៀម​ជាស្រេច​នៅក្នុង​សម្ពាយ បើទោះជា​ឆ្លៀតពេល​ធ្មេចភ្នែក​ខ្លះ​ក៏ដោយ​។

​លោកស្រី សុខា ថ្លែងថា​៖ «​ថ្វី​ដ្បិត​តែ​ខ្ញុំ​លែង​ចុះ​យក​ព័ត៌មាន​ផ្ទាល់​នាពេលនេះ តែ​កាលពី ១០​ ឆ្នាំមុន ខ្ញុំ និង​ប្ដី​ខ្ញុំ​ធ្លាប់​ចុះ​សរសេរ​រឿង​ទៅដល់​កន្លែងកើតហេតុ​ផ្ទាល់​។ ដូច្នេះ ខ្ញុំ​ពិតជា​ដឹង​អំពី​សុខទុក្ខ​ពួកគាត់ ដែល​កិច្ចការ​នេះ​ដើម្បី​លុយ ពីព្រោះ​ខ្ញុំ​ក៏​ទទួល​ប្រាក់ខែ​ដូច​ពួកគាត់​ដែរ​»​។​

​ជាមួយ​បទពិសោធ​ចាស់វស្សា ដែល​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​ព័ត៌មាន​តាំងពី​ឆ្នាំ ​១៩៩៩ អ្នក​កាសែត​រូបនេះ បាន​និយាយ​ពី​បញ្ហា​ប្រឈម​ខ្លះៗ​ថា ហេតុការណ៍​គ្រោះ​​ថ្នាក់​ចំពោះ​អ្នកយកព័ត៌មាន​តែងតែ​កើតឡើង​ចៀស​មិន​ផុត មិន​ថា​យប់ ឬក៏​ថ្ងៃ​នោះទេ​។ ដោយហេតុតែ​ជីវភាព​របស់​អ្នកសារព័ត៌មាន​មិនសូវ​ជា​ធូរធារ ដោយ​ពឹង​លើ​ប្រាក់ខែ​តិចតួច គ្រាន់តែ​គាត់​អាច​ធ្វើការ​ពេលយប់ និង​ឆ្លៀត​រកស៊ី​អី​តិចតួច​នៅពេល​ថ្ងៃ​ខ្លះ​អ៊ីចឹង​ដែរ​។ ប៉ុន្ដែ​អ្វីដែល​ពួកគេ​

​ត្រូវ​ប្រកាន់ខ្ជាប់​នោះ គឺ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ក៏ដូចជា​តម្លៃ​មុខមាត់​ក្រុមហ៊ុន​។

​លោកស្រីនិយាយថា​៖ «​ខ្ញុំ​ទទួល​​ស្គាល់​ថា បានឃើញ និង​បានឮ​អំពី​បញ្ហា​អ្នកកាសែត​ខ្លះ​គោះ​យកលុយ​គេ​។ ប៉ុន្ដែ​ចំពោះ​យើង​ជា​អ្នកកាសែត​ត្រឹមត្រូវ មាន​វិជ្ជាជីវៈ ហើយ​យើង​មាន​អាជ្ញាប័ណ្ណ​ខ្ពស់ និង​មាន​ស្ថានីយ​ត្រឹមត្រូវ យើង​មិន​ហ៊ាន​ធ្វើ​បែប​នោះទេ​។ ប៉ុន្ដែ​សម្រាប់​អ្នកធ្វើ​ទូរទស្សន៍​​អន​ឡាញ​មួយចំនួន ដែល​បង្កើត​ទំព័រ​ខ្លួនឯង ចាងហ្វាង​ខ្លួនឯង អ្នកធ្វើ​ព័ត៌មាន​ខ្លួនឯង ពួកគាត់​ធ្វើ​អ៊ីចឹង​​មែន​។ និយាយឱ្យចំ អ្នកកាសែត​មាន​អាជ្ញាប័ណ្ណ​ខុសគ្នា​អ៊ីចឹង​»​។

​លោកស្រី​អះអាងថា​៖ «​ចំពោះ​ពួក​ខ្ញុំ​មាន​ប្រាក់ខែ​មិន​ច្រើន​ទេ តែ​ពួក​ខ្ញុំ​គោរព​វិជ្ជាជីវៈ​។ បើសិនជា​គេ​ឱ្យ ១០-២០​ ដុល្លារ យើង​ទទួលយក តែ​យើង​មិន​សរសេរ​អត្ថបទ​លម្អៀង​ម្ខាងៗ​នោះទេ​។ ក្រុមការងារ​ខ្ញុំ​តែងតែ​ប្រាប់​ខ្ញុំ​ថា អ្នកសារព័ត៌មាន​អន​ឡាញ ដែល​មិនមាន​ប្រាក់ខែ ធ្វើ​អ៊ីចេះ​ធ្វើ​អ៊ីចុះ​។ ខ្ញុំ​ប្រាប់​ពួកគេ​ថា គេ​ធ្វើ​ម៉េច​ធ្វើទៅ រឿង​របស់គេ​»​។

​លោកស្រី សុខា ថ្លែងថា​៖ «​បើសិន​បាន​ចូល​នៅក្នុង​ក្រុម​របស់គាត់ ១ ​ថ្ងៃៗ គាត់​អត់​សូវ​គិត​រឿង​ធ្វើការ តែ​គិត​ដើរ​កោសរូស​គេ រឿង​ល្បែង រឿង​ចាក់​ឆ្នោត និង​កន្លែង​បើក​អន​ឡាញ​ជល់​មាន់​។ ទោះបីជា​យើង​ជា​អ្នក​​សារព័ត៌មាន​ចេញ​យក​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​តែមួយ​ដូចគ្នា គេ​ធ្វើ​អី​ធ្វើទៅសំខាន់​យើង​អត់​ធ្វើ​»​។

​លោកស្រី សុខា ថ្លែងថា​៖ «​ចំពោះ​បញ្ហា​ការអន្ដរាគមន៍ និង​និយាយ​បញ្ចេញបញ្ចូល​ជាមួយ​ប្រភព វា​ប្រាកដជា​ខុស​វិជ្ជាជីវៈ តែ​ពួកគេ​ធ្វើ​ដើម្បី​ប្រយោជន៍​។ ពេលខ្លះ វា​ជា​ព័ត៌មាន​គោះ​លុយ ដោយ​ពួកគេ​គោះ​អាជ្ញាធរ​តិច គោះ​សមត្ថកិច្ច​តិច ឬក៏​ជនរងគ្រោះ ឬក៏​អ្នកបង្ក ដែលមាន​លុយកាក់ ពោលគឺ​មើល​លើ​ភាព​ជាក់ស្ដែង​។ ក្រៅពី​បញ្ហា​គោះ​យកលុយ អ្នកសារព័ត៌មាន​មួយចំនួន​ក៏​ព្យាយាម​ផ្ដិត​យក​ទិដ្ឋភាព​ជាក់ស្ដែង រួមទាំង​ការបង្ហាញ​មុខ​ជនរងគ្រោះ​ដោយ​ការរំលោភបំពាន ចេញផ្សាយ​ព័ត៌មាន​តិះដៀល និង​តវ៉ា​ជាមួយ​អ្នក​ចូលចិត្ត​សរសេរ​មតិយោបល់​ប្រឆាំងនឹង​ខ្លួន និង​ធ្វើការ​រារាំង​សកម្មភាព​ផ្សេងៗ​ថែមទៀត​។

អ្នកសារព័ត៌មាន ២ នាក់ សម្ភាស៍ជនរងគ្រោះករណីបម្រុងលោតលើស្ពានជ្រោយចង្វារ កាលពីខែកក្កដា។ រូបថត ហ្វេសប៊ុក

​ទោះជា​យ៉ាងណាក៏ដោយ លោក ​បូ​ណា បាន​ថ្លែងថា ការ​លាក់បាំង​​អត្ដ​សញ្ញាណ​ជនរងគ្រោះ​គឺជា​រឿង​សំខាន់​ណាស់ ថ្មីៗ​នេះ ក្លិប​អ្នក​កាសែត​កម្ពុជា ជាមួយ​ក្រសួង​ព័​ត៌​​មាន និង​ក្រសួង​កិច្ចការនារី បាន​​រៀបចំ​ក្រម​ប្រតិ​ប​ត្ដិ​មួយ​ចេញផ្សាយ និង​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ​ដែរ ដើម្បីឱ្យ​អ្នករាយការណ៍​ព័ត៌មាន​បាន​យល់​ចំពោះ​សេចក្ដីរាយការណ៍​ពាក់​​ព័ន្ធ​អំពើហិង្សា​លើ​ស្ដ្រី​។

​លោកថ្លែងថា​៖ «​តើ​យើង​ត្រូវ​រាយ​​ការណ៍​យ៉ាងដូចម្ដេច​ដើម្បី​កុំឱ្យ​ជន​រងគ្រោះ​រូបនោះ ក្លាយជា​ជនរងគ្រោះ​ ២ ​ដង​។ ម្ដង​ដោយ​ការរំលោភ ឬ​អំពើហិង្សា​ណាមួយ​ទៅ ហើយ​ម្ដងទៀត​ដោយសារតែ​សារព័ត៌មាន​ផ្សព្វផ្សាយ​ទៅ ដែល​ធ្វើឱ្យ​គាត់​ខ្មាស​គេ ខូច​កិ​ត្ដិ​យស និង​ប៉ះពាល់​ខ្លាំង​។ វា​ជា​អំពើ​មួយ​​ខុសឆ្គង ដែល​បងប្អូន​អ្នក​សារព័ត៌​​មាន​ត្រូវតែ​យល់ដឹង​អំពី​បញ្ហា​នេះ និង​ត្រូវតែ​ចៀសវាង​កុំ​ប្រ​ព្រឹ​ត្ដ​ខុស​បែបនេះ​ទៀត​»​។

​លោក អះអាងថា ដោយសារ​អ្នក​កាសែត​មួយចំនួនធំ​នៅក្នុង​វិស័យ​​អន​ឡាញ ទើប​បង្កើត​ថ្មីៗ ប្រហែលជា​ពួកគេ​មិនទាន់​បានទទួល​ការបណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ​ទេ ឬក៏​បានដឹង តែ​នៅ​បំពាន​ឬ​យ៉ាងណា​មួយ​នោះ​។ ដើម្បីឱ្យ​សារព័ត៌មាន​មានតម្លៃ អ្នក​សារព័ត៌​មាន​ទាំងអស់​ត្រូវតែ​គោរព​ឱ្យបាន​នូវ​សីលធម៌ វិជ្ជាជីវៈ​ជាមុន​។ ទាំង​អ្នក​គ្រប់គ្រង​អ្នកកាសែត ទាំង​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា សុទ្ធតែ​ទទួល​​ស្គាល់​ថា វិជ្ជាជីវៈ​សារព័ត៌មាន​ត្រូវបាន​ជាន់ឈ្លី ដែល​ត្រូវបាន​មហាជន​ស្អប់ខ្ពើម​ដោយសារតែ​អ្នកកាសែត​មួយ​ក្ដាប់​តូច​។

​យ៉ាងណា​លោកស្រី សុខា បាន​ថ្លែងថា​៖ «​ក្រសួង​ព័ត៌មាន​គួរតែមាន​វិធានការ​ទៅលើ​អ្នក​អន​ឡាញ​ ដើម្បី​កុំឱ្យ​ស្អុយឈ្មោះ​ដល់​អ្នកសារព័ត៌មាន​ដទៃទៀត​។ រាល់ថ្ងៃ អ្នកខ្លះ ដឹងថា យើង​ជា​អ្នកសារព័ត៌មាន គេ​ងាក​មុខ​ចេញ ឬក៏​ស្ដោះ​ទឹកមាត់​ដាក់​ទៀត ដោយសារ​គេ​ស្អប់​»​។

​ដោយ​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ចូល​ចិ​ត្ដ​អ្នកសារព័ត៌មាន លោក បូ​​ណា ថ្លែង​ទទួលស្គាល់ថា​៖ «​ត្រឹមត្រូវ​ហើយ​! វា​ធ្វើឱ្យប៉ះពាល់​កិ​ត្ដិ​យស សេចក្ដីថ្លៃថ្នូរ​សារព័ត៌មាន​ខ្លាំង កាល​​ណា​យើង​ប្រ​ព្រឹ​ត្ដ​ខុស​វិជ្ជាជីវៈ ដោយ​វាយតម្លៃថា ពួក​អ្នកកាសែត​បែប​នោះ គ្រាន់តែ​គេ​ឃើញ គេ​ខ្លាច គេ​ខ្ពើម​មុខ​»​។

​ទោះជា​យ៉ាងណាក៏ដោយ ភ្នំពេញ​ ​ប៉ុស្ដិ៍ ​បានតាមដាន​សារព័ត៌​អន​ឡាញ​តាម​ហ្វេ​ស​ប៊ុ​ក ស្ទើរតែ​រាល់ថ្ងៃ ក៏បាន​សង្កេតឃើញ​ផល​វិជ្ជមាន​នៃ​ការ​​ផ្សាយ​ផ្ទា​ល់ពី​កន្លែងកើតហេតុ ក៏​ជា​ដំណឹង​ដែលមាន​ផលប្រយោជន៍​សម្រាប់​មហា​ជន និង​បុគ្គល​ខ្លះ​ក៏បានផ្ដល់​មនុស្សធម៌​ដល់​សង្គម​ផងដែរ បើទោះបី​ជាមាន​ភាពខ្វះ​ចន្លោះ​នូវ​ចំណុច​ខ្លះៗ​ក៏ដោយ​។

​ជាក់ស្ដែង កាលពី​យប់​ថ្ងៃទី ​៩ ខែ​-​សីហា កន្លងទៅ សារព័ត៌មាន​អន​​ឡាញ​ជាច្រើន​បាន​ផ្សាយ​បន្ដ​ផ្ទាល់​លើ​ផេ​ច​របស់ខ្លួន​ស្ដីអំពី​គ្រោះថ្នាក់​ច​រា​​ចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ ដែល​អ្នកបើក​​បរទាំង ​២ ​សុទ្ធតែ​សន្លប់​។ ក្រុម​អ្នក​សារព័ត៌មាន​បានប្រកាស និង​ថត​ស្លាក​លេខ​ម៉ូតូ​ដើម្បី​ផ្សព្វផ្សាយ​រក​សាច់ញាតិ​។ នេះ​ជា​ករណី​មួយ ដែល​ក្រុម​អ្នកសារព័ត៌មាន​ប្រដេញ​ទាន់​ហេតុការណ៍​តាម​អន​ឡាញ​បាន​ចូល​​រួមចំណែក​ក្នុងការ​ផ្សព្វ​ផ្សាយដំណឹង​ភ្លាមៗ​ដល់​មហាជន​។​

​លោក សុ​ភ័​ណ្ឌ បាន​រំឭកថា ក្រសួង​​ព័ត៌មាន​តែងតែ​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវគោរព​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ព្រមទាំង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​លោក​បាន​លើកឡើងថា​៖ «​ក្នុងករណី​ដែល​អ្នកសារព័ត៌មាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ណាមួយ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ជា​ធរមាន ហើយ​ការអនុវត្ត​ច្បាប់​ចំពោះ​អ្នក​​សារព័ត៌មាន​ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​មិនអាច​ចាត់ទុកថា​ជាការ​គំរាម​​កំហែង​តាមផ្លូវ​ច្បាប់​លើ​អ្នក​សារព័ត៌​​មាន​នោះទេ​»​។​

​លោក សុ​ភ័​ណ្ឌ ថ្លែងថា អ្នកសារព័ត៌មាន​កុំ​ធ្វើជា​ចៅក្រម​​ ឬ​ធ្វើជា​សមត្ថកិច្ច​ក្នុងការ​កាត់សេចក្តី​ ឬ​ដាក់ទោស​ទៅលើ​បុគ្គល​ណាមួយ​នោះ និង​ត្រូវបំពេញ​តួនាទី​និង​សិទ្ធិ​ទៅតាម​ច្បាប់​៕