ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីសេចក្តីព្រាងច្បាប់នេះ បានឆ្លងផុតពីក្រុមការងារអន្តរក្រសួង និងកំពុងបន្តនូវនីតិវិធី មុននឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ការរៀបចំច្បាប់នេះឡើង ដើម្បីមានលទ្ធភាពក្នុងការគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានគុណភាព និងសេវាកម្មល្អ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី“សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក” នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ១១ សីហាថា សេចក្តីព្រាងច្បាប់នេះ គឺកម្ពុជានៅគ្រប់សម័យកាលនៃសង្គម មិនដែលធ្លាប់មាននោះទេ ទើបតែបច្ចុប្បន្ន ក្រសួងបានរៀបចំធ្វើឡើង ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតកម្ពុជាឱ្យមានប្រសិទ្ធភាព។ គោលបំណងសំខាន់ នៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមានលទ្ធភាពក្នុងការគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានគុណភាព ប្រសិទ្ធភាព និងសេវាកម្មល្អ។
លោកថ្លែងថា៖ «សេកក្តីព្រាងច្បាប់នេះ បច្ចុប្បន្នឆ្លងផុតដំណាក់កាលនៃកិច្ចប្រជុំអន្តរក្រសួង ហើយក៏ទទួលបាននូវអនុសាសន៍យ៉ាងច្រើន និងល្អៗ ពីក្រសួងពាក់ព័ន្ធ ដែលបានចូលរួមជួយ មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៍ជនបទក្តី ក៏ដូចជាក្រសួងយុត្តិធម៌ ដែលបានជួយជំរុញបន្ថែមទៅលើមាត្រាពាក់ព័ន្ធនឹងទោសពិន័យផងដែរ»។
លោក សុខ វិទិត្យ ប្រធានក្រុមហ៊ុនផលិតទឹកស្អាតនៅឃុំបន្ទាយនាង ខេត្តបន្ទាយមានជ័យប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១១ សីហាថា ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត នៃព្រះរាជាណាចក្រកម្ពុជា គឺជារឿងល្អបំផុត ដើម្បីធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់ និងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា បច្ចុប្បន្ននៅតាមឃុំមួយចំនួន ប្រជាពលរដ្ឋមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយ។
លោកបន្តថា ក្រោយពីទទួលបានការអនុញ្ញាត ក្រុមហ៊ុនរបស់លោក បានជីកកប់ទុយោ ដើម្បីធ្វើការចែកចាយទឹកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ។ ប៉ុន្តែនៅពេលដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យមានការកាយទុយោទឹកស្អាតចេញ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋផងដែរ ។ ទោះជាយ៉ាណា លោកថា វាមិនជាបញ្ហាទេ នេះគឺជាការអភិវឌ្ឍ។
លោកថ្លែងថា៖ «ការធ្វើច្បាប់នីមួយៗសុទ្ធតែល្អហើយ ដើម្បីជួយឱ្យមានការរីកចម្រើនលើវិស័យទឹកស្អាតកម្ពុជា ទាំងការប្រើប្រាស់ និងតម្លៃ»។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា ក្នុងរយៈពេល ៥ ឆ្នាំ (២០១៧-២០២១) សកម្មភាពផលិតទឹកស្អាតសាធារណៈរាជធានី-ខេត្ត និងឯកជន នៅទូទាំងប្រទេសបានចំនួន ១,៦៣២,០២៤,៥៤៨ ម៉ែត្រគុប គឺមានការកើនឡើង ៤៥.០៨% ធៀបទៅនឹងអាណត្តិទី៥ (១,១២៤,៩២៧,២០០ ម៉ែត្រគុប) នៃរាជរដ្ឋាភិបាល ដោយមានគម្រោងរបស់បណ្តាដៃគូអភិវឌ្ឍន៍នានា ជាពិសេសការពង្រីកប្រព័ន្ធ និងបណ្ដាញចែកចាយ និងការពង្រឹង និងពង្រីកសមត្ថភាពផលិតទឹកស្អាតពីអង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជនផងដែរ។
របាយការណ៍ដដែលបន្តថា ជាមួយគ្នានេះ ការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងអំឡុងពេល ៥ ឆ្នាំ ក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលនេះ។ អត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្តាញ ក្នុងតំបន់ទីប្រជុំជន បានកើនឡើងដល់ ៦៥.៧៩% មកដល់ឆ្នាំ ២០២១ ដែលគិតជាចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់ គឺកើនដល់ចំនួន ១,៩៦១,៣៣៣ គ្រួសារ។
ទន្ទឹមនឹងនេះ ក្រសួងបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយឧបត្ថម្ភធន សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលមានប្រាក់ចំណូលទាប ដើម្បីទទួលបានការប្រើប្រាស់ទឹក ដែលមានតម្លៃថោក ក្នុងកម្រិតអប្បបរមា ក្នុងនោះប្រជាពលរដ្ឋក្រីក្រចំនួន ៧៧,៣៨២ គ្រួសារ បានទទួលនូវការឧបត្ថម្ភធន សម្រាប់ការតភ្ជាប់បណ្ដាញទឹកស្អាត។
លើសពីនេះទៀត ក្រសួងបានកំណត់ថ្លៃលក់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងចុះកិច្ចសន្យាជាមួយម្ចាស់ផ្ទះជួល ៧០០ រៀល/ម៉ែត្រគុប ហើយម្ចាស់ផ្ទះជួលលក់ឱ្យកម្មករ កម្មការិនី សិស្ស និស្សិត ក្នុងតម្លៃ ៨០០ រៀល/ម៉ែត្រគុប។ បច្ចុប្បន្ន សម្រេចតភ្ជាប់បណ្ដាញទឹកស្អាតបានចំនួន ៤,៩៩០ ផ្ទះ និងអគារ ដែលមានបន្ទប់ជួលចំនួន ១០៧,៨៦៩ បន្ទប់៕