ព្រះវិហារៈ ក្រុមបុរាណវិទូអាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយក្រុមការងារមកពីស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា នាថ្ងៃទី ១១ ខែសីហា បានរៀបចំពិធីសាសនាបើកការដ្ឋានកំណាយបុរាណវិទ្យានៅផ្នែកឦសាននៃគោបុរៈទី៥ ប្រាសាទព្រះវិហាររយៈពេល ១ ខែ ដើម្បីប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលប្រាសាទឡើងវិញ។
អាជ្ញាធរជាតិព្រះវិហារបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១២ ខែសីហាថា៖ «ការធ្វើកំណាយស្រាវជ្រាវនេះគឺដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់គោបុរៈទី៥ និងដើម្បីប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលឡើងវិញ។ តាមការគ្រោងទុក ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះមានរយៈពេល ៣០ ថ្ងៃ»៕