សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបនាថ្ងៃទី ១២ ខែសីហា បានប្រកាសថា គណៈកម្មាធិការជិះកង់ ដើម្បីកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី ៨ នាថ្ងៃទី ១៤ ខែសីហា ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាបបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១២ ខែសីហា ថា ព្រឹត្តិការណ៍នេះ «ជាការរួមចំណែកក្នុងការជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងប្រទេសជាតិនាពេលអនាគត»។
ព្រឹត្តិការណ៍នេះនឹងមានការជួបជុំគ្នានៅផ្លូវ ៦០ ម៉ែត្រ ហើយអាជ្ញាធរខេត្តសៀមរាបក៏បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ក្នុងខេត្តចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។
ព្រឹត្តិការណ៍នេះសហការរៀបចំដោយក្រុមហ៊ុន ខេមបូឌាសាយភ្លើង ក្រុមហ៊ុន ចាយ៉ាខេតធើរីង ក្រុមហ៊ុនត្រាវែលលូប និង ហាងលក់ ឬជួលកង់ អាំង គឹមសាន្ដ៕