សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១២ សីហានេះបានធ្វើការផ្សព្វផ្សាយប្រាប់ភ្ញៀវទេសចរពីតំបន់ទេសចរណ៍ ធម្មជាតិដ៏ទាក់ទាញ ១ ទៀត គឺស្ទឹងពពក ដែលស្ថិតនៅក្នុងស្រុកស្វាយលើ និងបានលើកទឹកចិត្តឱ្យភ្ញៀវទេសចរភ្លក់ម្ហូបប្រចាំស្រុកនៅទីនោះ។
បើតាមហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប តំបន់ទេសចរណ៍ក្នុងខេត្តនេះ ក្រៅពីប្រាសាទបុរាណដ៏ល្បីល្បាញ ក៏នៅមានតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងទៀត ដែលស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ គឺស្ទឹងពពក តំបន់ពើងទប់ព្រះ និងពើងវត្តចាស់។
ក្រៅពីស្ទឹងពពកនេះក្នុងស្រុកស្វាយលើក៏មានរមណីយដ្ឋានកែច្នៃចំនួន ២ ដែលជាប់នឹងជើងភ្នំផងដែរ ហើយភ្ញៀវទេសចរអាចបោះតង់នៅតំបន់រមណីយដ្ឋាននៅទីនោះបានផងដែរ។
បន្ថែមលើសនេះ «សូមកុំភ្លេចភ្លក់រសជាតិម្ហូបប្រចាំស្រុកស្វាយលើរួមមាន ១. ជ្រូកកណ្ដុរអាំង ទឹកឃ្មុំ ២. មាន់ដុតចុងសោម និង ៣. បុកក្រហម »៕