ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬហៅថា ស៊ីម៉ាក់ (CMAC) និងអង្គការបោសសម្អាតមីន និងអភិវឌ្ឍន៍សហគមន៍អន្តរជាតិ (IMCCD) នាថ្ងៃទី ១១ ខែសីហា បានចុះហត្ថលេខាលើគម្រោងរំដោះផ្ទៃដីដែលរងផលប៉ះពាល់ ដោយសារគ្រាប់មីនជាង ៣០ ម៉ឺនម៉ែត្រការ៉េ ដែលមានទឹកប្រាក់ជាង ៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិករយៈពេល ១ ឆ្នាំ។ នេះបើយោងតាម CMAC។
CMAC បានឱ្យដឹងតាមរយៈហ្វេសប៊ុកនាថ្ងៃទី ១១ ខែសីហា ថា ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញរវាងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងលោក Takayama Ryoji នាយកអង្គការ IMCCD របស់ជប៉ុន ដោយចាប់អនុវត្តពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣។
គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។
CMAC បញ្ជាក់ថា៖ «តាមរយៈគម្រោង IMCCD នេះ ប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គមទាំងមូល»៕