ព្រះសីហនុៈ ក្រសួងអប់រំ និងរដ្ឋបាលខេត្តព្រះសីហនុបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយក្រោមប្រធានបទ «ការបង្ការការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក» ដល់គ្រូបង្រៀន ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្ស ដែលធ្វើឡើងនៅគ្រឹះស្ថានសិក្សាវិក្រឹតការខេត្តព្រះសីហនុ។
ក្នុងសិក្ខាសាលានេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានផ្ដាំផ្ញើដល់អ្នកចូលរួមត្រូវយកចិត្តទុកដាក់ស្ដាប់ និងរៀនសូត្រនូវប្រធានបទនេះនៅតាមគ្រឹះស្ថានសិក្សា ដែលបង្ហាញដោយអាជ្ញាធរជំនាញ។
លោកថ្លែងថា៖ «ទន្ទឹមនោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនរបស់យើងទាំងអស់ត្រូវធ្វើជាគំរូល្អ និងបន្តផ្សព្វផ្សាយដល់យុវជន សិស្ស និស្សិតដទៃកុំប្រព្រឹត្តនូវអំពើទាំងនេះ ដែលនាំឱ្យអន្តរាយដល់ខ្លួន អាយុជីវិតខ្លួនឯង ជីវិតអ្នកដទៃនឹងធ្វើឱ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមថែមទៀតផង»។
កាលពីខែមីនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសយកទីតាំងខេត្តព្រះសីហនុលើផ្ទៃដីចំនួន ២០ ហិកតា ស្ថិតនៅភូមិឫទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍។
បើតាមលោក ម៉ាង ស៊ីណេត បច្ចុប្បន្ន មជ្ឈមណ្ឌលនេះបានទទួលជនរងគ្រោះមកព្យាបាលបន្សាប និងស្ដារនីតិសម្បទាចំនួន ៣០៧ នាក់បានធ្វើសមាហរណកម្មចំនួន ៧៦ នាក់។ ជនរងគ្រោះកំពុងស្នាក់នៅក្នុងមណ្ឌលនេះមានចំនួន ២៣១ នាក់ ក្នុងនោះជនរងគ្រោះមកពីខេត្តព្រះសីហនុមានចំនួន ៥១ នាក់។
លោកបន្តថា ក្នុងអំឡុងពេលដំណើរការកន្លងមក មជ្ឈមណ្ឌលនេះបានជួបប្រទះនូវបញ្ហាប្រឈមដូចជា ខ្វះទឹកប្រើប្រាស់ ខ្វះសម្ភារប្រើប្រាស់ផ្នែកការងាររដ្ឋបាល ការបណ្ដុះបណ្ដាល និងសម្ភារកីឡា ព្រមទាំងពុំអាចភ្ជាប់នូវប្រព័ន្ធអ៊ីនធឺណិត និងសេវាទូរស័ព្ទជាដើម។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំថ្លែងកោតសរសើរដល់អាជ្ញាធរខេត្តព្រះសីហនុក៏ដូចជាមន្ទីរអប់រំ ដែលបានយកចិត្តទុកដាក់ក្នុងការអប់រំផ្សព្វផ្សាយពីប្រធានបទនេះដល់យុវជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍៕