ភ្នំពេញៈ អង្គការជីវិតធម្មជាតិបានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សតំបន់ រ៉ាមសារ មិនបានចាប់អារម្មណ៍ទៅលើសត្វស្លាបតូចៗ និងផ្ដោតសំខាន់តែទៅលើប្រភេទសំខាន់ៗប៉ុណ្ណោះ ហើយការកំណត់ឈ្មោះនៅមានភាពមិនច្បាស់លាស់នៅឡើយ ប៉ុន្តែក្រោយទទួលវគ្គបណ្តុះបណ្តាលបន្ថែម មន្រ្ដីឧទ្យានុរក្សបានស្គាល់ពីប្រភេទសត្វស្លាបតូចៗបន្ថែម ដែលមិនធ្លាប់បានកត់ត្រាកន្លងមក និងកត់ត្រាបន្ថែមនៅពេលល្បាត។
អង្គការជីវិតធម្មជាតិ (BirdLife in Cambodia) បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី ១៣ ខែសីហាថា ក្រុមការងារបានវាយតម្លៃលើចំណេះដឹង និងការអនុវត្ដកន្លងមករបស់មន្ត្រីឧទ្យានុក្ស ហើយសង្កេតឃើញថា សមត្ថភាពរបស់មន្ដ្រីឧទ្យានុរក្សប្រចាំតំបន់រ៉ាមសារទាំងពីរពិតជានៅមានកម្រិតនៅឡើយ។ ពួកគាត់មិនបានចាប់អារម្មណ៍ទៅលើសត្វស្លាបតូចៗ និងផ្ដោតសំខាន់តែទៅលើប្រភេទសំខាន់ៗប៉ុណ្ណោះ ហើយការកំណត់ឈ្មោះនៅមានភាពមិនច្បាស់លាស់នៅឡើយ ដែលពួកគាត់ប្រើប្រាស់ឈ្មោះតាមតំបន់។
ប៉ុន្តែ ក្រោយទទួលវគ្គបណ្ដុះបណ្ដាល មន្រ្ដីឧទ្យានុរក្សទាំងពីរតំបន់មានការយល់ដឹងបន្ថែមពីវិធីសាស្រ្ដកំណត់អត្ដសញ្ញាណសត្វស្លាប ជាពិសេសលក្ខណៈសម្គាល់បែបវិទ្យាសាស្រ្ដ (ទំហំដងខ្លួន ពណ៌ រូបរាងចំពុះ និងសំឡេង) ឈ្មោះវិទ្យាសាស្រ្ដ និងបច្ចេកទេសតាមផ្ដិតយករូបភាពសត្វស្លាបនៅក្នុងតំបន់រ៉ាមសារទាំងពីរ។
អង្គការនេះបញ្ជាក់ថា៖ «មន្រ្ដីឧទ្យានុរក្សក៏បានស្គាល់ពីប្រភេទសត្វស្លាបតូចៗបន្ថែម ដែលមិនធ្លាប់បានកត់ត្រាកន្លងមក ហើយពួកគាត់នឹងព្យាយាមស្វែងយល់ និងកត់ត្រាបន្ថែមនៅពេលល្បាតខែបន្ទាប់ទៀត»។
សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី ៣០ ខែកក្កដា រហូតដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ ក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការចែករំលែកបទពិសោធក្នុងការកំណត់អត្តសញ្ញាណសត្វស្លាប និងបច្ចេកទេសថតរូបដល់មន្ដ្រីឧទ្យានុរក្សនៃតំបន់រ៉ាមសារ បឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន ចំនួន ១៧ រូប ដោយមានការចូលរួមចែករំលែកបទពិសោធពីមន្រ្ដីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៃខេត្ដតាកែវ ចំនួន ០២ រូប។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងចែករំលែកនូវចំណេះដឹង និងវិធីសាស្រ្ដនៃការធ្វើអត្តសញ្ញាណសត្វស្លាប គួបផ្សំជាមួយបច្ចេកទេសអនុវត្ដផ្ទាល់លើការផ្ដិតយករូបភាពសត្វស្លាបនៅតំបន់ដីសើម និងជួយបង្កើនសមត្ថភាពដល់មន្ត្រីឧទ្យានុរក្សនៃតំបន់រ៉ាមសារទាំងពីរក្នុងការកំណត់អត្តសញ្ញាណសត្វស្លាប និងការកត់ត្រាទិន្នន័យពីរបាយសត្វស្លាបដែលមាននៅក្នុងតំបន់រ៉ាមសារទាំងពីរឱ្យស្របតាមបច្ចេកទេស និងមានប្រសិទ្ធភាពជាងមុន៕