ភ្នំពេញៈ កម្ពុជាបានស្វាគមន៍ផែនការបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤នៅកម្ពុជា ដែលផ្តួចផ្តើមដោយសាជីវកម្ម SNC Former Public Company Ltd របស់ថៃ ដោយសារគម្រោងនេះអាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ បានស្វាគមន៍ផែនការនេះ ក្នុងឱកាសលោកដឹកនាំមន្ត្រីការទូតចុះបំពេញទស្សនកិច្ចសិក្សាខ្សែចង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុន SNC Former Public Company Ltd ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ច នាថ្ងៃទី១៣ ខែសីហា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានដកស្រង់សម្ដី លោក អ៊ូក សោភ័ណ ថា គម្រោងបង្កើតវិទ្យាស្ថាននេះ ដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
បើតាមស្ថានទូតកម្ពុជា លោក Somchai Thaisa-nguanvorakul ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន SNC Former Public Company Ltd ថ្លែងថា ក្រុមហ៊ុនរបស់លោកធ្លាប់បានសិក្សាលើវិស័យជាច្រើននៅកម្ពុជា រាប់តាំងពីការគ្រប់គ្រងកាកសំណល់រហូតដល់ថាមពលកកើតឡើងវិញ ហើយឥឡូវក៏មានបំណងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដាស្វ័យប្រវត្តិទំនើបមួយ សម្រាប់បំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា ដើម្បីគាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។
សាជីវកម្ម SNC Former Public Limited Company Ltd បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូប៉ូត (Robot) ភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន រថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជនដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ និងតំបន់អាស៊ី៕