កំពង់ធំៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនាប្រាសាទសម្បូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងខេត្តកំពង់ធំមានកំណើនឡើងវិញ ខណៈប្រជាសហគមន៍ក្នុងមូលដ្ឋានមានការយល់ដឹងច្រើនជាងមុនដោយឈប់ទន្ទ្រានព្រៃ និងបរបាញ់សត្វហើយងាកមកប្រកបមុខរបរផ្សេងជំនួសវិញ។
លោក ចេង ចិន្តា មគ្គុទ្ទេសក៍ទេសចរណ៍នៅប្រាសាទសម្បូរព្រៃគុកនិងជាអ្នកកត់ត្រាទិន្នន័យចំនួនភ្ញៀវទេសចរ ១ រូបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បានចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលប្រមាណ៤ខែចុងក្រោយនេះ បន្ទាប់ពីខ្សត់ភ្ញៀវប្រមាណ ២ ឆ្នាំ ក្នុងអំឡុងកូវីដ ១៩។
លោកថា៖ «ក្នុងនោះភ្ញៀវបែងចែកទៅតាមថ្ងៃផងដែរ បើថ្ងៃសៅរ៍-អាទិត្យ សម្បូរភ្ញៀវខ្មែរ ជួនកាលសិស្ស និងនិស្សិតមកពីភ្នំពេញក្នុង ១ ថ្ងៃខ្ទង់ពាន់នាក់ ជួនកាល ៣០០ ទៅ ៥០០ នាក់។ ប៉ុន្តែបើនិយាយពីភ្ញៀវបរទេសវិញមានការកើនឡើងដែរ ក្នុង ១ ថ្ងៃជាមធ្យមភាគ ២០ នាក់ ខ្លះ ៤០ នាក់ ខ្លះអត់ ព្រោះខ្ញុំជាអ្នកបូកចំនួនភ្ញៀវប្រចាំខែ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រគល់ឱ្យមន្ទីរទេសចរណ៍ខេត្ត»។
លោកបន្តថា កំណើនភ្ញៀវទេសចរនេះ គឺជាក្តីសង្ឃឹមរបស់ប្រជាសហគមន៍ដែលប្រកបរបរលក់ដូរនិងផលិតផលអនុស្សាវរីយ៍និងបង្កើនចំណូលជូនរដ្ឋផងដែរ។លោកថា៖«ភ្ញៀវបរទេសមកគាត់ត្រូវការទិញសំបុត្រក្នុងម្នាក់ ១០ ដុល្លារ ហើយពេលខ្លះគាត់ត្រូវការប្រើប្រាស់សេវាសហគមន៍ដូចជាអ្នកនាំផ្លូវ ផ្ទះសំណាក់ ជួលកង់ រទះគោ ជាពិសេសគាត់ត្រូវការអ្នកបកប្រែមុនគេ ព្រោះគាត់ជាអ្នកពន្យល់ពីប្រវត្តិសាស្ត្រ»។
លោកឱ្យដឹងថា ជនបរទេសដែលទៅទស្សនា និងស្វែងយល់នៅប្រាសាទសម្បូរព្រៃគុកភាគច្រើនមកពីបារាំង ជប៉ុន ដោយសារតំបន់នេះ បារាំងជាអ្នកសរសេរប្រវត្តិសាស្ត្រ ។
លោក ចេង ចិន្តា ឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៤ខែចុងក្រោយនេះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧០០ ទៅ ៨០០ នាក់ ចំណែកភ្ញៀវជាតិប្រមាណ ៧ ពាន់ទៅ ៨ ពាន់នាក់។
អ្នកស្រី ញ៉ូវ ឈឿន អាយុ ៤៨ ឆ្នាំ ដែលប្រកបរបរលក់ផលិតផលក្នុងស្រុកបានថ្លែងថា អ្នកស្រីពិតជារំភើបនៅពេលភ្ញៀវមកលេងម្តងៗដែលអាចជួយបង្កើនចំណូលប្រចាំថ្ងៃ។
អ្នកស្រីថា៖ «លក់ដូរអាស្រ័យលើភ្ញៀវ ថ្ងៃខ្លះរកបាន ៥ ម៉ឺនរៀល ខ្លះ ២ ម៉ឺន បើអត់ភ្ញៀវរកមិនបានទេ ប៉ុន្តែអ្នកផ្សេងគេពូកែលក់ខ្លះរកបាន ១០ ម៉ឺនរៀល »។
អ្នកស្រីបន្តថា ពីមុនក្នុងគ្រួសារអ្នកស្រីប្រកបមុខរបរបរបាញ់សត្វ ប៉ុន្តែក្រោយពីប្រាសាទសម្បូរព្រៃគុកចូលជាសមត្តិបេតិកភណ្ឌក៏កែប្រែមុខរបរមកចិញ្ចឹមសត្វក្នុងស្រុក ធ្វើស្រែនិងលក់នំជូនភ្ញៀវទេសចរវិញ។ អ្នកស្រីថា៖ «បច្ចុប្បន្នយើងចិញ្ចឹមគោ និងធ្វើស្រែ ហើយឆ្លៀតពេលទំនេរលក់គ្រាប់ស្វាយចន្ទី សម្បុកអង្ក្រង ប៉ុន្តែបើប្រៀបធៀបពីមុន ជីវភាពពេលនេះធូរធារគ្រាន់បើ»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានដែលជាផ្នែកមួយនៃដំណោះស្រាយនៃការពង្រឹងប្រសិទ្ធភាពទៅលើការងារការពារនិងអភិរក្សធនធានធម្មជាតិ។
លោកបន្តថា ជាក់ស្តែងកម្ពុជាមានសក្តានុពលទេសចរណ៍ស្រាប់ហើយ ប៉ុន្តែកត្តាសំខាន់មួយទៀតគឺធនធានមនុស្សនិងកត្តាខ្វះចំណេះដឹង ខណៈបច្ចុប្បន្នក្រសួងកំពុងគាំទ្រផ្នែកបច្ចេកទេសបន្ថែមដល់សហគមន៍។
លោកថា៖ «យើងចុះជួបសហគមន៍ គាត់បានបង្ហាញសុដ្ឋិនិយមដោយសារតែមានសក្តានុពលទេសចរណ៍រៀងៗខ្លួន អ៊ីចឹងយើងបានផ្តល់នូវការជួយគាំទ្របន្ថែមលើផ្នែកបច្ចេកទេសដើម្បីឱ្យគាត់អាចអភិវឌ្ឍកាន់តែមានការរីកចម្រើនថែមទៀត ហើយទាញសក្តានុពលបន្ថែមទៀត ដើម្បីទាក់ទាញនូវចំណូល »។
លោកបានបញ្ជាក់ថា ការបង្កើតនូវជម្រើសដល់ប្រជាសហគមន៍ផ្នែកទេសចរណ៍ពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច ការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំផ្សេងៗគឺជាផ្នែកមួយនៃការជួយសេដ្ឋកិច្ចគ្រួសារឈានដល់ការលុបបំបាត់បទល្មើសធនធានធម្មជាតិ។
លោក ឈិត សំអាត ប្រធានគម្រោង USAID ព្រៃឡង់បៃតង បានថ្លែងថា កន្លងមកគម្រោងព្រៃឡង់បៃតងបានផ្តល់ការគាំទ្រដល់សហគមន៍ជាច្រើនតាមរយៈជំនួយថវិកាខ្នាតតូចជាកញ្ចប់ពី៥ពាន់ទៅ១ម៉ឺនដុល្លារក្នុង១សហគមន៍ដើម្បីឱ្យពួកគាត់ប្រើប្រាស់ក្នុងការចុះល្បាតនិងពង្រឹងមុខរបរដូចជាជួយលើអេកូទេសចរណ៍។
លោកថា៖ «យើងធ្វើម៉េចឱ្យប្រែក្លាយតំបន់គាត់ទៅជាតំបន់ទេសចរណ៍ដែលអាចមានចំណូល ឧទាហរណ៍នៅសម្បូរព្រៃគុកនេះយើងបានជួយគាត់ផ្តល់ជា ទាទឹក កង់ អ៊ីចឹងភ្ញៀវមកគាត់អាចជួលពីសហគមន៍ហើយគាត់អាចរកប្រាក់ចំណូល មួយទៀតគឺយើងបានជួយសមត្ថភាពបណ្តុះបណ្តាលគាត់ផ្នែកចម្អិនម្ហូប អនាម័យនិងការទទួលភ្ញៀវ អ៊ីចឹងជម្រើសជីវភាពនេះមានសារៈសំខាន់ណាស់ដើម្បីកាត់បន្ថយសម្ពាធទៅលើសត្វព្រៃ និងព្រៃឈើ»។
ប្រធានសហគមន៍ទេសចរណ៍រស្មីភូមិពីរគិរីបឹងក្រញាក នៅស្រុកសណ្តាន់ លោក សរ យាំ បានថ្លែងថា នៅមុនឆ្នាំ២០០០ប្រជាហគមន៍មានការកាប់ព្រៃវិលជុំនិងចូលព្រៃបរបាញ់សត្វដែលជាមុខរបរប្រចាំថ្ងៃ។ ប៉ុន្តែបន្ទាប់ពីមានអង្គការនិងស្ថាប័នរដ្ឋាភិបាលចុះផ្សព្វផ្សាយអំពីសារៈសំខាន់នៃធនធានធម្មជាតិ ប្រជាសហគមន៍បានងាកមកបម្រើវិស័យទេសចរណ៍វិញនិងធ្វើស្រែចម្ការ។
លោកថា៖«បច្ចុប្បន្នសហគមន៍មានបម្រើសេវាវិស័យទេសចរណ៍ដូចជា ការស្នាក់នៅ ការជិះទូក ជិះកង់ តូបលម្ហែកាយ ការដើរព្រៃគយគន់បក្សាបក្សី គយគន់ទេសភាពថ្ងៃរៀបលិច និងមើលតំបន់វប្បធម៌ប្រវត្តិសាស្ត្រជាដើម។ពីមុនមានការដាក់អន្ទាក់និងប្រើអាវុធចាប់សត្វពង្រូ ឈ្លូស ជ្រូកព្រៃ និងចាប់សត្វស្វា ប៉ុន្តែឥឡូវឈប់ចូលបរបាញ់សត្វយូរហើយ...បើមានមែន ភាគច្រើនជាអ្នកភូមិផ្សេងដែលគាត់មិនទាន់បានយល់»៕