តាកែវៈ មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ការដាំកូនឈើឡើងវិញ លើផ្ទៃដីទំហំ ៥០០ ហិកតា ដែលត្រូវបានឈូសឆាយនៅតំបន់ភ្នំតាម៉ៅ នឹងត្រូវដាំឱ្យបានរួចរាល់ ក្នុងរយៈពេល ១ ខែ ខណៈចាប់តាំងពីថ្ងៃទី ៨ រហូតមកដល់ថ្ងៃទី ១៣ ខែសីហា ក្រុមការងាររដ្ឋបាលព្រៃឈើបានសម្អាតដីសម្រាប់ដាំកូនឈើបានទំហំ ២៦៥ ហិកតា និងបានដាំកូនឈើលើផ្ទៃដីចំនួន ១១១ ហិកតារួចហើយ។
លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែសីហាថា គិតត្រឹមថ្ងៃទី ១៣ ខែសីហា ក្រុមការងាររដ្ឋបាលព្រៃឈើបានសម្អាតដីសម្រាប់ដាំកូនឈើសរុបទំហំ ២៦៥ ហិកតា និងបានដាំកូនឈើចំនួនលើផ្ទៃដីចំនួន ១១១ ហិកតា។
ការដាំកូនឈើឡើងវិញនេះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស វិស័យឯកជន និងព្រះសង្ឃផងដែរ។ ដើម្បីថែរក្សាការពារទីតាំងដាំកូនឈើនេះឱ្យដុះលូតលាស់បានល្អ រដ្ឋបាលព្រៃឈើ នឹងធ្វើរបងព័ទ្ធជុំផ្ទៃដីដែលបានដាំឈើរួច ហើយទៅថ្ងៃអនាគត ក្រៅពីការទស្សនាសួនសត្វភ្នំតាម៉ៅ អ្នកទៅលេងតំបន់នោះក៏អាចទៅកម្សាន្តទីតាំងដែលបានដាំកូនឈើឡើងវិញនេះផងដែរ។ ។
លោកបញ្ជាក់ថា៖ «អ្នកចូលរួមដាំកូនឈើ មានរដ្ឋបាលព្រៃឈើ អគ្គបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុន ម៉ុង ឫទ្ធី រដ្ឋបាលខេត្តតាកែវ សាកលវិទ្យាល័យឥទ្រ្ទវិជ្ជា ប្រជាពលរដ្ឋ និងព្រះសង្ឃ។ តាមការគ្រោងទុក នឹងដាំឱ្យបានរួចរាល់លើផ្ទៃដីទំហំ ៥០០ ហិកតា ក្នុងរយៈពេល ១ ខែ»។
សាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានប្រកាសផ្តល់កូនឈើប្រណីតចំនួន ៤ ៥០០ ដើម សម្រាប់ដាំស្តារព្រៃឈើឡើងវិញ នៅតំបន់ភ្នំតាម៉ៅ។ តាមរយៈការអំពាវឱ្យចូលរួមដាំ និងផ្តល់កូនឈើពីលោក ដួង តារា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លើបណ្តាញសង្គមហ្វេសប៊ុក មានអ្នកចូលរួមផ្តល់កូនឈើបន្ថែមរហូតដល់ចំនួន ៨ ៥០០ ដើម ត្រូវបានយកទៅដាំកាលពីថ្ងៃទី ១០ ខែសីហា ដែលមានអ្នកចូលរួមដាំប្រមាណជាង ៣០០នាក់។
ក្រៅពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅមានលោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ទៅចូលរួមដាំ និងផ្តល់ដើមឈើចំនួន ៣ ២២០ ដើម សម្រាប់ដាំឡើងវិញក្នុងតំបន់សួនសត្វភ្នំតាម៉ៅផងដែរ។ តាមហ្វេសប៊ុកលោក ម៉ុង ឫទ្ធី ដើមឈើទាំងនោះត្រូវ បានយកទៅដាំនៅថ្ងៃទី ៨ ខែសីហា។ លោក ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ផងដែរថា នឹងបញ្ជូនដើមឈើទៅបន្ថែមទៀត រហូតដាំដុះបានពេញដីដែលបានឈូសឆាយនោះ។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានបំផុសឱ្យមានការចូលរួមដាំដើមឈើនៅឧទ្យានធម្មជាតិនិងវប្បធម៌ភ្នំតាម៉ៅផងដែរ។ លោកសរសេរលើហ្វេសប៊ុកនៅថ្ងៃទី ១១ ខែសីហាថា នៅភ្នំពេញនិងតំបន់ជុំវិញលែងមានព្រៃដែលមានទំហំរាប់រយហិកតាទៀតហើយ គឺនៅសល់តែតំបន់ភ្នំតាម៉ៅមួយទេ។
លោកបញ្ជាក់ថា៖ «ការពង្រីកទីក្រុងភ្នំពេញដោយផ្សារភ្ជាប់ជាមួយការអភិរក្ស និងអភិវឌ្ឍព្រៃឈើនៅតំបន់ភ្នំតាម៉ៅឱ្យក្លាយជាឧទ្យានបៃតង ជាយុទ្ធសាស្រ្តល្អបំផុតសម្រាប់សុខុមាលភាពប្រជាពលរដ្ឋ សម្រាប់វិស័យទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ។ យើងរួមគ្នាគាំទ្រឱ្យមានឧទ្យានធម្មជាតិនិងវប្បធម៌ភ្នំតាម៉ៅ»។
លោកលើកឡើងថា នៅតំបន់ជាយក្រុងនៅប្រទេសជាច្រើនគេចូលចិត្តទុកព្រៃឬរៀបចំជាសួនសាធារណ:។ ឧទាហរណ៍នៅផ្នែកខាងលិចទីក្រុងប៊ែឡាំងមានឧទ្យានមួយឈ្មោះថា Grunewald ដែលមានទំហំ ៣ ០០០ ហិកតា សម្រាប់ប្រជាពលរដ្ឋនិងទេសចរទៅលំហែកាយ។ ចំណែកនៅទីក្រុងឡុងដ៍មានឧទ្យានធំមួយឈ្មោះ Hyde Park ឯនៅបាងកកមានសួន Lumpini នៅហាណូយមានសួនឡេនីន ។ល។
លោកគូសបញ្ជាក់ថា តំបន់ជើងភ្នំតាម៉ៅ ដែលឈូសឆាយហើយ គួរតែអភិវឌ្ឍឱ្យក្លាយជាឧទ្យានរុក្ខជាតិធំជាងគេ (Botanical Garden) សម្រាប់ផលប្រយោជន៍សាធារណ: ដូចជាបរិស្ថាន ទេសចរណ៍ សុខភាព ការសិក្សាស្រាវជ្រាវ និងការអភិរក្សជីវចម្រុះ (រុក្ខជាតិនិងសត្វ) រាប់ពាន់មុខ៕