ភ្នំពេញៈ ថ្វីដ្បិតតែក្នុងរដូវវស្សា មានភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំង រលកសមុទ្រធំៗ ប៉ុន្តែការនេសាទចាប់ ក្ដាមនៅតែបន្ត ដើម្បីផ្គត់ផ្គង់ដល់អ្នកបរិភោគនៅគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា។ ជាមធ្យមក្ដាមសេះប្រមាណជាង ៥ តោន ក្នុង ១ ថ្ងៃ ត្រូវបានប្រជានេសាទក្នុងខេត្តនៃតំបន់ឆ្នេរចាប់លក់បោះដុំ និងលក់រាយទៅឱ្យក្រុមអាជីវករយកទៅលក់បន្តនៅទូទាំងប្រទេស។
យោងតាមការអះអាងរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ក្នុងវិស័យជលផល ក្ដាមមេ ១ ក្បាល មានពងជាង ១ លានគ្រាប់ ហើយអត្រាញាស់ជាកូនក្ដាម និងអាចរស់រានរហូតដល់ធំក្លាយជាក្ដាមជំទង់ ដែលអាចបង្កាត់ពូជបានវិញនោះ មានប្រមាណ ៤០ ភាគរយ។
ទោះជាបែបណាក៏ដោយ ការចាប់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ អាចធ្វើឱ្យធនធានក្ដាមសេះនៅក្នុងប្រទេសកម្ពុជាធ្លាក់ចុះ ឬអាចឈានទៅរកការបាត់បង់ពូជក្ដាមសេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតបាន ប្រសិនបើគ្មានការការពារនិងអភិរក្សក្ដាមមេពូជឱ្យបានល្អទេនោះ។ ប៉ុន្តែតាមរយៈគម្រោងធនាគារក្ដាម ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ ដោយសហគមន៍នេសាទចំនួន ២៨ ក្នុងខេត្តជាប់មាត់សមុទ្រ ដូចជាខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង បានធ្វើឱ្យទិន្នផលក្ដាមសេះក្នុងប្រទេសកម្ពុជា «ចាប់មិនចេះអស់»។ នេះបើតាមការអះអាងរបស់ប្រជានេសាទ និង មន្ត្រីជំនាញក្នុងវិស័យនេះ ។
តើធនាគារក្ដាម ពិតជាបានចូលរួមបង្កើនចំនួនក្ដាមនៅក្នុងស្តុកធម្មជាតិមែនឬ? តើប្រជានេសាទក្នុងតំបន់ឆ្នេរ ត្រូវបំពេញកាតព្វកិច្ចអ្វីខ្លះ ដើម្បីឱ្យធនធានក្ដាមសេះអាចចាប់បានក្នុងចំនួនដ៏ច្រើនបែបនេះ បានប្រកបដោយនិរន្តរភាព?
ជុំវិញបញ្ហានេះ លោក ចក់ វិនាថ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ធនាគារក្តាមមានដើមកំណើតនៅប្រទេសជប៉ុន នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៨០។ ការបង្កើតធនាគារក្តាម គឺដើម្បីបង្កើនផលក្តាមក្នុងស្តុកធម្មជាតិ និងដើម្បីធានាការប្រើប្រាស់ធនធានក្តាម ប្រកបដោយនិរន្តរភាព ដោយទុកឱ្យក្តាមដែលមានពង ជម្រុះពងចេញសិន មុនពេលធ្វើការលក់ដូរ។
លោកបានបន្តថា ក្ដាមមេមួយក្បាលមានពងដល់ទៅ ១,២ លានគ្រាប់ ដែលពងទាំងនេះអាចញាស់បានដល់ទៅ ៨០ ភាគរយ ហើយអត្រារស់រានដល់ធំពេញវ័យប្រមាណ ៤០ ភាគរយ ប្រសិនបើមានការការពារ និងអភិរក្សវាបានល្អ។ ក្នុងគោលដៅអភិរក្សធនធានសមុទ្រប្រកបដោយនិរន្តរភាព សម្រាប់ការទ្រទ្រង់ជីវភាពប្រចាំថ្ងៃឱ្យមានភាពប្រសើរឡើង សហគមន៍នេសាទនីមួយៗ ត្រូវរៀបចំដាក់លូប្រអប់សិប្បនិមិត្ត នៅក្នុងតំបន់ដែនអភិរក្សស្មៅសមុទ្ររបស់ខ្លួន ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់ធ្វើជាជម្រកលាក់ខ្លួនរបស់ពពួកក្ដាម ត្រី និងសត្វសមុទ្រផ្សេងទៀតរស់នៅ និងបង្កាត់ពូជ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងសហគមន៍នេសាទមួយ បើមានការចូលរួមបរិច្ចាគ ក្ដាមមេពូជដែលមានពងឱបជាប់ខាងក្រៅស្នូកចំនួន ១ ០០០ ក្បាល ក្នុង ១ ឆ្នាំ ដើម្បីភ្ញាស់ពងរបស់វា ហើយយកកូនក្ដាមដែលញាស់ទៅលែងក្នុងតំបន់ការពារនិងអភិរក្សរបស់សហគមន៍ ក្រោយពីពួកវា មានអាយុជាង ១ សប្ដាហ៍នោះ យើងនឹងមានក្ដាមក្នុងរង្វង់មិនតិចជាង ៣០ លានក្បាលឡើយ ក្នុង ១ ឆ្នាំៗ»។
បើតាមលោក វិនាថ នៅក្នុងខេត្តកែប មានសហគមន៍នេសាទចំនួន ៣ ដែលបានរួមគ្នាបង្កើតគម្រោងធនាគារក្ដាម ក្នុងនោះរួមមានសហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទអង្កោរ និងសហគមន៍នេសាទអូរក្រសា។
លោកបានបន្តថា មានវិធីសាស្ត្រ៣ប្រភេទ រួមមានការបរិច្ចាគក្តាម ការទិញក្តាមដែលមានពង និងការបង្កើតជាឥណទាន ត្រូវបានគេយកមកអនុវត្តក្នុងគម្រោងធនាគារក្តាម។ សមាជិកធនាគារក្តាមរបស់សហគមន៍ ត្រូវបានជ្រើសរើសដោយផ្អែកទៅលើសមត្ថភាពនៃការនេសាទ សមត្ថភាពក្នុងការសងឥណទាន និងឆន្ទៈក្នុងការផ្តល់ឱ្យនូវក្តាមដែលមានពងចំនួន ១ ក្បាល រៀងរាល់ ២-៣ ថ្ងៃម្ដង។
ប្រធានធនាគារក្តាមនៃសហគមន៍នេសាទភូមិថ្មី លោក ប្រាក់ សាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចាប់តាំងពីឆ្នាំ ២០០៨ មក សហគមន៍មានសមាជិកចំនួន ២៨ គ្រួសារ បានចូលរួមនៅក្នុងគម្រោងធនាគារក្ដាម ដែលគាំទ្រដោយអង្គការ CORIN FAO និង EU តាមរយៈខណ្ឌរដ្ឋបាលជលផលខេត្តកែប។ សមាជិកទាំងអស់ត្រូវបានតម្រូវឱ្យបរិច្ចាគក្ដាមមេ ដែលមានពងខាងក្រៅស្នូក ចំនួនពី ១០-១៥ ក្បាល ក្នុង ១ ខែ ដើម្បីភ្ញាស់ និងយកទៅលែងក្នុងតំបន់អភិរក្សស្មៅសមុទ្ររបស់សហគមន៍។ ចាប់តាំងពីនោះមក ទិន្នផលក្តាម មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងពេលមិនទាន់មានធនាគារក្តាម។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នក្តាមបានកើនឡើងច្រើនជាងមុន ព្រោះយើងលែងកូនក្ដាម ដែលយើងបានភ្ញាស់ទៅក្នុងតំបន់អភិរក្សស្មៅសមុទ្រធម្មជាតិរាប់លានក្បាលក្នុង ១ ឆ្នាំៗ។ ម្យ៉ាងទៀតពីមុនទូកនេសាទមួយអាចចាប់ក្ដាមបានប្រមាណ ១០ គីឡូក្រាមក្នុង ១ ថ្ងៃ ដោយប្រើលបចាប់ក្ដាមចំនួន ១ ពាន់ តែឥឡូវគេអាចចាប់ក្ដាមបានដល់ ១៥ គីឡូក្រាម ជាមួយនឹងចំនួនលបនិងរយៈពេល ១ ថ្ងៃដូចគ្នា»។
ចំណែកលោក ទិត្យ រីន ប្រធានធនាគារក្ដាមនៃសហគមន៍នេសាទត្រពាំងរពៅ នៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រជានេសាទដែលបានចូលរួមជាសមាជិកធនាគារក្ដាមអាចខ្ចីប្រាក់ពីសហគមន៍ចាប់ពី ៥០ ម៉ឺនរៀល ដល់ ១ លានរៀល ក្នុងរយៈពេលពី ៦ ខែ ទៅ ១ ឆ្នាំម្ដង ដោយមិនគិតអត្រាការប្រាក់ ប៉ុន្តែតម្រូវឱ្យសមាជិកបរិច្ចាគក្ដាមមេ ដែលមានពងចំនួនពី ៤-៦ ក្បាល ក្នុង ១ ខែ អាស្រ័យលើទំហំទឹកប្រាក់ដែលបានខ្ចីពីសហគមន៍។
លោកថ្លែងថា៖ «ក្ដាមមេដែលមានពងនោះ យើងយករក្សាទុកដើម្បីឱ្យវាជម្រុះពង សម្រាប់ភ្ញាស់យកកូនវាទៅលែងក្នុងតំបន់អភិរក្សស្មៅសមុទ្រនិងផ្កាថ្មរបស់សហគមន៍។ ចំណែកមេក្ដាម គឺយើងថែបំប៉នក្នុងរយៈពេល ១ សប្ដាហ៍ក្រោយពីវាជម្រុះពង ដើម្បីលក់យកប្រាក់មកទ្រទ្រង់និងអភិវឌ្ឍសហគមន៍»។
បើតាមការពណ៌នារបស់លោក ទិត្យ រីន ការភ្ញាស់ពងក្ដាម ត្រូវការពេលវេលាយ៉ាងតិចពី ១ សប្ដាហ៍ ទៅ ៣ សប្ដាហ៍ អាស្រ័យលើពណ៌សម្បុររបស់វា បើពងក្ដាមនោះមានពណ៌លឿងគឺជាពងខ្ចី ត្រូវការពេលវេលាប្រមាណ៣សប្ដាហ៍ទើបញាស់ ខណៈពងក្ដាមដែលមានពណ៌លឿងទុំ ត្រូវការពេល២សប្ដាហ៍ទើបញាស់។ ចំណែកពងក្ដាមដែលមានសម្បុរប្រផេះ ត្រូវការពេល ១ សប្ដាហ៍ និង ពងក្ដាមសម្បុរខ្មៅត្រូវការពេលពី៣ទៅ ៥ ថ្ងៃទើបញាស់។
យ៉ាងណាក៏ដោយ នៅក្នុងរដូវកាលនេះ អាកាសធាតុមិនអំណោយផលដល់អ្នកនេសាទសមុទ្រគ្រប់គ្នាឡើយ។ អ្នកដែលមានទូកនិងម៉ាស៊ីនតូចៗ ភាគច្រើនមិនចេញទៅនេសាទនោះទេ ព្រោះមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រធំៗ ដែលអាចបង្កនូវគ្រោះថ្នាក់ដល់អាយុជីវិត។
ថ្វីបើយ៉ាងដូច្នេះក្ដី ការនេសាទក្តាម ដើម្បីទ្រទ្រង់តម្រូវការក្នុងខេត្ត និងលក់ចេញទៅក្រៅ ត្រូវបានធ្វើឡើងជាប្រចាំដោយអ្នកនេសាទសមុទ្រ។ បរិមាណក្តាមសេះជាច្រើនត្រូវបាននេសាទ ហើយនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យឈប់សម្រាក ការផ្គត់ផ្គង់ក្តាមសេះនៅខេត្តកំពត អាចឈានដល់ប្រមាណ ២ តោន ក្នុង ១ ថ្ងៃ។
ប្រជានេសាទនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ លោក គង់ ឆយ អាយុ ៥៦ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រជានេសាទដែលហ៊ានប្រថុយគ្រោះថ្នាក់ ចេញទូកនេសាទទៅរកចាប់ក្ដាមនៅក្នុងរដូវកាលនេះ ពួកគេអាចចាប់ក្ដាមបានច្រើន ហើយយកមកលក់ក៏បានថ្លៃផងដែរ។
លោក ឆយ និយាយថា៖ «ក្នុងរដូវនេះពុំសូវមានអ្នកចេញទៅរកក្ដាមទេ ព្រោះខ្លាចខ្យល់និងរលកសមុទ្របោកពន្លិចទូក ម្ល៉ោះហើយអ្នកដែលគេហ៊ាន គឺគេចាប់ក្ដាមបានច្រើន ហើយលក់ក៏បានថ្លៃផងដែរ គឺក្នុងតម្លៃពី៣ម៉ឺនរៀលទៅ ៦ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម អាស្រ័យទៅលើប្រភេទក្ដាមធំឬតូច»។
អាជីវករលក់ក្ដាមសេះនៅកំពង់ផែកណ្ដាល ដែលមានទីតាំងនៅចម្ងាយប្រមាណ ៣០០ ម៉ែត្រ ពីសាលាខេត្តកំពត អ្នកស្រី កែម ដា អាយុ ៥១ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចាប់តាំងពីមានធនាគារក្ដាមមក ការផ្គត់ផ្គង់ក្ដាមសេះដល់អតិថិជននៅទូទាំងខេត្តនេះគឺគ្រប់គ្រាន់ និងមានសល់ខ្លះសម្រាប់លក់បោះដុំទៅឱ្យអតិថិជនមកពីខេត្តផ្សេងៗ យកទៅលក់បន្តផងដែរ។
អ្នកស្រីបានបញ្ជាក់ថា៖ «បើទោះជានៅក្នុងរដូវវស្សានេះ អាកាសធាតុមិនអំណោយផល ដោយមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រធំ ធ្វើឱ្យអ្នកនេសាទមួយចំនួនមិនអាចចេញទូកទៅនេសាទនៅឆ្ងាយៗបាន ប៉ុន្តែយើងនៅតែមានក្ដាមអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ដដែល»។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅខេត្តកំពតមានសហគមន៍នេសាទចំនួន ៨ បានបង្កើតធនាគារក្ដាម ហើយពាក់ព័ន្ធនឹងធនាគារក្ដាមនេះ ជារៀងរាល់ឆ្នាំ មេក្ដាមដែលពងខាងក្រៅស្នូកជាង ១ ពាន់គីឡូក្រាម ឬស្មើ ១ ម៉ឺនក្ដាម ត្រូវបានសហគមន៍ក្រុមធនាគារក្ដាមប្រមូលយកមកដាក់នៅក្នុងបែមួយរយៈដើម្បីជម្រុះពង។
លោកថ្លែងថា៖ «ចំនួននេះមិនតិចនោះទេ បើសិនជាយើងគណនាមេក្ដាម ១ ក្បាល មានពង ១,២ លានគ្រាប់ ហើយអត្រាញាស់ជាកូនក្ដាមបាន ៨០ ភាគរយ និងអត្រារស់ធំធាត់ដល់ពេញវ័យ ៤០ ភាគរយ អ៊ីចឹងកូនក្ដាមដែលសហគមន៍យកទៅលែងនៅក្នុងតំបន់ស្មៅសមុទ្រ និងផ្កាថ្មក្នុងដែនសមុទ្រខេត្តកំពត ដើម្បីឱ្យរស់នៅតាមបែបធម្មជាតិវិញនោះ មិនក្រោមពី ៣០០ លានក្បាលនោះទេ ក្នុង ១ ឆ្នាំ»។
ទោះជាយ៉ាងនេះក្ដី អាជីវករលក់គ្រឿងសមុទ្រនៅតំបន់ឆកវាលរេញ ក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកស្រី វ៉ាន់ ស្រីអេង បាននិយាយថា តម្រូវការក្ដាមនាពេលបច្ចុប្បន្ន មានការកើនឡើងទ្វេដង បើធៀបទៅនឹង ៤-៥ឆ្នាំមុន។ ដើម្បីបំពេញតម្រូវការរបស់អតិថិជន អ្នកនេសាទមួយចំនួន បានល្មើសនឹងបម្រាមរបស់រដ្ឋបាលជលផល និងកិច្ចព្រមព្រៀងរបស់សហគមន៍ដែលមិនអនុញ្ញាតឱ្យចាប់ក្ដាមតូចៗយកមកលក់នៅលើទីផ្សារ។
អ្នកស្រីថ្លែងថា៖ «ការចាប់កូនក្ដាមតូចៗយកមកលក់ នឹងធ្វើឱ្យទិន្នផលក្ដាមថយចុះ ជាពិសេសការលក់ដូរក្ដាមមេដែលមានពងនៅក្រៅស្នូកជិតនឹងញាស់ គឺជាមហន្តរាយដ៏ធំបំផុត»។
ដោយសារមានបែសម្រាប់ជម្រុះពងក្ដាម និងអាងចិញ្ចឹមក្ដាមទំហំ ១០ម x ២០ម នៅជាប់មាត់ឆ្នេរនៃតំបន់ឆកវាលរេញ អ្នកស្រី វ៉ាន់ ស្រីអេង បានប្រមូលទិញក្ដាមតូចៗ និងក្ដាមដែលមានពងខាងក្រៅស្នូកយកមករក្សាទុកក្នុងបែ និងអាងរបស់ខ្លួន ដើម្បីជម្រុះពងចេញនិងថែបំប៉នឱ្យធំធាត់ សម្រាប់លក់ដល់អតិថិជន។
អ្នកស្រីបានថ្លែងថា៖ «ពងក្ដាមដែលញាស់ ខ្ញុំប្រគល់ឱ្យទៅខាងសហគមន៍ក្រុមធនាគារក្ដាមក្នុងតំបន់កោះខ្យងនិងឆកវាលរេញខ្លះ ដើម្បីយកទៅលែងនៅក្នុងសមុទ្រឱ្យរស់នៅតាមបែបធម្មជាតិ និងរក្សាទុកចិញ្ចឹមខ្លួនឯងខ្លះ ដើម្បីលក់ដូរដល់អតិថិជននៅពេលវាធំ»។
ស្រដៀងគ្នានេះ លោក ឆឹង ចេង ប្រធានសហគមន៍នេសាទជ្រោយប្រោះ ក្នុងខេត្តកោះកុង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជាទូទៅនៅក្នុងរដូវភ្លៀងធ្លាក់ អ្នកនេសាទភាគច្រើនមិនចេញទូកទៅណាឆ្ងាយពីតំបន់នេសាទរបស់សហគមន៍នោះទេ ហេតុដូច្នេះហើយពួកគេក៏មិនអាចចាប់បានក្ដាមសេះធំៗនោះដែរ។
លោក ឆឹង ចេង បាននិយាយថា៖ «បច្ចុប្បន្ន នៅខេត្តកោះកុង ចាប់បានតែក្ដាមថ្មតូចៗ មិនសូវបានក្ដាមសេះនោះទេ ព្រោះប្រជានេសាទយើងមិនហានចេញទូកទៅឆ្ងាយៗ ព្រោះខ្លាចជួបព្យុះបក់ពន្លិចទូក»។
បើតាមលោក ឆឹង ចេង ប្រជានេសាទដែលមានទូកធំៗ គឺគេទៅរកនៅតាមប្រជុំកោះទឹកជ្រៅ គេចាប់បានក្ដាមធំៗច្រើនដែរ ប៉ុន្តែ ២-៣ ថ្ងៃម្ដង ទើបពួកគេត្រឡប់ចូលផែទូកវិញ ដូច្នេះហើយការផ្គត់ផ្គង់ក្ដាមសេះនៅក្នុងខេត្តកោះកុង នារដូវភ្លៀងធ្លាក់នេះ មានថ្ងៃខ្លះខ្វះខាត ថ្ងៃខ្លះទៀតក៏គ្រប់គ្រាន់តាមតម្រូវការ។
លោកបានបន្ថែមថា ជាទូទៅនៅក្នុងរដូវកាលនេះ អ្នកខេត្តកោះកុង និយមហូមក្ដាមថ្ម ជាងក្ដាមសេះ ព្រោះវាសម្បូរនិងធូរថ្លៃជាងក្ដាមសេះ ប៉ុន្តែចាប់ពីខែវិច្ឆិកាដល់ខែមិថុនា គេនិយមហូមក្ដាមសេះ ជាពិសេសនៅក្នុងរដូវរំហើយ ព្រោះក្ដាមវាធាត់ មានសាច់និងខ្លាញ់ច្រើន៕