ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានសាកល្បងដាក់បញ្ចូលមុខវិជ្ជាទាក់ទងនឹងហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាទៅដល់សាលាក្នុងខេត្តគោលដៅចំនួន ៣ គឺខេត្តកំពង់ចាម កំពត និងខេត្តសៀមរាប ចាប់ពីកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី១២។
ក្នុងពេលចុះត្រួតពិនិត្យការបង្រៀនសាកល្បង ការបញ្ជ្រាបខ្លឹមសារ ចំណេះដឹងហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សានៅតាមសាលានានាក្នុងខេត្តសៀមរាប កាលពីសប្តាហ៍មុន លោក ម៉ុក សារ៉ុម អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និងជាប្រធានក្រុមការងារការបញ្ជ្រាបខ្លឹមសារចំណេះដឹង ហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការងារអក្ខរកម្មជាទូទៅ ទាក់ទងការរៀន និងបង្រៀនអក្សរ លេខនព្វន្ត។
លោកថា៖ «ទន្ទឹមនេះ ការងារអក្ខរកម្ម ជាបរិវត្តកម្មដែលមានវិសាលភាពគ្របដណ្តប់ដល់អក្ខរកម្មហិរញ្ញវត្ថុ ពត៌មានវិទ្យា និងភាសាបរទេសជាដើម ក្នុងការឆ្លើយតបចំពោះបរិបទឧស្សាហកម្ម ៤.០។ ក្នុងន័យនេះ ក្រសួងអប់រំ បាននិងកំពុងបន្តកិច្ចសហការវិជ្ជមានជាមួយក្រសួង-ស្ថាប័ន ដូចជាធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ»។
កម្មវិធីនេះ គឺដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ដោយបញ្ជ្រាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុលើ ៤ មុខវិជ្ជា រួមមាន គណិតវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា បំណិនជីវិត តាមមូលដ្ឋាន និងសេដ្ឋកិច្ច-គេហវិទ្យា ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
ជាមួយគ្នានេះ ក្រសួងបានរៀបចំសៀវភៅគ្រូ ផ្នែកចំណេះដឹងហិរញ្ញវត្ថុ, បានបណ្តុះបណ្តាលគ្រូបង្គោលផ្នែកចំណេះដឹងហិរញ្ញវត្ថុមកពី ៣ ខេត្ត គឺខេត្តកំពង់ចាម ខេត្តកំពត និងខេត្តសៀមរាប និងបានបង្រៀនសាកល្បងការបញ្ជ្រាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅតាមខេត្តគោលដៅទាំងនេះ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា ថ្លែងថា នេះគឺជារឿងល្អមួយដែលក្រសួងសម្របសម្រួលចាប់ផ្តើមឱ្យមានការបញ្ជ្រាបកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សារដ្ឋ ដើម្បីឱ្យពួកគេមានចំណេះដឹងមូលដ្ឋានគ្រឹះពីតូចទៅ។
លោកថា៖ «ជាកម្មវិធីល្អប្រសើរទាក់ទងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យសិស្សានុសិស្សអនុវត្តកិច្ចការប្រតិបត្តិក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ ហើយចំណេះដឹងនេះអាចចាប់ផ្តើមការរៀនពីតូចទៅ»។
ប៉ុន្តែលោកថា ដោយសារជាកម្មវិធីថ្មី និងជាដំណាក់ការសាកល្បងដំបូង គឺមិនទាន់ប្រព្រឹត្តទៅដោយរលូននោះទេ ខណៈលោកកំពុងរកវិធីកែលម្អបន្ថែម ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាតាមមុខវិជ្ជា។
លោកថា៖ «ការអនុវត្តសាកល្បងជំហានដំបូងជួបការលំបាកខ្លះ មិនទាន់ប្រព្រឹត្តទៅដោយរលូនទេ យើងកំពុងរកច្រក ដើម្បីបញ្ចូលកម្មវិធីនេះទៅក្នុងការសិក្សាទៅតាមមុខវិជ្ជា ហើយយើងនឹងកែលម្អឱ្យស្ថានភាពនៃការអនុវត្តឈានទៅដល់ការអនុវត្តនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស»។
លោកបន្តថា ដោយសារមុខវិជ្ជាទាក់ទងនឹងហិរញ្ញវត្ថុជាកម្មវិធីថ្មី លោកបានដាក់បញ្ចូលសាកល្បងនៅគ្រឹះសា្ថនចំនួន២គឺ អនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន រលួស និងសាលាបឋមសិក្សាមុខនាគ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ការដាក់បញ្ចូលកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាគឺជារឿងល្អ ប៉ុន្តែគួរដាក់បញ្ចូលចាប់ពីថ្នាក់ទី៧ ឡើងទៅទើបជាការប្រសើរ។
លោកស្រីថា៖ «ខ្ញុំយល់ថា បើក្រសួងបញ្ចូលចាប់ពីថ្នាក់ទី១ ទៅដូចជាលឿនពេក តាមពិតទៅក្មេងមិនទាន់ចាប់បានអ្វីដែលជាផ្នែកហិរញ្ញវត្ថុទេ អ៊ីចឹងថ្នាក់ទី១ យើងធ្វើយ៉ាងណាឱ្យគាត់ស្គាល់អក្សរសាស្រ្តខ្មែរឱ្យច្បាស់វាល្អពេកហើយ ព្រោះឥឡូវសិស្សខ្លះថ្នាក់ទី៧អត់ទាន់ចេះអាន អក្សរច្បាស់ផង» ។
គោលបំណងនៃការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺដើម្បីជួយសិស្សឱ្យអភិវឌ្ឍមូលដ្ឋាននៃវិជ្ជាសម្បទា និងបំណិនសម្បទា និងចរិយាសម្បទា អំពីការខ្ចីប្រាក់ និងការផ្តល់ប្រាក់កម្ចី ដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេក្នុងការគ្រប់គ្រងប្រាក់៕