ភ្នំពេញៈ អាស៊ាន និងឥណ្ឌា ប្ដេជ្ញាតភ្ជាប់ទំនាក់ទំនងទៅវិញទៅមក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មជ្ឈភាព អាស៊ាន ភាពបើកចំហ តម្លាភាព បរិយាប័ន្ន, អភិបាលកិច្ចល្អ ការគោរពសាមគ្គីភាព ខណៈភាពជាដៃគូនៃអាស៊ាន និងឥណ្ឌា មានលក្ខណៈទូលំទូលាយ និងចូលរួមក្នុងវិស័យយុទ្ធសាស្ត្រជាច្រើន។
នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលត្រូវបានស្រង់សម្តីដោយលោក ឈាង វុន។ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៥ សីហា ពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភានៅសភានៃសាធារណរដ្ឋឥណ្ឌា ដើម្បីរំឭកខួបលើកទី៣០ នៃទំនាក់ទំនងរវាងអាស៊ាន និងឥណ្ឌាចាប់ពីថ្ងៃទី ១១ ដល់ ១២ ខែសីហា ឆ្នាំ ២០២២ ថា ដំណើរទស្សនកិច្ចនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថាប័ននីតិប្បញ្ញត្តិក្នុងការបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងឥណ្ឌា។
លោកបន្តថា ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះកិច្ចប្រជុំជាបន្តបន្ទាប់ត្រូវបានធ្វើឡើងជាមួយសមភាគីរបស់មេដឹកនាំប្រទេសឥណ្ឌា និងឥស្សរជនសំខាន់ៗរបស់ឥណ្ឌា។ បន្ទាប់មកគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោក ស៊ូប្រា-ម៉ានយ៉ាម ជ័យហាន់ខា (Hon''a-ble Di. Subramanyam Jaishankha) រដ្ឋមន្ត្រីការបរទេសឥណ្ឌា។ ក្នុងជំនួបនេះ លោក ស៊ូប្រាម៉ានយ៉ាម ជ័យហាន់ខា ថ្លែងថា ទំនាក់ទំនងរវាងអាស៊ាន និងឥណ្ឌាកំពុងមានវឌ្ឍនភាព នៅក្នុងវិស័យជាច្រើន រួមមានសេដ្ឋកិច្ចសង្គម និងវប្បធម៌ និងសន្តិសុខនយោបាយ។ អាស៊ានជាតំបន់មួយមានទាំងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។
លោកបន្តថា ដើម្បីក្លាយជាសមាជិកសង្កេតការណ៍របស់អាយប៉ា មិនមែនគ្រាន់តែជាជំហានមួយ ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងរវាងអាយប៉ា និងសភាឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកទំនាក់ទំនងរវាងអាស៊ាន និងឥណ្ឌាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់បណ្តាប្រទេសសមាជិកអាស៊ានក្នុងការជំរុញកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ដើម្បីសម្រេចបាននូវលំហូរទំនិញដោយសេរីនៅក្នុងតំបន់ដែលបណ្ដាលឱ្យមានឧបសគ្គតិចតួចដល់ពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ខណៈតម្លៃពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយអាស៊ានបានឈានជិតដល់ ១០០ ពាន់លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋច្ចដ៏រឹងមាំរបស់ឥណ្ឌា និងតំបន់ អាស៊ីអាគ្នេយ៍។
បើតាមលោក ឈាង វុន គណៈប្រតិភូអាយប៉ា ក៏បានចូលជួបសម្តែងការគួរសមជាមួយ លោក ជកឌីប ដងខា (Hon''able Shri Jagdeep. Dhangkhar) អនុប្រធានាធិបតីឥណ្ឌាដែលទើបជាប់ឆ្នោតថ្មី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) ផងដែរ។ លោក ជកឌីប ដងខា ថ្លែងថា ការចូលរួមរបស់អាស៊ាន និងឥណ្ឌាមានលក្ខណៈទូលំទូលាយគ្របដណ្តប់លើសសរស្តម្ភទាំង ៣ របស់អាស៊ាន។ ភាគីទាំង ២ បានបង្ហាញពីកង្វល់ទៅវិញទៅមកដែលរួមមានស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការទូតសភាក៏ដូចជាចេតនាក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹងការផ្លាស់ប្តូរ និងកិច្ចសន្ទនាសភាជាញឹកញាប់។ កិច្ចប្រជុំក៏បានបញ្ជាក់ផងដែរនូវទំនាក់ទំនងរវាងអាយប៉ា និងសភាឥណ្ឌា ដែលបានចូលរួមចំណែកដល់ភាពជាដៃគូយូរអង្វែង និងរឹងមាំរបស់អាស៊ាន និងឥណ្ឌា។
ស្របជាមួយនឹងបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងការពង្រឹងធនធានមនុស្សតាមរយៈការកសាងសមត្ថភាព គណៈប្រតិភូអាយប៉ា ក៏បានចូលរួមក្នុងកិច្ចប្រជុំជាមួយវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលសភាសម្រាប់លទ្ធិប្រជាធិបតេយ្យ (PRIDE)។ កិច្ចប្រជុំនេះបានលើកទឹកចិត្តដល់ភាគីទាំង ២ ក្នុងការស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ សមត្ថភាពសម្រាប់ទាំងតំណាងរាស្ត្រ និងមន្ត្រីសភា។
អាយប៉ា និងសភាឥណ្ឌាមានទំនាក់ទំនងជាផ្លូវការអស់រយៈពេល ១១ ឆ្នាំហើយ គឺចាប់តាំងពីសភាឥណ្ឌាត្រូវបានផ្ដល់ឋានៈជាអ្នកសង្កេតការណ៍របស់អាយប៉ា នៅឯមហាសន្និបាតអាយប៉ាលើកទី ៣១ ក្នុងឆ្នាំ ២០១១។ ទំនាក់ទំនងជិតស្និទ្ធរវាងអាយប៉ា និងសភាឥណ្ឌា សង្កត់ធ្ងន់លើសារៈសំខាន់នៃសភាទាំង ២ ក្នុងការពង្រឹងទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ាន៕