បន្ទាយមានជ័យៈ ​រដ្ឋ​មន្ត្រី​ក្រសួងសាធា​រណ​ការ​និង​ដឹក​ជញ្ជូន​កម្ពុជា​-ថៃ គ្រោង​​ចុះ​ត្រួត​ពិនិត្យ​រួមគ្នា​នូវ​ការ​ដ្ឋាន​សាង​សង់​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ នៅ​ថ្ងៃទី​ ២០ ខែ​ សីហា ឆ្នាំ​ ២០២២ ខាង​មុខ​ ស្រប​ពេល​ការសាង​សង់​ច្រក​ទ្វារ​ព្រំ​ដែន​នេះ​ នា​ពេល​បច្ចុប្បន្ន​សម្រេច​បាន​ជាង ៥០ ​ភាគ​រយ​។​

​ក្រសួង​សាធារ​ណការ​និង​ដឹក​ជ​ញ្ចូ​ន​បាន​អះ​អាង​ថាដំណើរ​ទស្សន​កិច្ច​រប​ស់​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ថៃបាន​ពិនិត្យ​ពិចារ​ណា​លើ​សំណើ​របស់​កម្ពុជា​ឱ្យមាន​ការ​បើក​ប្រើ​ប្រាស់​ជា​បណ្ដោះ​អាសន្ន​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ថៃ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ជួយ​សម្រួល​បញ្ចៀស​ចរាច​រណ៍​របស់​រថ​យន្ត​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំដែន​រវាង​កម្ពុជា ​និង​ថៃ ក៏​ដូច​ជា​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​នៅ​ច្រក​ព្រំ​ដែន​ប៉ោយ​ប៉ែត​-​អារញ្ញ​ប្រា​ថេត នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។​

​លោក​ស្រី កុយ សុ​ដា​នី រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារ​ណការនិង​ដឹក​ជញ្ជូនដែល​បាន​ដឹកនាំ​កិច្ច​ប្រជុំ​មួយ​ដើម្បី​ត្រៀម​ដំណើរ​ទស្សន​កិច្ច​នេះ​កាល​ពី​ថ្ងៃទី ​១៥ ​សីហា​ បាន​ឱ្យដឹងថា​ កិច្ច​ប្រជុំ​នេះ​គឺ​ត្រៀម​រៀបចំ​ដំណើរ​ទស្សន​កិច្ច​រួមគ្នា​ថ្នាក់​រដ្ឋ​មន្ត្រី​កម្ពុជា​-​ថៃ ដើម្បី​ត្រួត​ពិនិត្យ​មើល​ការដ្ឋាន​សាង​សង់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន ​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២០​ ខែ សីហា ឆ្នាំ​ ២០២២​។​

​លោក​ស្រី​បាន​បន្តថា​ ការ​សាង​សង់​ស្ថានីយ​ច្រកទ្វា​រព្រំដែន​ស្ទឹង​បត់និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥ដែល​បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ​ជា​ ៥៤​ ភាគ​រយ​ ហើយ​វឌ្ឍន​ភាព​និង​ការ​សាង​សង់​បញ្ចប់​ផ្លូវ​វាង​ស្នែង​ក្របី ​ទីលាន​ចំណត​យាន​យន្ត ​ការិ​យា​ល័យ​កុង​តឺន័រ​សម្រេច​បាន​ចំនួន​ ៧ និង​បង្គន់​អនា​ម័យចំនួន​ ២​។​

​លោក​ស្រី កុយ សុ​ដា​នី ​បាន​បន្តថា ​ដើម្បី​ដំណើរ​ទស្សន​កិច្ច​នេះ​ប្រ​ព្រឹត្ត​ទៅដោ​យ​រលូន ​ការចុះ​ត្រួត​ពិនិត្យ​ជា​មុននេះ​ដើម្បី​សម្អាត​និង​រៀបចំ​ទីតាំង​ទទួល​បដិ​សណ្ឋារ​កិច្ច​គណៈ​ប្រតិ​ភូ ​ការរៀបចំ​រំហូរ​ចរាចរ​ណ៍និង​ក្បួន​គណៈ​ប្រតិភូ​ឆ្លង​កាត់​ពី​ទឹកដី​ថៃ​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​-​អារញ្ញ​ប្រា​ថេត ​គឺ​ត្រូវ​ធ្វើ​ឱ្យ​រួច​រាល់​។​

​លោក​ស្រី​បាន​បញ្ជាក់​ថា​៖ «​ចំណុច​សំខាន់ៗ​មួយ​ចំនួន​នៃ​កិច្ច​ប្រជុំ​ដែល​រួមមាន ​ការរៀប​ចំ​ឯក​សា​រ និង​ការ​រចនា​ប្លង់​ពាក់​ព័ន្ធ​ ដើម្បី​ចែក​ជូន​គណៈ​ប្រតិភូ​ក្នុង​ពេល​បំពេញ​ទស្សន​កិច្ច​ ដើម្បី​ពិនិត្យ​មើល​លើ​ការរៀប​ចំ​សំណង់​ទាំង​មូល និង​ការ​រៀប​ចំ​ជំនួយ​ស្មារតី​សម្រាប់​ថ្នាក់​ដឹក​នាំ​ពិនិត្យ​»៕