ភ្នំពេញៈ​ អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​(​អគរ​)​ នៅ​ថ្ងៃទី​ ១៦ ​ខែសីហា ​បាន​ក្រើន​រំឭក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ស្រាប់​ក្នុង​ស្រុក​ដែល​បាន​ចុះ​បញ្ជី​រួច តែ​មិន​ទាន់​បង់​ពន្ធនិង​អាករ​ត្រូវ​រួសរាន់​ទៅ​បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ ចៀស​វាង​ការ​ឃាត់​សួរ​ពី​មន្ត្រី​គយ​ឬ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច។​

​សេចក្តី​ជូន​ដំណឹង​រប​ស់ ​(​អគរ​)​ បាន​ឱ្យដឹង​ថា បន្ទាប់ពី​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​ការ​អនុញ្ញាត​ឱ្យ​ចុះ​បញ្ជី​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ស្រាប់​ក្នុង​ប្រទេស​ត្រឹម​ថ្ងៃទី​ ៣១​ ខែ កក្កដា ឆ្នាំ​ ២០២២​ កន្លង​ទៅ​ ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ត្រូវ​ទៅ​បំពេញ​កាតព្វ​កិច្ច​ពន្ធ​និង​អាករ​នៅ​ត្រឹម​ថ្ងៃទី ​៨ ​ខែ តុលា ​ឆ្នាំ​ ២០២២​។​

​សេចក្តី​ជូន​ដំណឹង​បន្ត​ថា​ «​ក្នុង​ន័យ​នេះ (​អគរ​) សូម​រំឭក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​បាន​ចុះ​បញ្ជី​រួច តែ​មិន​ទាន់​បាន​បង់​ពន្ធ​និង​អាករ​ត្រូវ​រួស​រាន់​ចូល​មក​បំពេញ​កាតព្វ​កិច្ច​ពន្ធ​និង​អាករ​លើ​រថយន្ត​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​ដើម្បី​ចៀស​វាង​ការ​ឃាត់​សួរ​ដោយ​មន្ត្រី​គយ ​និង​រដ្ឋាករ​មាន​សមត្ថ​កិច្ច​ជាយ​ថា​ហេតុ​ពេល​កំពុង​ចរាចរ​តាម​ដង​ផ្លូវ​ ដែល​អាច​បង្ក​ជាការ​រំខាន​នានា​ហើយ​ក៏​ដើម្បី​ចៀស​វាង​ការ​ភ្លេច​ ឬ​ខក​ខាន​មក​បំពេញ​កាត​ព្វ​កិច្ច​ពន្ធ​និង​អាករ​តាម​កាល​កំណត់​ដែល​អាច​បណ្ដាល​ឱ្យ​ទទួល​រង​នូវ​វិធាន​ការ​នានា​ជា​បន្ត​បន្ទាប់​»​។​

​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​នេះ ​(អគរ) បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ចាត់​វិធាន​ការ​ចុះ​បង្ក្រាប​រថ​យន្ត​គ្មាន​ពន្ធ​ស្រាប់​ក្នុង​ប្រទេស​នៅ​សេ​ស​សល់​ដែល​ម្ចាស់​មិន​បាន​មក​បំពេញ​កាតព្វ​កិច្ច​ពន្ធ​ និង​អាករ​ឬ​ចុះបញ្ជី​ក្នុង​រយៈ​ពេល​ដែល​បាន​អនុញ្ញាត​កន្លង​មក​ហើយ​រថ​យន្ត​ចង្កូត​ស្ តាំ​ដែល​បង្ក្រាប​បាន​ជា​មុខ​សញ្ញា​នៃ​ការ​រឹប​អូស​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន​។​

​យោង​តាម​របាយ​ការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យដឹង​ថា ក្នុង​រយៈ​ពេល​៥​ថ្ងៃគិត​ចាប់​ពី​ថ្ងៃទី​ ៨​ ដល់​ថ្ងៃទី​ ១២​ ខែ សីហា ឆ្នាំ ២០២២ ​កម្លាំង​គយ​សហការ​ជាមួយ​កង​រាជអាវុធ​ហត្ថ បាន​ឃាត់​រថ​យន្ត​គ្មាន​ពន្ធ​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេង​ចំនួន​២៧​គ្រឿង​ក្នុង​នោះ​រថយន្ត​ចង្កូត​ឆ្វេង​ ១១​ គ្រឿង និង​រថយន្ត​ចង្កូត​ស្តាំ​ ១៦​ គ្រឿង​។​

​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋា​ករ​កម្ពុជា លោក ផា អេង​វ៉េង ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពី​ថ្ងៃទី​ ២​ ខែ​សីហា​ថា ​គិត​ត្រឹម​ថ្ងៃទី​ ៣១​ ខែ កក្កដា ​ឆ្នាំ​ ២០២២ ​ដែល​ថ្ងៃ​ផុតកំណត់​ការចុះ​បញ្ជី​រថយន្ត គឺ​មាន​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ជាង ​៩ ៨០០ ​គ្រឿង ក្នុង​នោះ​ម្ចាស់​បាន​បំពេញ​កាតព្វ​កិច្ច​ពន្ធ​បាន​ជាង​ ៣ ​ពាន់​គ្រឿង​ និងនៅ​សល់ ៦ ​ពាន់​គ្រឿង​ទៀត​​៕