ភ្នំពេញៈ មន្ត្រីជំនាញបច្ចេកទេសក្រសួងព័ត៌មានបាននិងកំពុងរៀបចំកត់ត្រានូវទិន្នន័យនៃការផ្សព្វផ្សាយព័ត៌មានជាភាសាអារ៉ាប់ និងទំនាក់ទំនងព័ត៌មានបណ្តាប្រទេសសមាជិកអង្គការអូអាស៊ី (OIC) បន្ទាប់ពីបានបង្កើតក្រុមការងារផ្សព្វផ្សាយជាភាសានេះ ដើម្បីទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសនិយាយភាសាអារ៉ាប់ឱ្យមកកាន់កម្ពុជា។
កាលពីខែកុម្ភៈ ឆ្នាំនេះ ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារផ្សព្វផ្សាយព័ត៌មានជាភាសាអារ៉ាប់ និងទំនាក់ទំនងព័ត៌មានបណ្តាប្រទេសសមាជិកអង្គការអូអាយស៊ី (OIC) ដោយមានសមាជិក ១៧ រូប ដើម្បីបកប្រែព័ត៌មានពីភាសាខ្មែរទៅជាភាសាអារ៉ាប់ និងផ្សព្វផ្សាយព័ត៌មានជាភាសាអារ៉ាប់តាមរយៈមធ្យោបាយផ្សព្វផ្សាយក្រសួងព័ត៌មាន។
សេចក្តីសម្រេចបានបញ្ជាក់ថា «ក្រុមការងារផ្សព្វផ្សាយព័ត៌មានជាភាសាអារ៉ាប់និងទំនាក់ទំនងព័ត៌មានបណ្តាប្រទេសសមាជិកអង្គការអូអាយស៊ីមានភារកិច្ចទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានជាមួយបណ្តាប្រទេសសមាជិកអង្គការអូអាយស៊ីសហការជាមួយអង្គភាពជំនាញចំណុះក្រសួង ដើម្បីទទួលបានព័ត៌មាន និងផ្សព្វផ្សាយ»។
បើតាមគេហទំព័ររបស់ក្រសួងព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានជាភាសាអារ៉ាប់នេះត្រូវជ្រើសរើសព័ត៌មានសំខាន់ៗទាក់ទងនឹងព្រឹត្ដិការណ៍នយោបាយជាតិ ពាណិជ្ជកម្ម វិនិយោគ វិស័យទេសចរណ៍ និងកីឡាជាដើម ដើម្បីបកប្រែជាភាសាអារ៉ាប់និងផ្សព្វផ្សាយតាមរយៈមធ្យោបាយផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានឱ្យបានយ៉ាងតិច ២ អត្ថបទ ក្នុង ១ ថ្ងៃ ១០ អត្ថបទ ក្នុង ១ សប្ដាហ៍ ៤០ អត្ថបទ ក្នុង ១ ខែ និង ៥០០ អត្ថបទ ក្នុង ១ ឆ្នាំ។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមនៅថ្ងៃទី ១៦ សីហាថា ការផ្សព្វផ្សាយជាភាសាអារ៉ាប់ គឺដើម្បីចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលរស់នៅក្នុងប្រទេសនិយាយភាសារអារ៉ាប់។ លោកបន្តថា កន្លងមកនេះកម្ពុជាបានមើលឃើញពីសក្តានុពលនៃភ្ញៀវទេសចរមកពីបណ្តាប្រទេសទាំងនោះ ប៉ុន្តែដោយសារតែកម្ពុជាគ្មានការផ្សព្វផ្សាយជាភាសាទាំងនេះបានធ្វើឱ្យបាត់បង់ទំនាក់ទំនង។
លោកបានបញ្ជាក់ថា៖ «នេះគឺជាគំនិតមួយដែលចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកៀរគរទេសចរមកពីបណ្តាប្រទេសកាន់សាសនាអ៊ីស្លាមដែលគាត់ភាគច្រើននៅក្នុងមជ្ឈិមបូព៌ា ហើយនិយាយភាសាអារ៉ាប់ច្រើន»។
លោកបានបន្តថា៖ «យើងមានគោលបំណងបែបនេះដោយសារកន្លងទៅយើងធ្លាប់បានជួបជាមួយពួកគាត់ គឺភាគច្រើនពួកគាត់លើកឡើងថា ដូចជា បាត់ព័ត៌មានពីប្រទេសកម្ពុជា។ អត់ដែលបានទទួលដឹងឮហើយយើងក៏សម្លឹងឃើញប្រទេសជិតខាងយើងដូចជា ប្រទេសថៃ ប្រទេសម៉ាឡេអីហ្នឹង គេទទួលបានទេសចរមកខាងហ្នឹងច្រើន ដែលនេះជាឱកាសដែលយើងត្រូវផ្សព្វផ្សាយព័ត៌មានជាភាសាអារ៉ាប់របស់រដ្ឋយើង»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា ការផ្សព្វផ្សាយជាភាសាអារ៉ាប់ គឺជាផ្នែកមួយបន្ថែមទៀតនៃផែនការពង្រីកការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានអំពីសក្ដានុពលនិងកាលានុវត្តភាពរបស់កម្ពុជាទៅកាន់ពិភពលោកក៏ដូចជា ទៅកាន់បណ្តាប្រទេសនានាដែលប្រើប្រាស់ភាសាអារ៉ាប់នេះ។
លោកបានថ្លែងថា៖ «ការផ្សព្វផ្សាយជាភាសាអារ៉ាប់នេះ បានផ្តល់នូវការស្វែងយល់កាន់តែច្រើនបន្ថែមអំពីវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រពៃណី និងជាពិសេសវិស័យទេសចរណ៍របស់កម្ពុជាក៏ដូចជា ការលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងកម្ពុជានិងបណ្តាប្រទេសដែលប្រើប្រាស់ភាសាអារ៉ាប់នេះព្រមទាំងអាចទាក់ទាញបណ្តាវិនិយោទុននិងអ្នកទេសចរអារ៉ាប់មកវិនិយោគក៏ដូចជា មកទស្សនាកម្ពុជាយើងផងដែរ»។
បើតាមលោក មាស សុភ័ណ្ឌ ក្រៅពីការផ្សព្វផ្សាយជាភាសាអារ៉ាប់នេះក្រសួងព័ត៌មានបានផ្សព្វផ្សាយជាភាសាអង់គ្លេសបារាំង ចិន វៀតណាម និងការផ្លាស់ប្ដូរកម្មវិធីផ្សាយជាភាសាថៃផងដែរ នៅបណ្តាខេត្តមួយចំនួន តាមបណ្តោយព្រំដែននៃកម្ពុជា-ថៃ ទៀតផង។
ទោះជាយ៉ាងណា លោក សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ដោយសារខាងយើងខ្ញុំទើបតែចាប់ផ្ដើមការផ្សាយជាភាសាអារ៉ាប់នេះ ដូច្នេះខាងយើងខ្ញុំពុំទាន់បានកត់ត្រា និងបែងចែកអ្នកដែលបានចូលអានការផ្សាយជាភាសាអារ៉ាប់នេះនៅឡើយទេ ប៉ុន្តែខាងជំនាញបច្ចេកទេសកំពុងរៀបចំកត់ត្រានូវទិន្នន័យនេះ។ តែទោះជាយ៉ាងនេះក្តី ក្រុមការងារក៏បានចែករំលែកព័ត៌មានផ្សាយជាភាសាអារ៉ាប់នេះដោយផ្ទាល់ទៅតាមតំណាងទូតនានា នៃប្រទេសដែលប្រើភាសាអារ៉ាប់នៅកម្ពជាផងដែរ»៕