ភ្នំពេញៈ ការរំលោភបំពានផ្លូវភេទលើកុមារាត្រូវបានរកឃើញកើតឡើងច្រើនមិនចាញ់ករណីអំពើរំលោភបំពានផ្លូវភេទលើកុមារីនោះទេ ប៉ុន្តែករណីកើតឡើងចំពោះកុមារាមិនសូវមានទិន្នន័យ ដោយសារពិបាកកំណត់អត្តសញ្ញាណ ហើយការផ្តល់សេវាគាំពារទៅដល់កុមារា គឺមានតិចតួចបំផុត ទោះបីជាបញ្ហានេះកើតឡើងជាយូរមកហើយក៏ដោយ។ នេះបើតាមលោក យ៉ាំ ចំរើន ប្រធានអង្គការជំហានដំបូងកម្ពុជា។
លោក យ៉ាំ ចំរើន បានលើកឡើងក្នុងសិក្ខាសាលាស្តីពីកិច្ចគាំពារកុមារប្រកបដោយបរិយាបន្ននៅសណ្ឋាគារហ៊ីម៉ាវ៉ារី នៅព្រឹកថ្ងៃទី ១៦ ខែសីហាថា តាមការស្រាវជ្រាវតាមខ្នងផ្ទះដោយអង្គការយូនីសេហ្វ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិស្ថិតិនៅឆ្នាំ ២០១៥ បានរកឃើញថា កុមារា ៥,៦ ភាគរយ ធៀបទៅនឹងកុមារី ៥,៤ ភាគរយ ធ្លាប់រងបទពិសោធរំលោភបំពានផ្លូវភេទនៅក្នុងពេលណាមួយនៃជីវិតរបស់ពួកគេ។
លោកបានថា ការរំលោភបំពានផ្លូវភេទលើកុមារាជាបញ្ហាសំខាន់មួយ ដែលកើតឡើង មិនមែនតែនៅប្រទេសកម្ពុជានោះទេ នៅប្រទេសផ្សេងៗក៏មានផងដែរ។ តួយ៉ាងដូចជា នៅប្រទេសឥណ្ឌា មានកុមារា ៦០ ភាគរយ នៅញូដែលីធ្លាប់រងអំពើរំលោភបំពានផ្លូវភេទ ខណៈគ្មានសេវាគាំពារដល់កុមារាទាំងនោះឡើយ។ ចំណែកនៅប្រទេសចិន មានកុមារា ២០ ទៅ ៤០ ភាគរយបានរងការរំលោភបំពានផ្លូវភេទផងដែរ។
លោកថ្លែងថា៖ «បញ្ហានេះកើតឡើងយូរមកហើយ គ្រាន់តែអត់មានសេវា ដូច្នេះហើយ First Step នៅឆ្នាំ ២០១០ យើងចាប់ផ្តើមផ្តល់សេវានេះ។ រហូតមកដល់បច្ចុប្បន្ននេះយើងបានផ្តល់សេវាសរុបទៅដល់កុមារ និងមនុស្សធំបានចំនួន ៤៣២ ករណី ក្នុងចំណោមនោះមាន ៣៧៥ ករណីជាកុមារ [កុមារា-កុមារី] ហើយក្នុងនោះមាន ២៩២ ករណី ជាជនរងគ្រោះ ដែលក្នុងចំនួននេះមាន ៧០ ភាគរយជាកុមារា»។
លោក ផង់ ចិន្តា ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការជំហានដំបូងកម្ពុជាថ្លែងថា កុមារាដែលរងការរំលោភបំពានផ្លូវភេទមិនងាយនិយាយចេញពីទុក្ខលំបាកដែលរូបគេបានជួបនោះទេ ដោយសារតែជំនឿ និងទម្លាប់ក្នុងសង្គមដែលកត់សម្គាល់ថា កុមារាជាភេទមួយខ្លាំង រឹងមាំ ដូចពាក្យមួយលើកឡើងថា មនុស្សប្រុសដើមទ្រូង ៥ ហត្ថ។
លោកថ្លែងថា៖ «ខ្ញុំគិតថា មនុស្សប្រុសដូចមាសទឹក ១០ អ៊ីចឹង ជ្រុះប្រឡាក់ភក់លើកមកលាងទឹកលាងសាប៊ូនៅតែមាសដដែល ទឹក ១០ នៅតែ ១០ ទឹក ៧ នៅតែ ៧ អត់បញ្ហាអ៊ីចឹង បណ្តោយវាទៅមិនបាច់ Take Care វាពេកទេ អ៊ីចឹងធ្វើឱ្យកុមារាគាត់ងាយរងគ្រោះច្រើន»។
លោកបន្តទៀតថា អ្នកដែលអនុវត្តកម្មវិធីកិច្ចការពារកុមារមានច្រើន ប៉ុន្តែនៅតែចន្លោះ ចំពោះកិច្ចការពារទៅលើកុមារា ហើយអ្នកដែលមានតួនាទីជាអ្នកបំពេញសិទ្ធិដល់កុមារក៏មិនមានចំណេះដឹងទាក់ទងទៅនឹងការរំលោភបំពានផ្លូវភេទទៅលើកុមារាផងដែរ។
ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការជំហានដំបូងកម្ពុជាបានឱ្យដឹងទៀតថា តាមការស្រាវជ្រាវនៅលើពិភពលោកមានកុមារ ១២០ លាននាក់ ដែលមានអាយុក្រោម ១៨ ឆ្នាំ បានទទួលរងនូវការរំលោភបំពានផ្លូវភេទ ដែលរាប់តាំងពីការប៉ះពាល់ស្ទាប់អង្អែល រហូតទៅដល់ការស៊កបញ្ជូលនូវអង្គជាតិ ឬវត្ថុផ្សេងៗទៀត។ចំណែកកម្ពុជាវិញ ក្នុងចំណោមកុមារ ១០ នាក់ មាន ៦ នាក់ ឆ្លងកាត់ការរំលោភបំពានផ្នែករាងកាយ ស្មារតី និងផ្លូវភេទ និងកុមារ ៥ ទៅ៦ភាគរយ អាយុក្រោម ១៨ ឆ្នាំ ធ្លាប់រងនូវការរំលោភបំពានផ្លូវភេទ ដែលទិន្នន័យទាំងនេះពិបាកក្នុងការស្វែងរក ជាពិសេសសម្រាប់កុមារា។
លោកថ្លែងថា៖ «យើងមិនអាចរកទិន្នន័យបានជារួមនោះទេ ចាប់ពីឆ្នាំ ២០០៨ មកម៉្លេះ។ យើងធ្លាប់ធ្វើការសិក្សាស្រាវជ្រាវមួយចំនួនធ្វើដោយខ្លួនឯង ប៉ុន្តែមិនមានទំហំធំតំណាងឱ្យជាតិនោះទេ»។
លោក សុខ សំបូរ មន្ត្រីសម្របសម្រួលនៃអង្គការជំហានដំបូងកម្ពុជា បានឱ្យដឹងថា ក្រៅពីកុមារា នៅមានកុមារផ្សេងទៀតក៏មានការទទួលរងនូវការរំលោភបំពានផ្លូវភេទផងដែរ នោះគឺកុមារដែលស្រឡាញ់ភេទដូចជាជាដើម។ ការរងគ្រោះនោះអាចកើតឡើងនៅពេលដែលគ្រួសារបដិសេធ រើសអើង បែងចែក ឬស្តីបន្ទោស ដែលជាហេតុមួយនាំឱ្យកុមារ ឬយុវជនដែលមានធម្មជាតិស្រឡាញ់ភេទផ្ទុយគ្នា ទៅស្វែងរកក្រុម ឬអ្នកណាមួយ ដែលអាចផ្តល់ភាពកក់ក្តៅនិងលើកទឹកចិត្តដល់រូបគេ។
ការសម្លឹងមើលអ្នកផ្សេងក្រៅក្រុមគ្រួសារដើម្បីភាពកក់ក្តៅនេះហើយ ដែលនាំឱ្យក្រុមជនខិលខូច ជនឆ្លៀតឱកាសក្នុងការរំលោភបំពានផ្លូវភេទធ្វើការអូសទាញបានជោគជ័យ ដោយពួកគេចាំទទួលផ្តល់ភាពកក់ក្តៅ និងគាំទ្រដល់កុមារដែលស្វែងរកភាពកក់ក្តៅទាំងនោះ។
លោក លី ហួ មន្ត្រីអង្គការជីវិតស្រស់បំព្រង បានលើកឡើងថា ដើម្បីកុំឱ្យអ្នកស្រឡាញ់ភេទផ្ទុយគ្នា មានការបាក់ទឹកចិត្ត និងខ្វះភាពកក់ក្តៅ សូមកុំប្រើប្រាស់ពាក្យមួយចំនួន ដែលប៉ះពាល់ដល់សតិអារម្មណ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលពាក្យទាំងនោះរួមមាន ខ្ទើយ ស៊ីម ២ ឡេឌីប៊យ មនុស្សប្តូរភេទ ភេទទីបី ៦៩ សក់វែង ជាដើម។ លោកថា ពាក្យដែលគួរប្រើរួមមាន ក្រុមនុស្សស្រឡាញ់ភេទដូចគ្នា ក្រុមមនុស្ស LBTGIQ+ ឬសហគមន៍ IBTGIQ+៕