
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ហេង ជីវ័ន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញបានផ្តល់ជំនួយទ្វេភាគី ជាវ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ចំនួន ៣០ ម៉ឺនដូស មកដល់រាជរដ្ឋាភិបាលកម្ពុជា ដែលវ៉ាក់សាំងទាំងនេះជាប្រភេទសម្រាប់ចាក់ជូនក្មេងៗ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងនៅយប់ថ្ងៃទី ១៦ ខែសីហាថា វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer នេះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ១៦ ឈានចូលថ្ងៃទី ១៧ ខែសីហា ហើយពិធីប្រគល់និងទទួលជាផ្លូវការ នឹងត្រូវធ្វើឡើង នាថ្ងៃទី ១៨ ខែសីហា ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ១៩ ទាំងជំនួយ និងការបញ្ជាទិញដោយរាជរដ្ឋាភិបាលមានចំនួនជាង ៧០ លានដូស ហើយមកដល់ពេលនេះវ៉ាក់សាំងដែលនៅសល់ក្នុងឃ្លាំងមានជាង ៧ លានដូសទៀត។ នេះបើតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) លោកស្រី ឱ វណ្ណឌីន កាលពីថ្ងៃទី ១៤ ខែសីហា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ដោយលោកស្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះពីជំងឺកូវីដ ១៩ ដោយត្រូវបន្តអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញផងដែរ។
លោកស្រីថ្លែងថា៖ «យោងតាមសេចក្តីជូនព័ត៌មានប្រចាំថ្ងៃនៅតែបង្ហាញថា កូវីដ ១៩ កំពុងតែនៅមានការឆ្លងនៅក្នុងប្រទេសនៅឡើយ ជាពិសេសពួកអូមីក្រុង ដែលជាវីរុសកូវីដ ១៩ បំប្លែងថ្មីហើយនៅតាមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើសកលលោក ក៏នៅតែមានការឆ្លងបន្តនិងមានករណីស្លាប់បន្ថែមទៀតផងដែរ»។
យោងតាមការវាយតម្លៃរបស់សារព័ត៌មាន Neikki Asia សម្រាប់ COVID-19 Recovery Index គិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ កម្ពុជាឈរនៅលើចំណាត់ថ្នាក់លេខ ២ នៅក្នុងចំណោមប្រទេសប្រមាណ ១២១ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ បានច្រើនជាងគេ។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៥ ខែសីហា អត្រាចាក់វ៉ាក់សាំងកូវីដ ១៩ នៅកម្ពុជា ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់ មានចំនួន ៩៤,៦៩% បានចាក់វ៉ាក់សាំង ដោយក្នុងនោះ អ្នកដែលបានចាក់ដូសទី១ បានចំនួនជាង ១៥ លាននាក់ ដូសទី២ បានចំនួនជាង ១៤ លាននាក់។
ក្រសួងបានបន្តទៀតថា សម្រាប់អត្រាអ្នកដែលបានចាក់ដូសទី៣ មានចំនួនជិត ១០ លាននាក់ អ្នកចាក់ដូសទី៤ មានចំនួនជិត ៤ លាននាក់ និងអ្នកដែលបានចាក់ដូសទី៥ មានចំនួនជាង ៥៥ ម៉ឺននាក់៕