ភ្នំពេញៈ គណបក្សនយោបាយក្រៅរដ្ឋាភិបាល ៤ គ្រោងនឹងដាក់លិខិតនៅក្នុងសប្ដាហ៍នេះទៅកាន់រដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងក្រសួងមហាផ្ទៃ ដើម្បីសុំជួបពិភាក្សាស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។
លោក គង់ មូនីកា ប្រធានគណបក្សឆន្ទៈខ្មែរបានឱ្យដឹងនៅថ្ងៃទី ១៦ ខែសីហាថា គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទ:ខ្មែរ និងគណបក្សកែទម្រង់កម្ពុជាកាលពីថ្ងៃទី ១៥ ខែសីហា បានបើកកិច្ចប្រជុំសម្រេចដាក់ឯកសារសំខាន់ៗ និងសំណើទៅស្ថាប័នទាំងនេះនៅក្នុងសប្តាហ៍នេះ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ។
លោកបន្តថា ឯកសារដែលត្រៀមនឹងយកទៅដាក់នៅស្ថាប័នជាតិសំខាន់ៗទាំងនេះរួមមានលិខិតស្នើសុំជួបពិភាក្សា និងឯកសារពាក់ព័ន្ធមួយចំនួនទៀតដែលពាក់ព័ន្ធនឹងតួនាទី ភារកិច្ចរបស់ស្ថាប័នជាតិទាំងនេះដោយមានក្តីរំពឹងថា ស្ថាប័ននីមួយៗនឹងឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំរបស់គណបក្សនយោបាយទាំង ៤ នេះ។
លោក គង់ មូនីកា ថ្លែងថា៖ «ទោះបីស្ថាប័នជាតិនីមួយៗទទួលយក ឬមិនទទួលយកអនុសាសន៍កែលម្អយ៉ាងណា យើងសង្ឃឹមថា នឹងបានជួបជជែកគ្នាផ្ទាល់ឱ្យយោបល់ពីគំនិត និងអនុសាសន៍របស់យើងថា តើហេតុអ្វីយើងមានគំនិតបែបហ្នឹង? ហេតុអី្វយើងមានអនុសាសន៍បែបហ្នឹង? ខ្ញុំគិតថា វាជាការល្អប្រសើរនៅពេលដែលយើងជួបជជែកគ្នាដោយផ្ទាល់ ហើយប្រាប់ពីហេតុផល»។
លោក គង់ មូនីកា ថ្លែងថា គណបក្សទាំង ៤ ក៏បានឯកភាពគ្នាលើជំហររួមក្នុងការតស៊ូមតិទាក់ទងទៅនឹងករណីបណ្តឹងតុលាការរបស់ គជប និងគណបក្សប្រជាជនកម្ពុជា លើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាថ្លែងនៅថ្ងៃទី ១៦ ខែសីហាថា លោកមិនដឹងថា គណបក្សទាំង ៤ នឹងជួបបុគ្គល ឬ គណៈកម្មការជំនាញណាមួយនោះទេ ពីព្រោះនៅក្នុងរដ្ឋសភាមានសមាជិក និងតំណាងរាស្ត្រមានរហូតដល់ ១២៥ នាក់។ ចំណែកអគ្គលេខាធិការនៃរដ្ឋសភាធ្វើតែកិច្ចការរដ្ឋបាលប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយនោះទេ។
លោកថ្លែងថា៖ «រដ្ឋសភាមាន ១២៥ នាក់ហើយដាក់ទៅណា? ខ្ញុំរកនីតិវិធី វាអត់មានចែងនៅក្នុងនីតិវិធីច្បាប់អីសោះ តែបើចង់ជួបគណៈកម្មការជំនាញណា ជួបទៅ»។
លោកថា បើគណបក្សទាំងនេះមានបំណងចង់ជួបពិភាក្សាជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា ប្រហែលជាមិនអាចបានជួបទេ ពីព្រោះប្រធានរដ្ឋសភារូបនេះ មានកិច្ចការ និងភារកិច្ចការងាររវល់ច្រើន មិនមានពេលវេលាគ្រប់គ្រាន់នោះទេ។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ថ្លែងនៅថ្ងៃទី ១៦ ខែសីហាថា គជប គឺជាស្ថាប័នដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលបានកំណត់ឱ្យរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតផ្សេងទៀត ស្របទៅតាមច្បាប់ជាធរមាន។ នៅក្នុងក្របខ័ណ្ឌច្បាប់ជាធរមានពាក់ព័ន្ធនឹងការបោះឆ្នោតនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ចង្អុលនៃការអនុវត្តរបស់ គជប ហើយកិច្ចការដែលបានអនុវត្តកន្លងមកនេះគឺគោរព និងអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ពាក់ព័ន្ធនឹងសំណើរបស់គណបក្សនយោបាយ ៤ បើពិនិត្យទៅឃើញថា ឆ្លើយតបទៅនឹងសំណូមពររបស់គណបក្សទាំងនោះ គឺ មិនមានអ្វីជាបញ្ហានោះទេប៉ុន្តែ អ្វីដែលសំខាន់ដែលអនុវត្តទៅបាន គឺសំណើកំណែទម្រង់ការបោះឆ្នោតត្រូវតែឆ្លើយតបទៅនឹងគោលការណ៍ច្បាប់។
លោកថ្លែងថា៖ «គជប មិនអាចធ្វើការកែលម្អដំណើរការបោះឆ្នោតដែលប្រាសចាកពីបញ្ញត្តិនៃច្បាប់នោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ គជប ស្វាគមន៍»៕