ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវទិសដៅអាទិភាព ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំចំនួន ៨ ចំណុច ដើម្បីបន្តឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាដោយប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការអភិវឌ្ឍធនធានមនុស្ស និងភាពជាពលរដ្ឋសកលឱ្យឆ្លើយតបទៅនឹងបរិបទនៃការអភិវឌ្ឍកម្ពុជា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងអប់រំ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃទី ១៦ សីហាថា ក្រសួងអប់រំបានដាក់ចេញនូវទិសដៅអាទិភាពក្នុងការធ្វើកំណែទម្រង់លើវិស័យអប់រំចំនួន ៨ ចំណុចក្នុងនោះមាន ទី ១ កំណែទម្រង់សាលារៀនទី ២ ការអភិវឌ្ឍគ្រូបង្រៀនតាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។ ទី ៣ ការអប់រំឌីជីថល ទី ៤ ការអប់រំវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ទី ៥ ការលើកកម្ពស់សុខភាពសិក្សា ទី ៦ ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ ២១ ទី ៧ ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាពនៅគ្រឹះស្ថានឧត្ដមសិក្សា និងទី ៨ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព។
លោកបានឱ្យដឹងថា «កំណែទម្រង់សាលារៀន» គឺបន្ទាប់ពីបានអនុវត្តសាកល្បងកម្មវិធីកំណែទម្រង់សាលារៀន និងបទពិសោធពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្រសួងអប់រំបន្តបង្កើតគំរូកំណែទម្រង់សាលារៀនចំនួន ២ ប្រភេទ គឺទី ១ សាលារៀនជំនាន់ថ្មី ដោយផ្តោតលើការផ្ដល់ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីបណ្តុះធនធានមនុស្សមានបំណិនសតវត្សរ៍ទី ២១ ក្នុងនោះគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន។
ប្រភេទទី ២ សាលារៀនប្រកបដោយប្រសិទ្ធភាពដោយផ្តោតលើសាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដាសាលារៀនមានប្រសិទ្ធភាព។ លោកបញ្ជាក់ថា អាទិភាពទី ២ «ការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់គ្រឹះស្ថាន» គឺការបណ្តុះបណ្តាលគ្រូបង្រៀន ខណៈគ្រូបង្រៀនគឺជាបេះដូងនៃប្រព័ន្ធអប់រំគ្រូបង្រៀនគឺជាកម្លាំងជួរមុខនៃវិស័យអប់រំ។
ដូចនេះគ្រូបង្រៀនសតវត្សរ៍ទី ២១ ត្រូវប្រកបដោយស្តង់ដាវិជ្ជាជីវៈខ្ពស់ តាមរយៈការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្ដាលគ្រូ ដែលផ្តោតលើ ទី ១ ការកែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន។ ទី ២ ការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការបង្រៀន។ ទី ៣ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមបច្ចេកវិទ្យាថ្មីៗ មានដូចជាបណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប។ ទី៤ការអភិវឌ្ឍភាពជាអ្នកដឹកនាំគ្រប់គ្រង ទី៥ការ-ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ និង ទី ៦ ការធានាគុណភាពនៃការបណ្ដុះបណ្ដាល។
អាទិភាពទី ៣ «ការអប់រំឌីជីថល» ខណៈនៅដំណាក់កាលកូវីដ ១៩ កម្ពុជាបានដើរទៅមុខ ១០ ឆ្នាំមុនពីការកំណត់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ។ គ្រូបង្រៀនបានខិតខំរៀនពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្រៀនសិស្ស នៅពេលសាលាត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។
លោក រស់ សុវាចា បន្តថា ដូចនេះក្រសួងអប់រំនឹងបន្តលើកកម្ពស់ការអប់រំ ឌីជីថល តាមរយៈទី ១ ការកែលម្អវេទិកាឌីជីថល ដែលមានស្រាប់ និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល។ ទី ២ ការផលិតវីដេអូបង្រៀនសម្រាប់មុខវិជ្ជាគោល និងសម្រាប់ថ្នាក់ប្រឡង ព្រមទាំងបង្ហោះ និងផ្សព្វផ្សាយលើវេទិកាឌីជីថលដែលមានស្រាប់។ ទី ៣ ការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងរៀន ទី ៤ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន ដូចជា ការរៀបចំបន្ទប់ឌីជីថល បំពាក់ប្រព័ន្ធគ្រប់គ្រងការសិក្សា និងប្រព័ន្ធគ្រប់គ្រងការសិក្សានៅតាមសាលារៀន និងទី ៥ ការបង្កើតកម្មវិធីអប់រំឌីជីថល។
ចំណែកអាទិភាពទី ៤ «ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» លោកបញ្ជាក់ថា ការបង្កើនចំនួនសិស្ស និងទាក់ទាញសិស្សនៅមធ្យមសិក្សា និងឧត្តមសិក្សាឱ្យចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាកត្តាសំខាន់ ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងគោលនយោបាយជំរុញឌីជីថលរបស់រាជរដ្ឋាភិបាល។
លោកបន្តថា ក្រសួងអប់រំនឹងបង្កើនចំនួនសាលារៀនជំនាន់ថ្មី សាលារៀនស្ទែម និងបង្កើនម៉ោងបង្រៀន និងការបង្រៀន ផ្តោតលើមុខវិជ្ជាស្ទែម វិនិយោគបន្ថែម និងបង្កើនគុណភាពនៃការបណ្តុះបណ្តាលគ្រូមុខវិជ្ជាស្ទែមឱ្យដល់កម្រិតស្តង់ដាវិជ្ជាជីវៈ។
អាទិភាពទី ៥ «ការលើកកម្ពស់សុខភាពសិក្សា» លោក សុវាចា បានឱ្យដឹងថា ក្នុងបរិបទគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ សាលារៀនត្រូវធានាបាននូវនិរន្តរភាពនៃដំណើរការ និងធានានូវសុវត្ថិភាពសុខភាព រួមទាំងសុខភាពផ្លូវចិត្ត សម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សា។
លោកបានបញ្ជាក់ថា ដូចនេះសាលារៀនត្រូវបន្តបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមសាលារៀន។ កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់សុខភាពស្ដង់ដា បរិស្ថានសាលារៀនបៃតង សាលាស្អាតគ្មានសំរាម។ លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យផ្ដោតលើទឹកទទួលទាន កន្លែងលាងដៃ បង្គន់អនាម័យ ជាដើម។ល។
អាទិភាពទី ៦ «ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ ២១» លោកលើកឡើងថា៖ «យុវជនសតវត្សរ៍ទី ២១ ជាយុវជនបន្តវេន និងជាសសរទ្រូង សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និង ២០៥០»។
ដូចនេះយុវជននឹងត្រូវទទួលបាននូវការអភិវឌ្ឍលើគ្រប់ទិដ្ឋភាព និងតាមគ្រប់រូបភាពក្នុងនោះ កម្មវិធីអភិវឌ្ឍន៍យុវជនទាំងបំណិនរឹង និងបំណិនទន់ ដោយផ្តោតលើបំណិនសតវត្សរ៍ទី ២១ និងលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងការអប់រំ ដើម្បីឱ្យយុវជនមានសមត្ថភាពចូលរួមដោះស្រាយបញ្ហារួមរបស់ប្រទេសជាតិ។
អាទិភាពទី ៧ «ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា» គឺការធ្វើកំណែទម្រង់នៅឧត្តមសិក្សា និងធានាបាននូវការបណ្តុះធនធានមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា។ គ្រឹះស្ថានឧត្តមសិក្សាត្រូវផ្តោតលើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ គុណវុឌ្ឍសាស្ត្រាចារ្យឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ការកែលម្អកម្មវិធីសិក្សា និងធនធានសិក្សា ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តវិធីសាស្ត្របង្រៀនទំនើបជាដើម។ល។
អាទិភាពទី ៨ «ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព» លោក សុវាចា បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ឆ្ពោះទៅរកការចាកចេញពីវិបត្តិនៃជំងឺកូវីដ ១៩ ក្នុងភាពរឹងមាំ។ លោកបានបញ្ជាក់ថា ចំណុចអាទិភាពទី ៨ នេះ គឺដើម្បីវិលត្រឡប់ទៅរកមាគ៌ានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ ដោយវិស័យអប់រំ ទាមទារចាំបាច់នូវភាពជាអ្នកដឹកនាំ ដែលមានភាពវៃឆ្លាតរស់រវើក បុរេសកម្ម និងទន់ភ្លន់ ក្នុងការដោះស្រាយបញ្ហា និងឆ្លើយតបភ្លាមៗចំពោះវិបត្តិដែលបង្កឱ្យមានការអាក់ខានក្នុងការបង្រៀន និងរៀន។
លោក សុវាចា បានបន្ថែមថា៖ «ទស្សនទានរួម (ឆ្នាំ ២០២៣-២០២៨) សម្រាប់បន្តលើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា គឺការបន្តជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងមនសិការស្នេហាជាតិ និងមនុស្សជាតិ ជាពិសេសស្របតាមតម្រូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច»។
លោកបន្តថា ក្រសួងអប់រំបន្តលើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសទទួលបានការសិក្សាពេញ ១ ជីវិត សម្រាប់ទាំងអស់គ្នា និងការអភិវឌ្ឍសមត្ថភាព បុគ្គល និងសមត្ថភាពស្ថាប័ន គាំទ្រទិសដៅអាទិភាពសម្រាប់ពេលខាងមុខតាមរយ: អាទិភាពកំណែទម្រង់ ៨ ចំណុចខាងលើ។
លោក រស់ សុវាចា បានគូសបញ្ជាក់ថា៖ «ក្រសួងអប់រំ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តអភិវឌ្ឍធនធានមនុស្ស និងភាពជាពលរដ្ឋសកលឱ្យឆ្លើយតបទៅនឹងបរិបទនៃការអភិវឌ្ឍកម្ពុជា»៕