ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈកាលពីម្សិលមិញថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវរៀបចំព្រះរាជក្រឹត្យ ដើម្បីរក្សាតំបន់សួនសត្វភ្នំតាម៉ៅ នៅក្នុងខេត្តតាកែវរក្សាជាតំបន់អភិរក្ស និងតំបន់ការពារ ក្រោយពីមានការរិះគន់ពីភាពចម្រូងចម្រាសក្នុងការសម្រេចផ្ដល់សិទ្ធិឈូសឆាយដីតំបន់សួនសត្វនោះ ១ ផ្នែក ប្រែទៅជាតំបន់អភិវឌ្ឍន៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសារសំឡេងនៅយប់ថ្ងៃទី ១៦ ខែសីហា ថា៖ «ដើម្បីចៀសវាងនូវបញ្ហាភាន់ច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួនខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់សាជាថ្មីឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ត្រៀមព្រះរាជក្រឹត្យកំណត់នូវនិយាមកាតំបន់ភ្នំតាម៉ៅ ដែលជាតំបន់ការពារនេះចេញជាព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងនៅព្រឹកថ្ងៃទី ១៧ ខែសីហា ថា ក្រសួងកំពុងរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យ។
លោក វេង សាខុន ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី ១៧ ខែសីហាថា បន្ទាប់ពីមានការណែនាំតាមរយៈសារសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំភ្លាមៗក្នុងការធ្វើសេចក្ដីព្រាងព្រះរាជក្រឹត្យ កំណត់ដើម្បីថែរក្សាការពារព្រៃតំបន់ភ្នំតាម៉ៅនេះ។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា ដើម្បីដាំកូនឈើឱ្យបាន លឿន និងទាន់ពេលរដូវភ្លៀងលោកបានចេញបទបញ្ជាឱ្យកម្លាំងអង្គរក្សជាង ១ ពាន់នាក់ ប្រើគ្រឿងចក្រចំនួន ១១៣ គ្រឿងទៅធ្វើសកម្មភាពជួយឈូសឆាយដី និងដាំកូនឈើក្នុងតំបន់ដែលបានឈូសឆាយហើយក្បែរសួនសត្វភ្នំតាម៉ៅ។
លោកបញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃទី ១៦ ខែសីហាចំនួនដី ៥៣០ ហិកតា ត្រូវបានធ្វើរួចរាល់ ប៉ុន្តែនៅត្រូវការសម្អាតបន្ថែមទៀតដោយត្រូវការពេលវេលាមួយរយៈថែមទៀត។
លោកបានថ្លែងថា៖ «កម្លាំងអង្គរក្សទៅទីនោះគឺទៅដើម្បីជួយដាំកូនឈើឱ្យបានឆាប់ ព្រោះបញ្ហាមិនស្ថិតលើបញ្ហាខ្វះដើមឈើ ឬខ្វះកម្លាំងដាំកូនឈើនោះទេ តែអ្វីដែលសំខាន់គឺត្រូវធ្វើដីនេះឱ្យបានស្អាត ដើម្បីដាំកូនឈើឱ្យបានត្រឹមត្រូវ ដូច្នេះត្រូវប្រើគ្រឿងចក្រ និងកម្លាំងយ៉ាងធំ គ្រឿងចក្រមានរហូតដល់ ១១៣ គ្រឿង និងកម្លាំងកងទ័ពជាង ១ ពាន់នាក់ ដែលត្រូវចូលរួមធ្វើដីនេះ»។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រធ្វើឡើងនៅអគារពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញព្រឹកថ្ងៃទី ១៧ ខែសីហា លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា លោកបានបញ្ជាឱ្យប្រែក្លាយតំបន់ដែលបានឈូសឆាយហើយបាននិងកំពុងដាំកូនឈើនោះក្លាយជាតំបន់ឧទ្យានព្រៃឈើ សួនព្រៃឈើ សួនដាំដើមឈើ ដែលពីមុនគ្រាន់តែជាព្រៃរបោះមិនមែនជាឈើដែលទទួលផលនោះទេ ប៉ុន្តែនៅពេលខាងមុខកន្លែងនេះនឹងមានឈើដែលមានតម្លៃ សុទ្ធតែប្រភេទឈើប្រណីត។
លោកបានបញ្ជាក់ថា ការដាំដុះកូនឈើមិនលំបាកទេ ប៉ុន្តែការសម្អាតដីជាង ៥០០ ហិកតានោះទើបជាការលំបាកព្រោះត្រូវគាស់ឫសគល់ឈើចេញឱ្យអស់ ហើយការដាំនោះទៀតសោតមិនមែនដាំគ្រាន់តែ ដើម្បីល្អមើលឡើយ គឺដាំដើម្បីធានាការលូតលាស់ ជាពិសេសឆ្លងកាត់រដូវប្រាំងខាងមុខនេះ ត្រូវធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពកូនឈើ។
សកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា បានគាំទ្រការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរក្សាទុកតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្សដោយគ្មានការកែប្រែ ជាពិសេសបានស្រាយចម្ងល់របស់សាធារណជនទូទៅដែលបានបារម្ភថា តំបន់ភ្នំតាម៉ៅអាចក្លាយជាដីឯកជន តាមរយៈសកម្មភាពដែលបានបង្ហាញឱ្យឃើញតាមរយៈបណ្តាញសង្គមដែលមានក្រុមមនុស្សចូលទៅជីកដីគាស់ដីដោយមិនបានបញ្ជាក់ច្បាស់ឱ្យសាធារណជនបានដឹង។
លោក ម៉ាឡា ថ្លែងថា ករណីនៅតំបន់ភ្នំតាម៉ៅ រាជរដ្ឋាភិបាលគួរទុកជាបទពិសោធសិក្សាសម្រាប់អនុវត្តនៅពេលមានគម្រោងអភិវឌ្ឍន៍ណាមួយកើតឡើងនៅថ្ងៃមុខពាក់ព័ន្ធនឹងបរិស្ថាន ឬព្រៃឈើ។
លោកបន្តថា ការអភិវឌ្ឍដែលមិនបានគិតគូរអំពីផលប៉ះពាល់ចំពោះសង្គមជាពិសេសគឺការប្រតិកម្មពីមហាជន និងការបណ្ដែតបណ្តោយបានធ្វើឱ្យមានការបាត់បង់ដើមឈើប្រមាណ ៥០០ ហិកតាជាងនៅក្នុងតំបន់ភ្នំតាម៉ៅ។
លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលសង្កត់ធ្ងន់ និងយកករណីនេះសិក្សាសម្រាប់ពិចារណា និងគិតគូរឱ្យបានដិតដល់បើសិនជាមានគម្រោងអភិវឌ្ឍន៍ស្រដៀងគ្នានេះនៅថ្ងៃមុខ»។
យ៉ាងណាក៏ដោយចំណុចនេះធ្លាប់មានការបានបកស្រាយយ៉ាងច្បាស់ពីរដ្ឋបាលព្រៃឈើ ដោយតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៤ ខែសីហា បញ្ជាក់ថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅគឺត្រូវបានអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណៈកម្មការ ឯកជនភាវូបនីយកម្មដែលមានអន្តរក្រសួងពិនិត្យ និងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ ហើយការអភិឌ្ឍតំបន់នោះគឺ មិនមានការប៉ះពាល់នោះទេ៕