ភ្នំពេញៈ និស្សិតស្ថាបត្យកម្មមួយក្រុមដែលមាន ៥ នាក់ មកពីសាកលវិទ្យាល័យចំនួន ២ ក្នុងរាជធានីភ្នំពេញ បានឈ្នះការប្រកួតប្រជែងលើការរចនាអាហារដ្ឋានលើដំបូលការិយាល័យថ្មីនៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាដោយលទ្ធផលការប្រកួតប្រជែងត្រូវបានប្រកាសក្នុងទិវាយុវជនអន្តរជាតិ។
ទិវាយុវជនអន្តរជាតិត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១២ ខែសីហា ដោយក្នុងឆ្នាំនេះផ្តោតសំខាន់លើសក្តានុពលច្នៃប្រឌិតថ្មីរបស់យុវជនក្រោមប្រធានបទ «សាមគ្គីភាពអន្តរជំនាន់» ដែលបង្ហាញពីតម្រូវការរបស់មនុស្សគ្រប់វ័យ ដើម្បីរួមកម្លាំងកសាងពិភពលោកដ៏ល្អប្រសើរសម្រាប់មនុស្សទាំងអស់គ្នា។
កាលពីខែមិថុនា អង្គការ FAO ប្រចាំកម្ពុជាបានអញ្ជើញនិស្សិតស្ថាបត្យកម្មនៅទូទាំងប្រទេសកម្ពុជា ឱ្យចូលរួមប្រកួតប្រជែងការរចនាអាហារដ្ឋានលើដំបូលការិយាល័យថ្មីរបស់អង្គការ FAO ប្រចាំកម្ពុជាដែលរួមមានផ្ទះបាយជាលក្ខណៈអាជីវកម្មតូច សួនច្បារដែលមានផ្ទះបាយ និងកន្លែងទទួលទានអាហារ និងកន្លែងប្រជុំដែលមានទាំងក្នុង និងក្រៅអាហារដ្ឋាន។
អង្គការ FAO បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ ខែសីហាថា ការរចនា និងសាងសង់ត្រូវតែធ្វើឡើងតាមបែបកម្ពុជាដែលមានពណ៌បៃតង និងមានតម្លៃសមរម្យ ហើយកន្លែងនីមួយៗមានមុខងារច្រើន។ និស្សិតចំនួន ១៥ នាក់ បានប្រើពេល ១ ខែ ក្នុងការរចនាឱ្យរួចរាល់ ហើយក្នុងវគ្គផ្តាច់ព្រ័ត្រ និស្សិតចំនួន ៥ ក្រុម ត្រូវបានជ្រើសរើសឱ្យប្រកួតប្រជែងដោយបង្ហាញពីគំនិតរចនារបស់ខ្លួនទៅកាន់គណៈកម្មការវាយតម្លៃ។ រង្វាន់សម្រាប់ក្រុមដែលឈ្នះរួមមាន ឱកាសធ្វើការជាមួយវិស្វករនិងអង្គការ FAO ហើយគំនិតរចនារបស់ពួកគេត្រូវបានយកមកអនុវត្តក្នុងការរចនាអាហារដ្ឋាននៅលើដំបូលនៃការិយាល័យ FAO ថ្មីប្រចាំកម្ពុជា។
លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជាថ្លែងថា អង្គការ FAO បានស្វែងរកគំនិតរចនាដែលនឹងជួយពង្រឹងកន្លែងធ្វើការងាររបស់បុគ្គលិក និងភ្ញៀវរបស់អង្គការ FAO ទាំងអស់ក៏ដូចជាផ្សព្វផ្សាយវប្បធម៌អាហារខ្មែរផងដែរ។
លោកស្រីថ្លែងថា៖ «អាហារដ្ឋានលើដំបូលការិយាល័យនេះនឹងក្លាយជាកន្លែងដែលមានការចម្អិន និងទទួលទានអាហារថ្ងៃត្រង់ដោយមានថាមពលពន្លឺព្រះអាទិត្យ និងជាកន្លែងដែលយើងអាចរៀបចំកិច្ចប្រជុំដែលជំរុញការងាររបស់ FAO និងផ្សព្វផ្សាយវប្បធម៌អាហារខ្មែរដ៏អស្ចារ្យផងដែរ»។
ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នអង្គការ FAO កំពុងដំណើការសាងសង់ការិយាល័យថ្មីរបស់ខ្លួនប្រចាំនៅកម្ពុជាស្ថិតក្នុងបរិវេណក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលរំពឹងថា នឹងសាង់សង់បញ្ចប់នៅចុងខែកញ្ញា។ ក្នុងការបញ្ចប់ការសាងសង់ការិយាល័យថ្មីនេះ អង្គការ FAO បានផ្តល់ឱកាសដល់និស្សិតស្ថាបត្យកម្មកម្ពុជា ដើម្បីចូលរួមរចនាអាហារដ្ឋានលើដំបូលការិយាល័យនេះដែលបានលើកឡើងនេះ។
អង្គការ FAO បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថាគំនិតរចនាអាហារដ្ឋានដែលបង្ហាញដល់គណៈកម្មការវាយតម្លៃដោយបេក្ខជនក្រុមទាំង ៥ នាក់ ក្នុងវគ្គផ្តាច់ព្រ័ត្រ គឺមានលក្ខណៈប្រកបដោយគុណភាពខ្ពស់ហើយក្រុមទាំង ៥ ត្រូវបានកោតសរសើរចំពោះគុណភាពនៃគំនិតរចនារបស់ពួកគេ។ ក្រុមដែលទទួលបានជយលាភីមាននិស្សិតចំនួន ៥ នាក់ ដែលមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យន័រតុន។ គំនិតក្នុងការរចនារហូតទទួលបានជយលាភីនេះ ក៏ត្រូវមានការឆ្លុះបញ្ចាំងពីទស្សនៈរបស់កសិករ ហើយត្រូវបានបំផុសគំនិតដោយដំណើរការដាំដុះស្រូវ។
លោកស្រី Rebekah Bell ថ្លែងថា ក្រុមការងារ FAO នៅកម្ពុជារង់ចាំធ្វើការជាមួយក្រុមយុវជនដ៏ស្វាហាប់នេះ លើការរចនាប្រកបដោយភាពច្នៃប្រឌិត និងទំនើបរបស់ពួកគេក្នុងអំឡុងពេលសាងសង់អាហារដ្ឋានលើដំបូលថ្មីរបស់អង្គការ FAO៕