តាកែវៈ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារសំឡេងកាលពីយប់ថ្ងៃទី ១៦ ខែសីហា ឱ្យក្រសួងកសិកម្មរៀបចំព្រះរាជក្រឹត្យដើម្បីរក្សាតំបន់ភ្នំតាម៉ៅរួចមក រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន បានឱ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែសីហាថា សេចក្តីព្រាងព្រះរាជក្រឹត្យនោះ ក្រសួងបានរៀបចំឯកសាររួចរាល់អស់ហើយ និងកំពុងរៀបចំបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើការពិនិត្យចុងក្រោយ។
លោក វេង សាខុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី ១៨ ខែសីហាថា៖ «យើងកំពុងរៀបចំបញ្ជូន [ឯកសារព្រាងព្រះរាជក្រឹត្យ] ទៅសម្តេចតេជោ យើងរៀបចំឯកសាររួចអស់ហើយរង់ចាំតែការពិនិត្យចុងក្រោយ»។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងទៀតថា លោកបានបញ្ជូនមន្ត្រីចុះទៅពិនិត្យមើលប្រភពទឹកដើម្បីនាំយកទៅស្រោចស្រពដំណាំកូនឈើនៅរដូវប្រាំងដើម្បីថែរក្សាឱ្យមានការលូតលាស់ល្អតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី។ លោកថា ប្រភពទឹកដែលអាចយកទៅស្រោចស្រពបាននៅលើផ្ទៃដីដាំដុះកូនឈើនេះ គឺយកចេញពីទន្លេបាទី។ ក្រុមការងារដែលចុះទៅបាននិងកំពុងគូសវាសផែនការក្នុងការរៀបចំកន្លែងស្តុកទឹក និងប្រព័ន្ធទុយោទឹក ដែលអាចនឹងបញ្ចប់ការងារគ្រោងប្លង់ក្នុងពេលឆាប់ៗនេះ។
លោកថ្លែងថា៖ «យើងបានបញ្ជូនមន្ត្រីចុះពិនិត្យរួចហើយដោយជ្រើសរើសយកទីតាំងបឹងទន្លេបាទីធ្វើជាស្តុកបូមពីស្តុកហ្នឹងទៅតាមទុយោហើយយើងនឹងរៀបចំធ្វើជាបាសាំងមួយ ដើម្បីបង្ហូរទៅតាមដើមឈើនីមួយៗដាក់ទុយោទៅតាមគល់ឈើនីមួយៗដែលយើងដាំហើយ»។
គួររំឭកថា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រដែលបានធ្វើឡើងនៅអគារពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែសីហា លោក ហ៊ុន សែន បានបញ្ជាឱ្យប្រែក្លាយតំបន់ដែលត្រូវបានឈូសឆាយរួច និងកំពុងដាំកូនឈើនៅក្បែរសួនសត្វភ្នំតាម៉ៅនោះឱ្យក្លាយជាតំបន់ឧទ្យានព្រៃឈើ សួនព្រៃឈើ និងសួនដាំដើមឈើ ដែលមានសុទ្ធតែប្រភេទឈើប្រណីតដូចជា ធ្នង បេង នាងនួន ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការដាំដុះកូនឈើមិនលំបាកទេ ប៉ុន្តែអ្វីដែលត្រូវគិតគូរចំពោះមុខគឺការសម្អាតដីយកឫសឈើ គល់ឈើចេញឱ្យអស់ ដើម្បីដាំដុះឱ្យរួចរាល់ទាន់រដូវភ្លៀងនិងជាពិសេសដោះស្រាយទឹកស្រោចស្រពកូនឈើសម្រាប់ត្រៀមទុកស្រោចស្រពក្នុងរដូវប្រាំង។លោកបានចេញបទបញ្ជាឱ្យកម្លាំងអង្គរក្សជាង ១ ពាន់នាក់ប្រើគ្រឿងចក្រចំនួន ១១៣ គ្រឿង ទៅជួយឈូសឆាយដី និងដាំកូនឈើក្នុងតំបន់ភ្នំតាម៉ៅឱ្យបានលឿនទាន់ពេលវេលា។
កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសម្តែងក្តីរីករាយនិងបានគោរពថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីក្នុងការចេញព្រះរាជក្រឹត្យដាក់ព្រៃឈើតំបន់ភ្នំតាម៉ៅជាព្រៃ ដែលត្រូវការពារជារៀងរហូត។
កញ្ញាថ្លែង សរសេរលើហ្វេសប៊ុកនៅថ្ងៃទី ១៧ ខែសីហាថា៖ «ដែនជម្រកសត្វព្រៃនេះគួរតែជាកេរមរតករបស់សម្តេច និងភ្ជាប់ជាមួយនូវឈ្មោះសម្តេច “ព្រៃការពារភ្នំតាម៉ៅ-តេជោហ៊ុនសែន”។ នាងខ្ញុំសូមថ្លែងអំណរគុណដល់ការប្តេជ្ញាចិត្តរបស់សម្តេចក្នុងការអភិរក្សព្រៃឈើដ៏អស្ចារ្យនេះ ដែលជាលំនៅឋាន [ជម្រក] នៃសត្វព្រៃជាច្រើនពាន់ក្បាល»៕