ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលបន្ទុកពិនិត្យ និងផ្តល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីជលផល សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ មុននឹងដាក់ទៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីពិនិត្យ និងសម្រេច។
យោងតាមសេចក្ដីសម្រេចរបស់លោក កើត រិទ្ធ ចុះថ្ងៃទី ១៧ ខែសីហា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ទាំង ៣ នេះដោយមានសមាសភាពលោក ជីវ សុងហាក់ និងលោក កេង សុម៉ារិទ្ធ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាសហប្រធានរួមនឹងអនុប្រធាន ៣ រូប សមាជិក និងលេខាធិការមកពីក្រសួងយុត្តិធម៌ចំនួន ១៤ រូបទៀត។
លោក កើត រិទ្ធ បញ្ជាក់ក្នុងសេចក្ដីសម្រេចនេះថា៖ «ក្រុមការងារចំពោះកិច្ចនេះ មានតួនាទី និងភារកិច្ចសិក្សាស្រាវជ្រាវ ដើម្បីលើកយោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីជលផល សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើនិងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ពិនិត្យ និងលើកយោបល់អំពីសង្គតិភាព និងអនុលោមភាពគតិយុត្តរវាងសេចក្ដីព្រាងច្បាប់ស្តីពីជលផល សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ»។
លោកបន្តថា ក្រុមការងារនេះក៏មានតួនាទី និងភារកិច្ច ពិនិត្យ និងលើកយោបល់អំពីសង្គតិភាព និងអនុលោមភាពគតិយុត្តរវាងសេចក្តីព្រាងច្បាប់ទាំង ៣ នេះ ជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀតផងដែរ។
ជាមួយនេះលោកក៏បានលើកឡើងដែរថា ក្រុមការងារចំពោះកិច្ចមានតួនាទី និងភារកិច្ចធ្វើរបាយការណ៍អំពីលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងអនុវត្តការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោកបានបញ្ជាក់ថា អនុប្រធាន និងសមាជិកនៃក្រុមការងារត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់សហប្រធាន។
ក្នុងករណីសហប្រធាន ១ រូបអវត្តមាន ឬមានធុរៈសហប្រធាន ១ រូបទៀតអាចកោះប្រជុំ និង/ឬ ដឹកនាំកិច្ចប្រជុំជំនួសបាន។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារចំពោះកិច្ចក្រសួងយុត្តិធម៌កំពុងពិនិត្យតាមនីតិវិធីលើសេចក្ដីព្រាងច្បាប់ទាំង ៣ នេះត្រង់ជំពូកទោសប្បញ្ញត្តិ ក្រោយពីអន្តរក្រសួងបានបញ្ជូនច្បាប់ទាំងនេះមកក្រសួងកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២។
លោកថ្លែងថា៖ «ក្រោយពីបានទទួលសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ក្រុមការងារក្រសួងនឹងធ្វើការពិនិត្យ និងផ្តល់យោបល់លើផ្នែកដែលពាក់ព័ន្ធនឹងទោសប្បញ្ញត្តិនេះ។ ចំពោះរយៈពេលប៉ុន្មានដែលត្រូវបញ្ចប់ហើយបញ្ជូនទៅគណៈរដ្ឋមន្ដ្រីពិនិត្យ និងសម្រេចគឺយើងមិនទាន់អាចកំណត់បានទេ»។
លោក ប៉ែន បុណ្ណារ៍ មន្ត្រីជាន់ខ្ពស់សមាគមអាដហុកបានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់នេះឡើងវិញនឹងមានចែងច្បាស់អំពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ មន្ដ្រីនគរបាល និងអ្នករាជការសាធារណៈចំពោះកាតព្វកិច្ចក្នុងការចូលរួមការពារថែរក្សាធនធានធម្មជាតិ ព្រៃឈើតាមរយៈការដាក់ជាកាតព្វកិច្ចគឺបណ្ដឹងបរិហារតែម្ដង។
លោកថ្លែងថា៖ «យើងតែងតែគិតថា ច្បាប់ទាំង ៣ នេះប្រសិនបើមានការអនុវត្ដមានប្រសិទ្ធភាព ត្រូវបានមន្ដ្រីនគរបាលយុត្តិធម៌គ្រប់ទីកន្លែង តំណាងអយ្យការអមសាលាដំបូងគ្រប់ខេត្ត អនុវត្តបានតាមច្បាប់ចាស់គឺអាចទប់ស្កាត់បាននូវបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត»។
កាលពីថ្ងៃទី ៨ ខែសីហា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យលើការរៀបចំសេចក្ដីព្រាងច្បាប់ទាំងនេះថា ការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ទាំង ៣ នេះ គឺជាការអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានឱ្យដឹងថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង ៣ នេះមានគោលដៅធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជា៕