ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសហាមឃាត់គណនីឈ្មោះ Mak Kim Long Online Shop ដែលបានផ្សព្វផ្សាយលក់ឱសថព្យាបាលជំងឺកូវីដ ១៩ គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១៩ ខែសីហា ថា គណនីនេះ កំពុងផ្សព្វផ្សាយលក់ឱសថ Molnupiravir (Moalnatris) គ្មានលេខបញ្ជិកា ព្រមទាំងមានលក់តេស្តរហ័សរកវីរុសកូវីដ ១៩មួយចំនួនទៀត។
ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីហ្វេសប៊ុកនេះ រួមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់ការលក់ឱសថ និងឧបករណ៍បរិក្ខារពេទ្យតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ឱសថ និងឧបករណ៍បរិក្ខារពេទ្យគ្រប់ប្រភេទ ដែលលក់តាមប្រព័ន្ធអនឡាញជាបន្តទៀត ព្រោះផលិតផលទាំងនេះភាគច្រើនជាផលិតផលខុសច្បាប់ ហើយអាចជាផលិតផល ក្លែងក្លាយទៀតផង»។
ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋដែលបានស្គាល់ម្ចាស់គណនីនេះ ឬជនពាក់ព័ន្ធ ឬបានស្គាល់ទីតាំងដែលកំពុងចែកចាយ ឬលក់ផលិតផល Molnupiravi និងឧបករណ៍តេស្តរហ័សកូវីដ ១៩ គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល សហការផ្តល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងរបស់ក្រសួងសុខាភិបាល៕
រី សុចាន់