ប្រទេសកម្ពុជាបាននិងកំពុងសិក្សាលើគម្រោងសំណើរៀបចំបង្កើតស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលបញ្ចេញកាបូនតិច និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងសំណើរៀបចំបង្កើតស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility) នាទីស្តីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២។
កិច្ចប្រជុំនេះមានការចូលរួមពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងធនាគារជាតិកម្ពុជា និងតំណាងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។
ក្រសួងបរិស្ថានបានលើកឡើងថា៖ «កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាក្នុងការរៀបចំបង្កើតស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា និងពីដំណើរនីតិវិធីផ្តល់ហិរញ្ញប្បទាន និងកម្ចីទៅឱ្យវិស័យឯកជនក្នុងការចូលរួមអនុវត្តគម្រោងបៃតងនានា និងគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបញ្ចេញកាបូនតិច ហើយដែលធន់នឹងអាកាសធាតុលើវិស័យអាទិភាពរួមមាន ព្រៃឈើ និងការប្រើប្រាស់ដី កសិកម្ម ធនធានទឹក ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូនព្រមទាំងរួមចំណែក គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
ក្នុងកិច្ចពិភាក្សានោះ ក្រុមហ៊ុន Mekong Strategic Partner បានធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាស្តីពីការបង្កើតស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា និងបានប្រមូលធាតុចូលពីវិស័យឯកជន ជាពិសេសមតិយោបល់ និងអនុសាសន៍ដ៏មានសារៈប្រយោជន៍ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB៕