ភ្នំពេញៈ លោក អាប់ឌូឡា សាហ៊ីដ (Abdulla Shahid) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី ៧៦ និងជារដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២១-២២ ខែសីហា។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១៩ ខែសីហា ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក អាប់ឌូឡា សាហ៊ីដ នឹងជួបជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកក៏នឹងមានជំនួបជាមួយលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ នឹងសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនារបស់កម្ពុជានៅក្នុង អ.ស.ប ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់អាស៊ាន និង អ.ស.ប ក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម»។
សេចក្តីប្រកាសព័ត៌មានបន្តថា ការធ្វើឱ្យតួនាទីរបស់ អ.ស.ប កាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន អ.ស.ប ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ៕