ព្រះសីហនុៈ ក្រោយពីមានការណែនាំពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឱ្យមេខ្លោងដែលបន្លំធ្វើជាជនរងគ្រោះក្នុងករណីវិវាទដីធ្លីហើយប្រមូលផ្ដុំពលរដ្ឋចូលទៅទន្ទ្រានដីរដ្ឋ កាលពីថ្ងៃទី ១៧ ខែសីហា ចេញសារភាព មានមេខ្លោងចំនួន៣នាក់ បានចេញមុខទទួលកំហុស និងសារភាព ចំពោះទង្វើបំផុសបំផុលពលរដ្ឋ ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីព្រៃ របស់រដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ការចូលខ្លួនសារភាពកំហុសជាបន្តបន្ទាប់របស់ក្រុមមេខ្លោងនេះ ធ្វើឡើងក្រោយពី លោក ហ៊ុន សែន បានណែនាំឱ្យមេខ្លោងដែលបន្លំធ្វើជាជនរងគ្រោះក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស ខណៈលោកអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
ជនជាមេខ្លោងម្នាក់ ឈ្មោះផុន ផេន ភេទប្រុស ជាអ្នកដឹកនាំ និងបំផុសបំផុលប្រជាពលរដ្ឋចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានសារភាពថា លោក និងគ្នីគ្នាឈ្មោះ កែម ហាន ឈ្មោះនាង វឹង រួមនឹងប្រជាពលរដ្ឋមួយចំនួនទៀត បាននាំពលរដ្ឋ ទៅធ្វើសកម្មភាពចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៅភូមិសាស្ត្រចំណុចគីឡូម៉ែត្រលេខ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។
មេខ្លោងរូបនេះសារភាពថា៖«ខ្ញុំបាទបានចូលទៅយកដីរដ្ឋធ្វើជាកម្មសិទ្ធិ បើបានក៏បានទៅ បើមិនបានក៏ហីទៅ»។
លោកបន្តថា ពេលដែលលោកទៅដល់ទីតាំងដីដែលត្រូវទន្ទ្រាន កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន១០នាក់ ពេលនោះលោកបានត្រឡប់មកផ្ទះវិញដោយភិតភ័យ។ ប៉ុន្ដែក្រោយមក ក៏បានហៅសារព័ត៌មានមកធ្វើការផ្សព្វផ្សាយបន្លំធ្វើជាជនរងគ្រោះ ដើម្បីឱ្យព័ត៌មានបានដឹងឮដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
មេខ្លោងរូបនេះបន្តថា៖«ដោយខ្ញុំបានផ្សាយព័ត៌មាន ខ្ញុំធ្វើខុសសោះ តែខ្ញុំចោទអាជ្ញាធរធ្វើខុសវិញ។ ឃើញអាជ្ញាធរចាប់ប្រជាពលរដ្ឋ ខ្ញុំចង់ឱ្យសម្ដេចបានជួយអន្តរាគមន៍។ ដូច្នេះហើយទើបបានខ្ញុំចេះតែស្រែក តាពីសតាពាស [ពាសវាលពាសកាល]ដោយសារតែកម្រិតវប្បធម៌ខ្ញុំទាប ហើយខ្ញុំក៏អត់យល់ដឹងដែរ ខ្ញុំចង់ឱ្យសម្ដេចជួយពេក។ អ៊ីចឹងទើបខ្ញុំបានស្រែកថា អយុត្តិធម៌ណាស់ៗ»។
លោកសារភាពថា៖«ខ្ញុំបានធ្វើខុសច្បាប់ បែរជាខ្ញុំមិនគិតថា ខ្ញុំខុសច្បាប់។ អាជ្ញាធរទៅដល់ទីនោះអាជ្ញាធរបានឃាត់ពួកខ្ញុំមិនឱ្យធ្វើសកម្មភាព ប៉ុន្ដែពេលពួកខ្ញុំឃើញអាជ្ញាធរចាប់ពួកខ្ញុំ [ពួកខ្ញុំ]បានចោទប្រកាន់អាជ្ញាធរថា ចាប់ខ្ញុំខុសច្បាប់ បែរជាអត់ដឹងកំហុសខ្លួនឯងដែលទៅបំផ្លាញដីរដ្ឋ»។
លោកផុន ផេន បានគោរពអរគុណលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងអាជ្ញាធរខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យពួកគេមានឱកាសចេញមកសារភាពទទួលកំហុស និងអំពាវនាវដល់ពលរដ្ឋបញ្ឈប់សកម្មភាពទន្ទ្រានដីរដ្ឋដោយខុសច្បាប់បែបនេះបន្តទៀត។
នៅថ្ងៃទី២១ ខែសីហានេះ មេខ្លោង១រូបទៀត ឈ្មោះ កែម ហាន ភេទប្រុស មានលំនៅ ក្នុងភូមិសែនជ័យ នៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសារភាពថា ដោយសារខ្លួន និងបក្ខពួកមានគំនិតចង់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ទើបនាំគ្នាឡើងមកទន្ទ្រានដីរដ្ឋនៅចំណុចគីឡូម៉ែត្រលេខ១៥ ភូមិចាំស្រី ឃុំកំពង់សីលា។
លោកថា៖«ចាប់ពីថ្ងៃនេះទៅ ខ្ញុំឈប់ទៅពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋនេះទៀតហើយ។ សូមបងប្អូនទាំងអស់គ្នា ប្រជាពលរដ្ឋ កុំធ្វើតម្រាប់តាមខ្ញុំតទៅទៀត នេះជាអំពើខុសឆ្គង។ សូមបងប្អូន២៩០នាក់ហ្នឹង ពីថ្ងៃហ្នឹងទៅ ឈប់ទៅទន្ទ្រានយកដីរដ្ឋទៀត»។
មេខ្លោងម្នាក់ទៀត ឈ្មោះនាង វឹង ភេទប្រុស មានលំនៅ ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា បានសារភាពថា មានការពាក់ព័ន្ធជាមួយនឹងឈ្មោះកែម ហាន និងឈ្មោះផុន ផេន ក្នុងការចូលទៅទន្ទ្រានកាន់កាប់យកដីរដ្ឋនៅចំណុចគីឡូម៉ែត្រលេខ១៥ ភូមិចាំស្រី ឃុំកំពង់សីលា។
លោកបន្តថា៖«ពួកខ្ញុំបាននាំគ្នាឡើងទៅ ប៉ុនប៉ង និងចាប់យកដីរបស់រដ្ឋ នៅចំណុចគីឡូម៉ែត្រលេខ១៥ ភូមិចាំស្រី ឃុំកំពង់សីលា។ ពេលមុននឹងឡើងទៅ បានប្រជុំពិភាក្សាគ្នាចំនួន ៣ដង ក្នុងនោះ ២ដងពិភាក្សានៅផ្ទះបងផុន ផេន និងលើកទី៣ ប្រជុំនៅថ្ងៃកើតហេតុ កាលពីថ្ងៃទី១៣ ខែមីនា»។
មេខ្លោងរូបនេះថា ក្រោយពីកើតហេតុ ហើយដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនប្រជាពលរដ្ឋមួយចំនួន ដូច្នេះក៏រត់ទៅរស់នៅជិតព្រំដែនថៃ។ ពេលទៅដល់ព្រំដែនថៃ រស់នៅអស់រយៈពេលច្រើនថ្ងៃ ទើបទទួលបានដំណឹងថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឱ្យចូលខ្លួនមកសារភាព ទើបចូលខ្លួនមកសារភាពតាមច្បាប់។
លោកហ៊ុន សែន ថ្លែងពេលអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយបានណែនាំឱ្យមេខ្លោងដែលប្រមូលពលរដ្ឋទៅចូលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីឯកជន ចូលទៅសារភាពជាមួយអាជ្ញាធរ មុនពេលសមត្ថកិច្ចចុះឃាត់ខ្លួន។
លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា៖«មេខ្លោងម្នាក់នេះ ត្រូវទៅបង្ហាញខ្លួនយ៉ាងឆាប់នៅឯខេត្ត រួចហើយចាំនិយាយគ្នាក្រោយ។ ត្រូវទៅទទួលខុសត្រូវ អ្នកឯងប្រមូលប្រជាជនទៅកាប់ទន្ទ្រានដីរបស់រដ្ឋ»៕