ភ្នំពេញៈ បេឡា​ជាតិ​របប​សន្តិ​សុខសង្គម (ប.ស.ស) បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ២០ ខែសីហា​ មាន​កម្មករនិយោជិត​សរុប​ជាង ៧៨ ម៉ឺន​នាក់ ឬ​ស្មើនឹង ១ ៦០០ លើក បាន​ចូលរួម​ឈ្វេងយល់​ស្តីពី​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន តាមរយៈ​យុទ្ធនា​ការ ៩០ ថ្ងៃ ចុះ​ផ្សព្វ​ផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ទូទាំងប្រទេស។

លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គ​នាយករង ប​សស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២១ សីហា​ថា មាន​កម្មករ​និយោជិត​សរុប​ប្រមាណ​ជាង ៧៨ ម៉ឺន​នាក់ បាន​ចូលរួម​ឈ្វេង​យល់​ស្តីពី​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​​ចំនួន ១ ៦០០​ លើក គិត​ត្រឹម​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ​ ២០២២ ។

តួលេខ​នេះ គឺ​យោងតាម​របាយការណ៍​ស្ដីពី​យុទ្ធនាការ ៩០ថ្ងៃ នៃ​ការចុះ​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន របស់​ក្រុម​ការងារ​ត្រីភាគី​សម្រាប់​ការចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​នៅ​ទូទាំង​ ២៥ ​រាជ​ធានី-​ខេត្ត​។

លោក​បញ្ជាក់​ថា៖«តាម​រយៈ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ខាងលើនេះ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ​ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​សំណាក់​ភាគី​និយោ​ជក ដែលជា​ម្ចាស់​សហ​គ្រាស គ្រឹះស្ថាន»។

ជាមួយ​គ្នា​នេះ លោក​ហេង សុផាន់​ណា​រិ​ទ្ធ បាន​ឱ្យដឹង​បន្តថា បសស​ បាន​និង​កំពុង​បន្ត​បង្កើន​ការផ្សព្វ​ផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​ទៅកាន់​ ​​កម្មក​រ​និយោជិត​ទូទាំង​ប្រទេស​ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ទាំងអស់​បាន​យល់ដឹង​កាន់តែច្បាស់​ អំពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ថ្មី​មួយ​នេះ។

លោក​បញ្ជាក់​ថា៖«ចំពោះ​រោង​ចក្រ សហ​គ្រាស គ្រឹះស្ថាន​ដែល​បាន​ចុះ​បញ្ជិកា​ជាមួយ បសស ផ្នែក​ហានិ​ភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​រួច នៅ​ពេល​ដល់​ខែតុលា ​ខាងមុខ និង​ត្រូវបាន​ចុះ​បញ្ជិកា​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ដោយ​ស្វ័​យប្រ​វត្តិ ចំនួន​ប្រហាក់​ប្រហែល​ជាង ១លាន​៣​សែន​នាក់»។

កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០២២​ កម្ពុជា​បានចេញ​បទ​ប្បញ្ញត្តិ​អនុវត្ត​ប្រព័ន្ធ​សោធន​និវត្តន៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (បសស) ខណៈ​ក្រសួង​ការងារ ប្រកាស​ថា ការបង់​ភាគទាន​ប្រាក់​សោធន​និវត្តន៍​នឹង​ចាប់ផ្តើម​កាត់​ដោយ​ស្វ័យ​ប្រវត្តិ​ចាប់ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២​តទៅ។

លោក មឿ​ន តុលា នាយក​ប្រតិបត្តិ មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្សថ្លែង​ថា ​ការផ្តល់​កម្ម​វិធី​ប្រាក់​សោធន​ដល់​វិស័យ​ឯកជន គឺជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​កម្មករ ដែល​អាច​ទទួលបាន​ផលប្រយោជន៍​ពី​កម្មវិធី​របប​សន្តិសុខ​សង្គម​នេះ។

យ៉ាងណាក្តី​ លោក រំពឹងថា អត្ថ​​ប្រយោជន៍​ដែល​កម្មករ​ក្នុង​វិស័យ​ឯកជន​ទទួលបាន​ក្នុងពេល​ចូលនិវត្តន៍ ក៏​សមរម្យ​ផង​ដែរ ខណៈ​លោក ចង់ឃើញ​ការចូល​​រួម​ចំណែក​ផ្តល់​ឱ្យ​ដោយ​រដ្ឋ​បន្ថែម​ទៀត ​ចំពោះ​ការផ្តល់ជូន​នេះ ព្រោះតែ​ការបង់​ភាគទាន គឺ​មានតែ​ក្រុមហ៊ុន និង​កម្មករ​ខ្លួន​ឯង​សុទ្ធសាធ។

លោក បាន​រៀប​រាប់ថា៖«អ្វីដែល​ខ្ញុំ​តាមដាន​កន្លង​មក គឺ​ឃើញ​ការ​បង់​ភាគទាន​នេះ គឺ​មិនឃើញ​ខាង​រដ្ឋ​ចេញ​សោះ គឺ​ឃើញ​មានតែ​ខាង​ក្រុមហ៊ុន និង​​កម្មករ​និយោជិត។ ខ្ញុំ គិតថា កន្លែង​នេះ គួរតែមាន​ចំណែក​ពី​ខាង​រដ្ឋ ព្រោះ​រដ្ឋ​ជា​អ្នកយក​លុយ​នេះ​មក​គ្រប់គ្រង ហើយ​បន្ទាប់មក​បាន​ផ្តល់ជូន​ទៅ​កម្មករ ​ពេល​ចូលនិវត្តន៍។ កម្មករ​ទាំងអស់ សុទ្ធតែ​បាន​បង់ពន្ធ​ប្រាក់ខែ​ចូល​រដ្ឋ​ហើយ ដូច្នេះ រដ្ឋ​នៅតែមាន​ចំណែក​ក្នុង​ការដាក់​ប​ញ្ចូ​ល​ក្នុង​ប្រាក់​សោធន​នេះ»។

ក្រៅ​លើកឡើង​បែប​នេះ លោក មឿ​ន តុលា ក៏​ចង់ឃើញ​ការ​ទុកដាក់​ចំណែក​សន្សំ​របស់​កម្មក​រ​នូវ​ប្រាក់​សោធន​នេះ ឱ្យមាន​តម្លាភាព​ផងដែរ ហើយ​ត្រូ​បង្ហាញ​តម្លាភាព និង​គណនេយ្យភាព​ ​ពេល​រដ្ឋ​យក​ថវិកា​ទាំងនោះ ទៅធ្វើ​ការវិ​និយោគ​លើ​កិច្ចការ​អ្វីមួយ។

សូមជម្រាបថា ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​បានកំណត់​ការ​គ្រប់​គ្រង​របប​សន្តិ​សុខ​សង្គម​​​ចំនួន ៤ ដែល​រួមមាន​ ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព ផ្នែក​ប្រាក់​សោធន និង​ផ្នែក​និកម្មភាព​ការងារ។

មកដល់ពេលនេះ កម្ពុជា បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន​៣​រួចមក​ហើយ គឺ​ទី១. ផ្នែក​ហានិភ័យ​ការងារ​អនុវត្ត​នៅ​ឆ្នាំ ២០០៨ ទី២. ផ្នែក​ថែទាំ​សុខភាព​អនុវត្ត​នៅ​ឆ្នាំ ២០១៦ និង​ទី៣. ផ្នែក​ប្រាក់​សោធន ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ចាប់ពី​ខែ​តុលា ឆ្នាំ ២០២២​តទៅ​។ នេះ​បើតាម​​ក្រសួង​ការងារ។

គិត​ត្រឹម​ខែ​មិថុនា ប​សស បាន​ទទួល​ចុះបញ្ជី​សហគ្រាស​ គ្រឹះស្ថាន​ក្នុង​វិស័យ​ឯកជន​ប្រមាណ ១ ម៉ឺន​ស្ថាប័ន ដោយ​ក្នុងនោះ មាន​បុគ្គលិក​ប្រមាណ ២ លាន​នាក់ បាន​និង​កំពុង​ស្ថិតក្នុង​បញ្ជី​របស់ ប​សស ដើម្បី​ទទួល​អត្ថ​ប្រយោជន៍​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខ​ភាព៕

វីដេអូ៖