កំពង់ធំៈ មន្ត្រីធនធានទឹកខេត្តកំពង់ធំបាននិយាយថា កម្ពស់ទឹកស្ទឹងសែននាពេលនេះបានចាប់ផ្ដើមស្រកចុះជាបណ្ដើរៗឡើងវិញហើយ បន្ទាប់ពីបានជន់ឡើងខ្លាំងហួសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន កាលពីដើមសប្ដាហ៍មុន ប៉ុន្តែស្ថានភាពអាកាសធាតុនៅតែបន្តអួអាប់ និងមានភ្លៀងធ្លាក់ដោយកន្លែងនៅឡើយ។
លោក ហេ គឿន ប្រធានការិយាល័យនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី ២១ ខែសីហាថា កម្ពស់ទឹកស្ទឹងសែនបានស្រកចុះមកនៅត្រឹម ១៣,៥២ ម៉ែត្រ បើធៀបនឹងថ្ងៃទី ១៨ ខែសីហាកន្លងមកនេះ ទឹកបានស្រកចុះអស់ ៦ សង់ទីម៉ែត្រ។ ប៉ុន្តែកម្ពស់ទឹកនៅតែខ្ពស់ជាងកម្រិតត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ២ សង់ទីម៉ែត្រទៀតនៅឡើយ។
លោកបានថ្លែងថា៖ «យោងតាមស្ថានភាពអាកាសធាតុ និងនិន្នាការនៃចរន្តទឹកស្ទឹងសែននាពេលនេះ កម្ពស់ទឹកនឹងបន្តស្រកចុះជា-បន្តបន្ទាប់ថែមទៀត នៅក្នុងសប្ដាហ៍នេះ»។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះទឹកជំនន់ និងបានបញ្ជាឱ្យកងកម្លាំងបញ្ជាការឯកភាពខេត្តសហការជាមួយកម្លាំងបញ្ជាការឯកភាពក្រុង-ស្រុក ចុះពិនិត្យស្ថានភាពទឹកស្ទឹង និងត្រៀមគ្រប់មធ្យោបាយ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង។
លោកបានបញ្ជាក់ថា៖ «ថ្វីបើទឹកបានស្រកចុះបន្តិចក្ដី ប៉ុន្តែនៅមិនទាន់ស្រកផុតពីកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ននោះទេ ដូច្នេះយើងមិនត្រូវមើលស្រាលនោះឡើយ។ យើងត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា នឹងត្រៀមគ្រប់មធ្យោបាយ និងកងកម្លាំង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ និងស្ដារឡើងវិញពីហានិភ័យនៃគ្រោះមហន្តរាយនេះ»។
កាលពីដើមខែសីហា ជំនន់ទឹកភ្លៀង និងទឹកទន្លេស្រែពកបានបង្កជន់លិចលំនៅឋានប្រជាពលរដ្ឋជាង ៤០០ គ្រួសារ នៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី។ ប្រជាពលរដ្ឋជាង ៣០០ គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀង និងទឹកអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានបង្កជន់លិចលំនៅឋានប្រជាពលរដ្ឋមួយចំនួន ក្នុងតំបន់ទីប្រជុំជនក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ។ ទោះជាបែបណាក្ដី ក្រុមអន្តរាគមន៍សង្គ្រោះនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំង ១៦ អង្គភាព បានសហការជាមួយកម្លាំងអាជ្ញាធរខេត្តនីមួយៗ បានចុះជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋពីតំបន់រងគ្រោះ និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងស្ពាន ដែលខូចខាតដោយគ្រោះទឹកជំនន់៕