ភ្នំពេញៈ គ្រឹះស្ថានអប់រំមួយចំនួន ចាប់ផ្តើមរឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសាលាឡើងវិញ ក្រោយពីសិស្សានុសិស្សមួយចំនួន បានប្រើប្រាស់ទូរស័ព្ទដៃក្នុងរឿងមិនគប្បី ហើយប្រាសចាកពីវិន័យសាលា ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សា និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។
ការប្រកាសហាមប្រាម និងរឹតបន្តឹងនេះ បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ពាក់ព័ន្ធ នឹងករណីសិស្សនៅវិទ្យាល័យ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលត្រូវបានគ្រូវិន័យដកទូរស័ព្ទដៃផ្ទាល់ខ្លួន និងហៅទៅសួរនាំម្ដងម្នាក់ៗ ដោយសារតែពួកគេ បានវក់ នឹងការលេងហ្គេមក្នុងថ្នាក់ មើលរឿងអាសអាភាសក្នុងថ្នាក់ ប្រើប្រាស់ទូរស័ព្ទទាក់ទងស្នេហា និងលេង TikTok ក្នុងថ្នាក់ជាដើម។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ សីហាថា ការរឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទដៃ គឺធ្លាប់ត្រូវបានផ្សព្វផ្សាយក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ដើម្បីឱ្យសាលាទាំងអស់ ដាក់ចេញនូវវិធានការ ក្នុងការប្រើប្រាស់ទូរស័ព្ទទដៃឱ្យបានត្រឹមត្រូវ។
ដោយសារតែ ថ្មីៗនេះ ការប្រើប្រាស់ទូរស័ព្ទដៃ ត្រូវបានបើកទូលាយ លោក សង្កត់ធ្ងន់ថា ការរៀបចំបទបញ្ជាផ្ទៃក្នុងនៅតាមសាលាឱ្យបានតឹងរឹង និងខុសៗគ្នាបន្ថែមទៀត ទៅតាមសាលារៀននីមួយៗ គឺចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សចូលរួមគោរពតាម និងឱ្យការប្រើប្រាស់ទូរស័ព្ទដៃនេះ មានភាពត្រឹមត្រូវ។
យ៉ាងណា ជាមួយនឹងការរឹតបន្តឹងនេះ លោក ហែម ស៊ីណារ៉េត នៅតែជំរុញឱ្យតាមសាលារៀននីមួយៗ ធ្វើការគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍ទំនើបនៅក្នុងសាលារៀនឱ្យបានត្រឹមត្រូវ ខណៈការបើកទូលាយឱ្យប្រើប្រាស់ទូរស័ព្ទដៃក្នុងការសិក្សា នៅតែត្រូវបានលើកទឹកចិត្តដដែល។
លោក ថ្លែងថា៖ «ការរឹតបន្តឹងទូរស័ព្ទដៃនៅក្នុងសាលានេះ មកដល់ម៉ោងនេះ មន្ទីរ និងលោកគ្រូ អ្នកគ្រូ នាយកសាលា គឺជំរុញឱ្យប្រើប្រាស់ទូរស័ព្ទដៃដើម្បីរៀនតាមអនឡាញ។ ប៉ុន្តែត្រូវចេះប្រើពេលវេលាណាដែលត្រូវប្រើ ដោយឈរលើម៉ោងបង្រៀន។ បើសិនម៉ោងបង្រៀនណា ដែលមិនត្រូវឱ្យប្រើទូរស័ព្ទដៃទេ គឺមិនត្រូវឱ្យប្រើប្រាស់នោះទេ សូម្បីតែសំឡេង ក៏ត្រូវបញ្ជាឱ្យបិទដែរ»។
ជាមួយនឹងការប្រកាសឱ្យមានការរឹតបន្តឹងនេះ លោក ហែម ស៊ីណារ៉េត បានអះអាងថា មកដល់ពេលនេះ មិនទាន់របាយការណ៍ពីតាមបណ្តាសាលានៅទូទាំងរាជធានីភ្នំពេញណាមួយ បានរាយការណ៍អំពីសកម្មភាពនៃការប្រព្រឹត្តកំហុសធ្ងន់ធ្ងររបស់សិស្សានុសិស្ស អំពីការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងន័យប្រាសចាកអំពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងនោះទេ ខណៈដែលលោក នឹងបន្តតាមដានបន្តទៀត ដើម្បីធានាថា ការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្ស គឺគោរពទៅតាមវិន័យដែលសាលាអនុញ្ញាត។
ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានបើកទូលាយឱ្យសិស្សានុសិស្ស អាចប្រើប្រាស់ទូរស័ព្ទដៃបានដោយសេរី ដើម្បីតាមដានការសិក្សាតាមកម្មវិធីអនឡាញ ដែលរៀបចំឡើងដោយក្រសួង ខណៈការប្រើប្រាស់ឧបករណ៍ទំនើបទាំងនេះ ក្នុងន័យគាំទ្រដល់ការរៀនសូត្ររបស់សិស្ស និងការបង្រៀនរបស់គ្រូដែលជាជំនួយដ៏សំខាន់ក្នុងការសិក្សាពីចម្ងាយរបស់សិស្ស។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ សីហាថា ក្រសួងមិនហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ ឬបច្ចេកវិទ្យាដែលគាំទ្រដល់ការរៀនរបស់សិស្ស និងការបង្រៀនរបស់គ្រូឡើយ ពីព្រោះក្នុងបរិបទវិបត្តិកូវីដ ១៩ ការប្រើប្រាស់ឧបករណ៍ទំនើបទាំងនេះគឺជាជំនួយដ៏សំខាន់ក្នុងការសិក្សាពីចម្ងាយរបស់សិស្ស។
ប៉ុន្តែលោក អះអាងថា ប្រសិនបើសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងរឿងមិនគប្បី ប្រាសចាកវិន័យក្នុងសាលា ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សា និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម ដូចជាការលេងហ្គេម មើលរឿងអាសអាភាស ថតវីដេអូ ឬរូបភាពមិនគប្បីនានា ឬប្រើប្រាស់បណ្ដាញសង្គមច្រើនពេករំខានដល់ការសិក្សា នោះក្រុមប្រឹក្សាវិន័យតាមសាលានីមួយៗអាចដាក់ការពិន័យទៅតាមកម្រិតនៃកំហុស ឬក៏ផ្ដល់ការអប់រំឱ្យកែប្រែកំហុសឡើងវិញ។
លោក រស់ សុវាចា បានថ្លែងថា៖ «ចំពោះសិស្សដែលប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ត្រូវដាក់ឱ្យក្រុមប្រឹក្សាវិន័យពិនិត្យ និងសម្រេចទៅតាមកម្រិតនៃកំហុស ក្រោមរូបភាពណែនាំ ស្ដីបន្ទោស ដោយចុះក្នុងសៀវភៅសិក្ខាគារិក ព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកការសិក្សាបណ្ដោះអាសន្ន លុបឈ្មោះចេញពីបញ្ជីសិក្សា ឬបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច»។
កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០០៩ ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដែលមានគោលបំណងរៀបចំគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈទាំងឡាយឱ្យមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ វិន័យ និងសីលធម៌ល្អ ក្នុងគោលដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំ។
ប្រកាសនេះបានចែងដល់ការគោរពវិន័យ និងការរក្សាសីលធម៌ ដែលតម្រូវឱ្យសិស្សានុសិស្សទាំងអស់រក្សាវិន័យ សីលធម៌ និងមិនគប្បីធ្វើអំពើដែលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គ្រឹះស្ថានសិក្សា និងប្រទេសជាតិ ដូចជាការប្រើប្រាស់ទូរស័ព្ទដែលប្រាសចាកពីការរៀន និងបង្រៀន ឬលេងហ្គេមក្នុងទូរស័ព្ទដៃក្នុងពេលកំពុងរៀនជាដើម។ ប្រកាសដដែលនេះក៏បានចែងផងដែរថា សិស្សានុសិស្សមិនត្រូវមើលភាពយន្ត សៀវភៅរឿង ទស្សនាវដ្តី រូបភាពអាសអាភាស និងប្រព្រឹត្តអំពើអាសអាភាស អំពើដែលនាំឱ្យមានគ្រោះថ្នាក់ ឬអំពើដែលនាំបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងគ្រឹះស្ថានសិក្សានោះឡើយ។ នេះបើតាមការអះអាងរបស់លោក រស់ សុវាចា៕