ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រៀមជ្រើសរើសមន្ត្រីរយៈពេលខ្លីប្រមាណជិត ៥ ពាន់នាក់ ដែលនៅក្នុង ឃុំ-សង្កាត់ ១ ៦៥២ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះបោះឆ្នោត និងត្រួតពិនិត្យបញ្ជី ឈ្មោះបោះឆ្នោត ក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ ២០២២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែសីហាថា ការជ្រើសរើសនេះនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២។ សមាសភាពនេះមាន ១ ក្រុម ៣ នាក់ ប្រធាន ១ រូប សមាជិកការីកុំព្យូទ័រ ១ រូប និង ១ រូបទៀតជាស្មៀនឃុំ-សង្កាត់ ដែលត្រូវតែងតាំងដោយ គជប។ គជប នឹងសម្រេចជាផ្លូវការចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២។
លោក សោម សូរីដា ថ្លែងថា ការត្រួតពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ដែលមានរយៈពេល ៥០ ថ្ងៃ។ គជប នឹងប្រកាសសុពលភាពការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតផ្លូវការនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលជាបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែសីហាថា អង្គការរបស់លោក ក៏នឹងត្រៀមដាក់ភ្នាក់ងារតាមសង្កេតការណ៍សម្រាប់ត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នេះដែរ ប៉ុន្តែរង់ចាំមើលជំនួយជាមុនសិន។
លោកថា៖ «អារឿងជ្រើសរើសក្រុមមន្ត្រីអីហ្នឹង គជប គេអ្នកធ្វើ ព្រោះគេត្រូវការបណ្តុះបណ្តាលពីនីតិវិធី ហើយការជ្រើសរើសនេះ អង្គការយើងខ្ញុំមិនបានតាមដានទេ យើងសង្កេតការណ៍នៅពេលដែលចុះឈ្មោះទេ»៕