ភ្នំពេញៈ លទ្ធផលបឋមនៃរបាយការណ៍ ១ រកឃើញថា គម្រោងទំនប់វារីអគ្គិសនីចំនួន ២ គឺទំនប់ដនសាហុង និងសាយ៉ាបូរី របស់ប្រទេសឡាវ នៅតាមដងទន្លេមេគង្គ បានបង្កឱ្យមានផលប៉ះពាល់កម្រិតមធ្យមដល់លំហូរទឹក កំណកកករ និងជលផលនៃទន្លេនេះ។ ក្រុមអ្នកអង្កេតស្នើឱ្យធ្វើការតាមដាន ២-៣ ឆ្នាំទៀត ដើម្បីទាញការសន្និដ្ឋានដ៏រឹងមាំមួយពីផលប៉ះពាល់ នៃការអភិវឌ្ឍទំនប់វារីអគ្គិសនី និងសម្ពាធនានាដែលបង្កឡើងដោយសកម្មភាពមនុស្ស។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទី ២២ ខែសីហា បានចេញផ្សាយកាលពីសប្តាហ៍មុនថា៖ «គម្រោងទំនប់វារីអគ្គិសនីចំនួន ២ តាមដងទន្លេដ៏សំខាន់ជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ តែក្នុងកម្រិតមធ្យមទៅលើលំហូរទឹកកំណកកករ និងជលផល»។
ជាមួយនឹងទិន្នន័យតាមដានរយៈពេលប្រមាណ ១ ឆ្នាំ ក្រុមអ្នកអង្កេតលើកឡើងថា វាលឿនពេកក្នុងការធ្វើសេចក្តីសន្និដ្ឋានជាក់លាក់ណាមួយ។ ក្រុមអ្នកអង្កេតដែលមានជាតិសាសន៍ចម្រុះដែលចូលរួមដំណើរការគម្រោងសាកល្បងកម្មវិធីតាមដានបរិស្ថានរួម (JEM) របស់ MRC បានវាស់ស្ទង់លើសូចនាករសំខាន់ៗចំនួន ៥ នៃសុខុមាលភាពទន្លេមេគង្គ រួមមានជលសាស្ត្រ កំណកកករ គុណភាពទឹក អេកូឡូស៊ីក្នុងទឹក និងជលផល។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា តាមរយៈការសាកល្បងកម្មវិធីនេះ នៅតាមគម្រោងទំនប់វារីអគ្គិសនីថ្មីៗទាំង ២ គឺគម្រោងដនសាហុង និងសាយ៉ាបូរី MRC មានគោលដៅបង្កើតឱ្យបាននូវវិធីសាស្ត្រ និងបទដ្ឋានតាមដាននានា ដែលប្រតិបត្តិករទំនប់ទាំងអស់លើទន្លេមេ នៃទន្លេមេគង្គ អាចនឹងប្រើប្រាស់អនុវត្តបាន នាពេលអនាគត។
ក្នុងចំណោមការរកឃើញសំខាន់បំផុតនៃការសាកល្បងនេះ ក្រុមអ្នកតាមដាន បានសង្កេតឃើញថា លំនាំលំហូរទន្លេ ជារួមមិនមានការប្រែប្រួលនោះទេ។ នៅតំបន់ផ្នែកខាងលើទំនប់ សុខុមាលភាពអេកូឡូស៊ីរបស់ទន្លេ មានកម្រិត «ល្អ» និង«មធ្យម» ក្នុងតំបន់អាងស្តុក ក៏ដូចជាតំបន់ផ្នែកខាងក្រោមនៃទំនប់ទាំង២។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមអ្នកតាមដាន បានសង្កេតឃើញថា គុណភាពទឹកស្ថិតក្នុងស្ថានភាព «ល្អ» សម្រាប់ការប្រើប្រាស់របស់មនុស្ស។ ក្នុងតំបន់អាងទំនប់ មិនមានភ័ស្តុតាងបង្ហាញពីការបង្កើតស្រទាប់កករ ដែលអាចជះឥទ្ធិពលដល់ទាំងគុណភាពទឹក និងជលផលទេ។ ប៉ុន្តែនៅពេលទឹកហូរកាត់តាមទំនប់ វាមានភ័ស្តុតាងតិចតួច បង្ហាញពីការប្រែប្រួលគុណភាពទឹកនៅផ្នែកខាងក្រោមទន្លេ។
នៅផ្នែកខាងក្រោមនៃគម្រោងសាយ៉ាបូរី ក្នុងប្រទេសឡាវ ក្រុមអ្នកតាមដាន ក៏បានប្រទះឃើញការប្រែប្រួលកម្រិតទឹកប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ ក៏ប៉ុន្តែ បញ្ហានេះមិនបានកើតមាននៅផ្នែកខាងក្រោមនៃទំនប់ដនសាហុងទេ។
ក្រុមអ្នកតាមដាន ក៏បានសង្កេតឃើញលំនាំដែលបានចាប់ផ្តើមកើតមានកាលពីឆ្នាំ ២០១៨ នោះគឺការធ្លាក់ចុះនៃបណ្តុំកករ និងការផ្ទុកនូវកំណកកករ ដែលនាំមកនូវអាហារូបត្ថម្ភចិញ្ចឹម និងធ្វើឱ្យច្រាំងទន្លេមានលំនឹង។ ក៏ប៉ុន្តែ ការថមថយចុះនេះ អាចនឹងបណ្តាលមកពីការបង្ខាំង ឬការកកស្ទះនៃកំណកកករ តាមតំបន់គម្រោងវារីអគ្គិសនីតាមដៃទន្លេមេ និងទន្លេមេគង្គ។
ក្រុមតាមដាន ក៏បានសង្កេតឃើញពីការប្រែប្រួលខ្លះៗលើភាពចម្រុះនៃមច្ឆានៅផ្នែកខាងលើទំនប់សាយ៉ាបូរី ដោយវាមានកម្រិតថេរចាប់ពីឆ្នាំ ២០១៧ ដល់ ២០១៩ និងការធ្លាក់ចុះក្នុងឆ្នាំ ២០២០។ នៅផ្នែកខាងក្រោមនៃអាងស្តុក ភាពចម្រុះនេះ នៅតែមានកម្រិតខ្ពស់។ ផ្ទុយមកវិញ ផលចាប់ (Fish Catch) ហាក់ដូចជាមានកម្រិតថេរ ដែលគេបានរាយការណ៍ថាកើនឡើងនៅឆ្នាំ ២០១៧ ធ្លាក់ចុះនៅឆ្នាំ ២០១៨ និង ២០១៩ ហើយកើនឡើងវិញនៅឆ្នាំ ២០២០។
នៅជុំវិញទំនប់ដនសាហុងវិញ ក្រុមអ្នកតាមដានបានប្រទះឃើញទិន្នន័យគួរឱ្យភ្ញាក់ផ្អើលមួយ នោះគឺក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលចាប់នៅភាគខាងជើងប្រទេសកម្ពុជាបានធ្លាក់ចុះ ប៉ុន្តែវាបានកើនឡើងខ្លាំងនៅផ្នែកខាងក្រោមនៃទំនប់ទៅវិញ។
ទោះជាយ៉ាងនេះក្តី លទ្ធផលទាំងនេះ បានមកពីវដ្តតាមដានមួយប៉ុណ្ណោះ។ ក្រុមអ្នកសង្កេត JEM ស្នើឱ្យធ្វើការតាមដាន ២-៣ ឆ្នាំបន្ថែមទៀត ដើម្បីទាញឱ្យបាននូវការសន្និដ្ឋានដ៏មុតមាំមួយពីផលប៉ះពាល់ នៃការអភិវឌ្ឍទំនប់វារីអគ្គិសនី និងសម្ពាធនានាបង្កើតឡើងដោយសកម្មភាពមនុស្ស។
លោក អានុល័ក ខិធិឃួន នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC ថ្លែងថា ខណៈដែលរបាយការណ៍នេះ បង្ហាញពីផលប៉ះពាល់ខ្លះៗនៃទំនប់វារីអគ្គិសនី វាលឿនពេកក្នុងការវាយតម្លៃថា រាល់ផលប៉ះពាល់ទាំងអស់ សុទ្ធតែបណ្តាលមកពីទំនប់វារីអគ្គិសនី។ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍផ្សេងទៀត ក៏អាចជាកត្តាផងដែរ។
លោកថ្លែងថា៖ «យើងត្រូវដឹងពីកម្រិតនៃបញ្ហាប្រឈមរបស់យើង និងធ្វើការកំណត់ពីវិធីសាស្ត្រ ដែលមានប្រសិទ្ធភាពបំផុត ដើម្បីវាយតម្លៃផលប៉ះពាល់នេះ»។
របាយការណ៍តាមដានបរិស្ថានរួមនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធំមួយរបស់ MRC ដែលតំណាងឱ្យបណ្តាប្រទេសជាសមាជិក រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីសំដៅបង្កើតឱ្យមានតុល្យភាពមួយរវាងអត្ថប្រយោជន៍សេដ្ឋកិច្ចនិងសង្គម និងផលប៉ះពាល់ពីទំនប់វារីអគ្គិសនី មិនត្រឹមតែលើបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើក្រុមគ្រួសារនេសាទ និងកសិកររាប់លាន ដែលពឹងអាស្រ័យលើទន្លេមេគង្គ សម្រាប់ការចិញ្ចឹមជីវិត។
សម្រាប់គម្រោងសាកល្បង JEM នេះ ក្រុមអ្នកតាមដាន បានធ្វើការសាកល្បងពិធីការរបស់គេ រយៈពេលប្រមាណ ១ ឆ្នាំ បន្ទាប់ពីការពន្យារពេលយ៉ាងយូរ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា របាយការណ៍នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់សកម្មភាពនានា ទាំងផ្នែកគោលនយោបាយ និងតាមដាន នាពេលអនាគត។ ដូចដែលរបាយការណ៍ផ្ទាល់បានបញ្ជាក់ របបគំហើញទាំងនេះ អាចជាជំនួយដល់ការរៀបចំប្លង់ និងទីតាំងគម្រោងទំនប់វារីអគ្គិសនី នាពេលខាងមុខ ការព្យាករពីការប្រែប្រួលនានាពាក់ព័ន្ធនឹងប្រតិបត្តិការគម្រោង និងការអភិវឌ្ឍ ការប្រើប្រាស់ និងការវាយតម្លៃនៃយន្តការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់។ លើសពីនេះ របាយការណ៍នេះអាចផ្តល់ជាមូលដ្ឋានមួយសម្រាប់កិច្ចពិភាក្សាបែបស្ថាបនា រវាងសហគមន៍តាមដងទន្លេ និងសមាជិករបស់ MRC។
ក្នុងចំណោមអនុសាសន៍ជាច្រើនផ្តល់ទៅឱ្យ MRC ប្រទេសជាសមាជិក និងប្រតិបត្តិករទំនប់វារីអគ្គិសនីរបាយការណ៍នេះបានលើកឡើងថាដើម្បីកាត់បន្ថយផលប៉ះពាល់លើជលសាស្ត្រ កំណកកករ និងជលផល ភាគីពាក់ព័ន្ធទាំងអស់គប្បីដាក់ការស្នើជារួម នូវ «គោលដៅ ឬកំហិតនានាលើអត្រា នៃបម្រែបម្រួលកម្រិតទឹក» ក្នុងទន្លេមេ នៃទន្លេមេគង្គ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរួមសម្រាប់ការជូនដំណឹង ប្រតិបត្តិរួមគ្នានូវច្រកទ្វារកម្រិតទាបសម្រាប់ចរាចរកំណកកករ ហើយក្នុងករណីទំនប់ដនសាហុង ធ្វើឱ្យច្រកចូលសម្រាប់ច្រកចរាចរណ៍ត្រីកាន់តែជ្រៅ នឹងធ្វើឱ្យប្រសើរឡើងនូវច្រកប្រឡាយទាំងនេះ។
សម្រាប់គម្រោងនាពេលអនាគត របាយការណ៍ក៏បានអំពាវនាវឱ្យមាន «ការតាមដានទឹកជាប្រព័ន្ធ ក្នុងអំឡុងពេល នៃគ្រប់ដំណាក់កាលសាងសង់ និងប្រតិបត្តិការទាំងអស់ ដើម្បីចាត់វិធានសមស្រប ក្នុងករណីស្ថានភាព គុណភាពទឹកមិនល្អកើតឡើង»។
MRC ក៏កំពុងជជែកពិភាក្សាពីរបៀបដាក់បញ្ចូលការតាមដាន JEM នៅក្នុងបណ្តាញស្នូលថ្មី សម្រាប់ការតាមដានទន្លេ ធានាឱ្យមានការតាមដានរយៈពេលយូរ ការធ្វើរបាយការណ៍ និងការគ្រប់គ្រងបែបបន្សុំា ដែលចាំបាច់ក្នុងការថែរក្សាការពារទន្លេមេគង្គនេះ៕