ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តេជ្ញាបន្តគោលការណ៍សហការតាមតួនាទីជាមួយគ្រប់ភាគីពាក់ព័ន្ធ និងបន្តធ្វើកំណែទម្រង់ការបោះឆ្នោតដោយបានសិក្សា និងកែលម្អការងារបច្ចេកទេសជាបន្តបន្ទាប់នៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ស្របតាមស្មារតីច្បាប់បោះឆ្នោតជាធរមានសំដៅធានាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ នាពេលខាងមុខ កាន់តែមានភាពល្អប្រសើរថែមទៀត។
នេះ គឺជាការបញ្ជាក់របស់ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ឆ្លើយតបទៅនឹងសំណួររបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ដែលបានស្នើសុំការបកស្រាយពាក់ព័ន្ធនឹងជំហររបស់ (គ.ជ.ប) ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ ២០២៣។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់លើជំហានបន្ទាប់ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ ២០២៣ ថា៖ «ប្រសិនបើពុំមានការកែប្រែច្បាប់ទេនោះ គ.ជ.ប នឹងផ្អែកលើច្បាប់ដែលនៅជាធរមាន ដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣»។
លោកបន្តថា បច្ចុប្បន្ននេះ គ.ជ.ប កំពុងត្រៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣។ នៅពេលខាងមុខនេះ គ.ជ.ប ក៏ត្រូវរៀបចំប្រតិទិន សម្រាប់ការបោះឆ្នោតផង និងផែនការមេសម្រាប់ការបោះឆ្នោតផងដែរ។
នៅក្នុងជំនួបនោះដែរ លោក វិទិត មុនតាប៊ន ក៏បានស្នើសុំ គ.ជ.ប ជួយបញ្ជាក់អំពីសមាសភាព គ.ជ.ប ដែលមិនគួរចេញពីគណបក្សនយោបាយ ឬជាសមាសភាពដែលអាចជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធអំពីគណៈកម្មការការិយាល័យបោះឆ្នោតគួរមានសមាសភាពចម្រុះ និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) គួរមានទិន្នន័យគ្រប់គ្រាន់ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត និងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អនៅមុនពេល ក្នុងពេល និងក្រោយពេលការបោះឆ្នោត។
ជាការឆ្លើយតប លោក ប្រាជ្ញចន្ទ បញ្ជាក់ថា សមាសភាព គ.ជ.ប កន្លងមក និងបច្ចុប្បន្ន ត្រូវបានរៀបចំឡើងតាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដោយឡែក តាមច្បាប់ និងតាមគោលការណ៍នៃការជ្រើសរើសគណៈកម្មការការិយាល័យបោះឆ្នោតមានសមាសភាពជាប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងក្រុង-ស្រុក-ខណ្ឌ ឃុំ សង្កាត់ មិនប្រកាន់និន្នាការនយោបាយនោះទេ។
ចំពោះកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) ពិតជាមានកត់ត្រាទិន្នន័យ ដូចចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រីឯភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិចុះហត្ថលេខា ឬមិនចុះហត្ថលេខាលើកំណត់ហេតុនេះបានទៅតាមការសម្រេចចិត្តរបស់ពួកគេ។
លោកបន្តថា ជាការពិត បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅមុនពេល ក្នុងពេល និងក្រោយពេលការបោះឆ្នោតត្រូវបានពង្រឹងយ៉ាងល្អប្រសើរ ព្រះមហាក្សត្របានចេញព្រះរាជសារអំពាវនាវឱ្យបងប្អូនកូនក្មួយព្រះអង្គចេញទៅបោះឆ្នោតដោយគ្មានការភ័យខ្លាច ដូចនេះគ្មានហេតុផលអ្វីដែលប្រជាពលរដ្ឋត្រូវភ័យខ្លាចនោះទេ។
បើតាមលោក ប្រាជ្ញ ចន្ទ ផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់រៀងរាល់ ៥ ឆ្នាំម្ដង ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋាន ស្របតាមការកំណត់នៃច្បាប់បោះឆ្នោតជាធរមាន ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរៀបចំការបោះឆ្នោតខ្លួនឯង ដោយអនុលោមតាមច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិសរុបបានចំនួន ១៦ លើករួចមកហើយ។ សមិទ្ធផលទាំងនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងចូលរួមសហការ និងឧបត្ថម្ភពីគ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ៕