ភ្នំពេញៈ កាលពីថ្ងៃចន្ទ ទី ១៥ ខែសីហាកន្លងទៅ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់របបសារព័ត៌មានសម្រាប់អ្នកសារព័ត៌មានជាស្ត្រី ដែលមានចំនួនជាង ១០ នាក់មកពីស្ថាប័នផ្សេងៗចូលរួមដើម្បីយល់ដឹងពីវិជ្ជាជីវៈ និងច្បាប់របបព័ត៌មាន ដើម្បីដឹងពីសិទិ្ធរបស់ខ្លួន និងអាចការពារខ្លួនពីការចោទប្រកាន់ផ្សេងៗ។
នៅក្នុងកម្មវិធីនោះដែរ មានការចូលរួមពីលោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) លោក សឹង ម៉ុនវិចិត្រ ជាប្រធានគម្រោង លោក អ៊ុន ច័ន្ទថុល លោក ឡោ ជុនធី និងលោក ប៊ុន រស្មី ជាមេធាវី។
លោក សារ៉ាយ ថា៖ «កម្មវិធីបណ្ដុះបណ្ដាលយកតែស្ត្រីចូលរួមក្នុងថ្ងៃនេះ គឺក្នុងគោលបំណងទី១ ឱ្យបានសិក្សាច្បាប់ព័ត៌មានដើម្បីកុំឱ្យគេចោទប្រកាន់ ធ្វើទុក្ខបុកម្នេញ ឬបៀតបៀន។ ទី២ ចង់ឱ្យស្ត្រីៗអ្នកសារព័ត៌មានស្គាល់គ្នា និងចងជាបណ្ដាញ ព្រោះម្នាក់ៗនៅដាច់ដោយឡែកពីគ្នាតាមស្ថាប័ននីមួយៗ»។
លោកបន្ថែមថា៖ «ថ្វីដ្បិតថាយើងមានមេធាវីមែន តែអង្គការជំនួយផ្នែកច្បាប់ មិនចង់ឱ្យមានបងប្អូនត្រូវបានគេចោទប្រកាន់ទេ។ អ៊ឹចឹងថ្ងៃហ្នឹងយើងនឹងសិក្សាពីច្បាប់ផ្សេងៗដើម្បីអាចការពារខ្លួនយើងដែរ»។
បន្ទាប់ពីនោះ លោកមេធាវី អ៊ុន ច័ន្ទថុល ដែលជាអ្នកបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ក្នុងកម្មវិធីក៏បានឱ្យដឹងថា កន្លងមកលោកបានបណ្ដុះបណ្ដាលទៅតាមខេត្តគោលដៅមួយចំនួនដូចជាបាត់ដំបង សៀមរាប កំពត និងរតនគិរីទើបតែចាប់ផ្ដើម។ ក្រៅពីនេះលោកបានការពារក្ដីឱ្យអ្នកសារព័ត៌មានទូទាំងប្រទេស ១៥ រាជធានី-ខេត្ត។
លោក ច័ន្ទថុលថា៖ «ពីមុនយើងមានវគ្គបណ្ដុះបណ្ដាលស្រី និងប្រុស តែនេះជាលើកទី១ ដែលមានស្រីសុទ្ធដើម្បីស្រួលជជែកគ្នា និងចែករំលែកបទពិសោធឱ្យអស់ពីលទ្ធភាព ពុំមានការខ្មាសអៀន»។
ក្នុងវគ្គបណ្ដុះបណ្ដាលនោះដែរ លោកបានបង្រៀនពីច្បាប់ស្ដីពីរបបសារព័ត៌មានដែលមានទាំងអស់ ៥ ជំពូក និង ២១ មាត្រា និងច្បាប់ក្រមព្រហ្មទណ្ឌខ្លះៗដែលទាក់ទងនឹងប្រភេទបទល្មើសដែលចោទប្រកាន់ទៅលើអ្នកសារព័ត៌មាន។
ក្នុងនោះលោកបានលើកឡើងពីបទពិសោធជាក់ស្ដែង គឺមានស្ត្រីអ្នកសារព័ត៌មានម្នាក់ហើយ ដែលត្រូវគេផ្តន្ទាទោស ទាក់ទងនឹងការគំរាមយកប្រាក់ និងគំរាមបរិហារកេរ្តិ៍ជាសាធារណៈ។
លោកថា ដោយសារគាត់មានផ្ទៃពោះហើយអំឡុងពេលកូវីដទើបលោកមិនអាចជួយបានភ្លាមៗ ដោយគាត់ត្រូវបានជាប់ពន្ធនាគារដល់ទៅ ៦ ខែ។
លោកថា៖ «ដូច្នេះកាលណាអ្នកសារព័ត៌មានបានចូលរៀនទៅ យើងនឹងដឹងថា អ្វីដែលខុសនឹងច្បាប់។ ខ្ញុំនឹងលើកមាត្រាសំខាន់ៗដែលយើងគួរសិក្សាស្វែងយល់»។
លោកបានលើកយកមាត្រា ១ ដែលច្បាប់នេះកំណត់របបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយឱ្យបានសមស្របតាមមាត្រា ៣១ និង ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ៣១ ប្រជាពលរដ្ឋមានសេរីភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាដោយឥតមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ឬស្ថានភាព។ មាត្រា ៤១ ប្រជាពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន និងសេរីភាពខាងសារព័ត៌មាន ប៉ុន្តែសេរីភាពសារព័ត៌មាននេះ ស្ថិតនៅក្រោមច្បាប់ដែរ។
មាត្រា ២ សារព័ត៌មានមានសិទ្ធិរក្សាការសម្ងាត់ស្ដីពីប្រភពព័ត៌មានរបស់ខ្លួន។ មាត្រា ៣ ដើម្បីរក្សាឯករាជ្យនៃសារព័ត៌មាន ការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយត្រូវហាមឃាត់។
លោកបានលើកមាត្រា ៥ ចំណុច ២ ការស្នើសុំព័ត៌មាន៖ «ការស្នើសុំព័ត៌មានត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ហើយត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីព័ត៌មានដែលស្នើសុំទៅស្ថាប័ននានា។ មន្ត្រីមានសមត្ថកិច្ចដែលគ្រប់គ្រងស្ថាប័ននោះ ត្រូវឆ្លើយតបទៅនឹងពាក្យសុំក្នុងរយៈពេល ៣០ ថ្ងៃ យ៉ាងយូរ។ ប្រសិនបើការស្នើសុំនោះ ត្រូវបានបដិសេធទាំងស្រុង ឬខ្លះៗនោះ ហេតុផលនៃការបដិសេធត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ជាលាយលក្ខណ៍អក្សរ»។
ចំណុច ២ នេះដែរ ធ្វើឱ្យអ្នកសារព័ត៌មានបានលើកឡើងថា ៣០ ថ្ងៃ ហាក់ដូចជាយូរពេក និងបើមានការកែប្រែច្បាប់ថ្មីលើកក្រោយ គឺសូមបង្រួមពេលវេលា ឬធ្វើយ៉ាងណាសម្របសម្រួលដល់អ្នកសារព័ត៌មាន ដើម្បីអាចទទួលបានចម្លើយទាន់សភាពការណ៍។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានស្រាយបំភ្លឺមក ភ្នំពេញ ប៉ុស្តិ៍ថា៖ «ទាក់ទងទៅនឹងចំណុចនេះ ជារួមនៅក្នុងក្រសួងព័ត៌មានយើងកំពុងតែពិនិត្យសិក្សានៅក្នុងការរៀបចំធ្វើវិសោធនកម្មទៅលើខ្លឹមសាររួមក្នុងច្បាប់របបសារព័ត៌មានរបស់យើង ដើម្បីឱ្យវាអមទៅនឹងស្ថានភាពនៃការរីកចម្រើនរបស់សង្គមជាតិបច្ចុប្បន្ន និងឆ្លើយតបទៅហ្នឹងអ្វីដែលជាតម្រូវការបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនសារព័ត៌មានដែរ ព្រោះច្បាប់នេះត្រូវបានអនុម័តតាំងពីឆ្នាំ ១៩៩៥ មក។
លោកបន្តទៀតថា៖ «បើទោះច្បាប់របបសារព័ត៌មានបានចែងយ៉ាងដូច្នេះមែន តែដើម្បីសម្រួលដល់អ្នកសារព័ត៌មាន រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ នៅក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដោយបានបង្កើតនូវអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបានបន្ថែមទៀតថា ទន្ទឹមនឹងនោះនៅតាមក្រសួង ស្ថាប័នទាំងអស់ក៏មានបង្កើតនូវក្រុមអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័នដែរ ហើយបន្ថែមពីនេះនៅថ្នាក់រាជធានីខេត្ត ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួងមួយស្ដីពីការបង្កើតក្រុមអ្នកនាំពាក្យ និងមន្ត្រីព័ត៌មានដើម្បីធ្វើយ៉ាងណាឱ្យមានប្រាស្រ័យទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន។
ចំណុច ១ ដែល លោកមេធាវី ច័ន្ទថុល លើកឡើងអំពីលក្ខខណ្ឌមួយ ដើម្បីជួយសម្រួលដល់អ្នកសារព័ត៌មានបើមានរឿងអ្វីកើតឡើង គឺពេលចុះតាមខេត្ត អ្នកសារព័ត៌មានគួរដាក់លិខិតបេសកកម្មខាងមន្ទីរព័ត៌មាននៅតាមខេត្តឱ្យបានដឹង បើទោះចំណុចនេះមិនមានចែងក្នុងច្បាប់ក៏ដោយ។ ប៉ុន្តែ លោក ឡោ ជុនធី ជាមេធាវីដែលចូលរួមក្នុងនោះដែរយល់ឃើញថា វាមិនគួរចាំបាច់ក្នុងប្រទេស បើសិនជាអ្នកសារព័ត៌មានមានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានហើយ លើកលែងតែចេញក្រៅប្រទេស។
លោក មាស សុភ័ណ្ឌ ឆ្លើយតបទៅនឹងចំណុចនេះដែរថា៖ «កន្លែងនេះវាជាការបំពេញឱ្យគ្នាទៅវិញទៅមកនៅក្នុងការអនុវត្តតួនាទីរបស់ជាតិរវាងអ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ។ ពេលខ្លះ ពេលយើងត្រូវការកិច្ចសហការ ឬក៏ការគាំទ្ររបស់មន្ទីរព័ត៌មាននៅតាមខេត្តគោលដៅដែលយើងចុះទៅនឹងវាអាចជួយសម្របសម្រួលអ្នកសារព័ត៌មានយើងកាន់តែមានភាពងាយស្រួលក្នុងការចុះទៅបំពេញការងាររបស់ខ្លួននៅតាមខេត្ត។
លោកថា៖ «ប៉ុន្តែ ក្នុងករណីដែលយើងមិនបានផ្ដល់ព័ត៌មានជូនទៅមន្ទីរ ពេលខ្លះ លោកក៏ក្ដាប់អត់បានអំពីព័ត៌មានដែលអ្នកសារព័ត៌មានចុះទៅដែរ នៅពេលដែលមានបញ្ហាប្រឈមកើតឡើង នៅក្នុងតំបន់ដែលចុះទៅ មន្ទីរក៏ពិបាកក្នុងការសម្របសម្រួលដោះស្រាយជូនដែរ»។
ជារួមលោកមេធាវី ច័ន្ទថុល ថា ដើម្បីកុំឱ្យគេចោទប្រកាន់បាន អ្នកសារព័ត៌មានត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ១០០ ភាគរយ មិនលម្អៀងដោយមិនត្រូវសរសេររាយការណ៍ទៅតាមអារម្មណ៍ តាមការស្អប់ ការស្រឡាញ់ ហើយចោទប្រកាន់គេទេ។
លោកថា៖ «តែមានអ្នកសារព័ត៌មានជាច្រើនដែលមិនទាន់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលធ្វើឱ្យការអនុវត្តរបស់គាត់នៅមានចន្លោះប្រហោង ហើយមានការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានច្រើន ជាពិសេសអ្នកផ្សាយផ្ទាល់ដែលគាត់និយាយតែតាមអ្វីដែលគាត់ឃើញ ក្ដោបក្តាប់ព័ត៌មានមិនទាន់ជុំ»៕