ក្រចេះៈ ក្រុមជីវចម្រុះនៃអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជាកំពុងអង្កេត និងកំណត់អត្តសញ្ញាណសត្វស្លាបជាច្រើនក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ខណៈក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាន កំពុងកត់ត្រាទុកវត្តមានសត្វត្រយងចង្កំកស ក្នុងដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ សីហាថា ការអង្កេត និងកំណត់អត្តសញ្ញាណសត្វស្លាបក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាកិច្ចសហការរួមគ្នារវាងអង្គការអន្តរជាតិប្រចាំកម្ពុជា និងក្រសួងបរិស្ថាន។
លោកបន្តថា ការសិក្សានេះ គឺដើម្បីឱ្យបានដឹងពីប្រភេទសត្វស្លាប ដែលកំពុងរស់នៅក្នុងតំបន់នេះ បន្ទាប់ពីធ្លាប់ធ្វើអង្កេតតាំងពីឆ្នាំ ២០០០ មក។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នតំបន់នេះ មានការអនុវត្តគម្រោងឥណទានកាបូន ដែលទាមទារឱ្យមានការបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ហ្នឹង ក៏ដូចជាសិក្សាឱ្យបានច្បាស់លាស់ថា មានប្រភេទសត្វអ្វីខ្លះរស់នៅក្នុងតំបន់ហ្នឹង? តើមានសត្វកម្រឬសត្វសម្បូរយ៉ាងណាដើម្បីសិក្សាពីលក្ខណៈវិទ្យាសាស្ត្រ»។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងដែរថា ក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាន កាលពីថ្ងៃទី ១៦ ខែសីហា បានកត់ត្រាទុកវត្តមានសត្វត្រយងចង្កំកស សរុប ៣២៤ ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧ កន្លែង នៅក្នុងដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះផងដែរ។
លោកបានឱ្យដឹងថា មកទល់បច្ចុប្បន្ន ក្រុមស្រាវជ្រាវបាននិងកំពុងបន្តចុះតាមដានដើម្បីរាប់ចំនួនសត្វស្លាបនេះ សម្រាប់ការធ្វើជំរឿនថ្នាក់ជាតិ ខណៈលទ្ធផលរកឃើញបឋមនេះគឺ ជាការរាប់សត្វត្រយងចង្កំកសមានចំនួនច្រើនជាងគេបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ នៅតំបន់មេគង្គ។
លោក ភក្ត្រា បានបញ្ជាក់ថា៖ «ដោយឡែក នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើត ក្រុមស្រាវជ្រាវបានកត់ត្រាសត្វត្រយងចង្កំកសចំនួន ៧ ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ២២ កន្លែងផងដែរ។ សត្វត្រយងចង្កំកសត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ការតាមដាន និងរាប់ដើម្បីធ្វើបច្ចុប្បន្ននៃចំនួនសត្វនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីខែកក្កដា ដល់ខែតុលា»។
សូមជម្រាបថា លទ្ធផលដែលទទួលបានពីការរាប់ចំនួនសត្វត្រយងចង្កំកសនៅតាមដែនជម្រកធម្មជាតិទាំងអស់ ក្នុងនោះមានដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ និងតំបន់ព្រៃទេសភាពភាគខាងកើតនេះ នឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួនសត្វត្រយងចង្កំកសសរុបទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំនេះ។
គួរកត់សម្គាល់ថា តំបន់ព្រៃលិចទឹកមេគង្គគាំទ្រដល់ការរស់នៅរបស់ហ្វូងសត្វត្រយងចង្កំកសធំជាងគេបង្អស់លំដាប់ទី២ ពោលគឺមានចំនួន ២៥២ ក្បាល ក្នុងឆ្នាំ ២០២១ បន្ទាប់ពីដែនជម្រកសត្វព្រៃសៀមប៉ាង។ នេះបើតាមលោក នេត្រ ភក្ត្រា។
តាមការប្រកាសរបស់អង្គការអភិរក្សអន្តរជាតិបានបង្ហាញកាលពីថ្ងៃទី ២៣ សីហាថា សត្វស្លាបដែលក្រុមការងារបានជួបប្រទះក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺមានជិត ២០ ប្រភេទ ហើយភាគច្រើនគឺជាវត្តមានសត្វស្លាបដែលប្រឈមនឹងការជិតផុតពូជ។
អង្គការអភិរក្សអន្តរជាតិបានបង្ហាញថា៖ «សត្វទាំងនោះ គឺរួមមានសត្វប៉ោលតោក ប៉ោលតោកត្រចៀកខៀវ ប៉ោលតោកត្រចៀកបៃតង កេងកងធំ កេងកងតូច សត្វចំពុះមាស សត្វចំពុះធំកស ចេកទុំក្បាលខ្មៅ ចេកខៀវ ស្តេចកូលីត ចាបជៀបក្រហម ឬកន្ទោងពួចក្រហម ត្រដេវព្រៃ ចាបសួគ៌ាអាស៊ី ត្រសេះត្នោត ត្រសេះដំរី ល្វាចេកព្រៃ និងសត្វចេកខ្ចីស្លាបខៀវ»។
កញ្ញា ថោង រ៉េត មន្ត្រីសម្របសម្រួលផ្នែកជីវចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិដែលបានចុះសិក្សាដោយផ្ទាល់លើការធ្វើអង្កេតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ សីហាថា សត្វស្លាបដែលត្រូវបានប្រទះឃើញក្នុងតំបន់នេះ គឺមានមួយចំនួននៅមិនទាន់មានអត្តសញ្ញាណនៅឡើយទេ។ កញ្ញារំពឹងថា ការរកឃើញនេះនឹងក្លាយជាការស្រាវជ្រាវដ៏កម្រមួយដែលមិនធ្លាប់មានពីមុនមកក្នុងការបង្ហាញវត្តមានសត្វស្លាបនៅក្នុងតំបន់នេះ។
កញ្ញាបានបញ្ជាក់ថា៖ «បើយើងគ្មានការធ្វើការពីសំណាក់ក្រសួង និងអង្គការនោះទេ វាអាចប្រឈមនឹងបាត់បង់នូវសត្វកម្រៗទាំងនេះ។ គ្រាន់តែការអង្កេតក្នុងពេលបច្ចុប្បន្ន ឃើញថា តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះគឺជាតំបន់មួយដែលនៅមានភាពសម្បូរបែបនៅឡើយ ឬហៅថា នៅព្រហ្មចារី ដែលជាទីជម្រករបស់សត្វដែលរងគ្រោះជាច្រើន ហើយមិនត្រឹមតែសត្វស្លាបទេគឺ មានសត្វខនិសត្វជាច្រើនទៀត»។
ក្រៅពីនេះ កញ្ញា ថោង រ៉េត ក៏រំពឹងដែរថា ការរកឃើញ និងការបង្ហាញវត្តមានសត្វស្លាបដ៏កម្រនៅក្នុងតំបន់នេះ នឹងចូលរួមចំណែកក្នុងការជំរុញដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋទូទៅឱ្យបញ្ឈប់ការបរិភោគសត្វស្លាប និងចូលរួមអភិរក្សសត្វស្លាបទាំងនេះឱ្យបានគង់វង្ស៕