ភ្នំពេញៈ កម្ពុជា និងតួកគី បានប្តេជ្ញានឹងទាញយកសក្ដានុពលពីគ្នាទៅវិញទៅមក ខណៈប្រទេសទាំង ២ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀងមួយចំនួនដែលបានចុះហត្ថលេខាកន្លងមក។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសតួកគីប្រចាំកម្ពុជា កាលពីថ្ងៃទី ២៥ ខែសីហា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក អ៊ាង សុផល្លែត ជំនួយការលោក ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះថា បេសកកម្មរបស់លោកស្រី Ulku Kocaefe នៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំង២ ដោយក្នុងនោះការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីនឹងបើកឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងក្នុងក្របខ័ណ្ឌពិភពលោក។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា៖ «លោកជំទាវ Ulku Kocaefe បានបន្តថា ប្រទេសយើងទាំង ២ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខារួចហើយ។ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះជាមួយនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយ ជាមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។ សម្ដេចតេជោ បានយល់ស្របជាមួយលោកជំទាវដែលថាប្រទេសយើងទាំង ២ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ»។
លោក ហ៊ុន សែន បានស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្មនេះ នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។
លោក ហ៊ុន សែន បានអបអរសាទរលោកស្រី Ulku Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា ទំនាក់ទំនងផ្លូវការរវាងប្រទេសកម្ពុជានិងតួកគីបានចាប់ផ្តើមក្នុងឆ្នាំ ១៩៥៩។
រហូតមកដល់ពេលបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំង ២ បាននិងកំពុងពង្រីកបន្ថែមទៀតជាពិសេសវិស័យវាយនភណ្ឌ កសិកម្ម ទេសចរណ៍ និងវប្បធម៌ដែលជាកត្តាជំរុញឱ្យមានការចែករំលែកចំណេះដឹងនិងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រទេសទាំង ២។
លោកថ្លែងថា៖ «ការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងជំរុញសកម្មភាពធុរកិច្ចនៅតែជាកត្តាចម្បងដើម្បីឱ្យមានកំណើនវិនិយោគបន្ថែមទៀត ពីប្រទេសតួកគី ខណៈពេលដែលក្រុមហ៊ុនតួកគីនៅកម្ពុជាមានចំនួនតិចតួចនៅឡើយ។ បន្ថែមពីនេះទៅទៀត កម្ពុជាក៏មានជំនឿចិត្តនិងគាំទ្រតួកគីក្នុងតួនាទីជាអ្នកសម្របសម្រួលសង្គ្រាមនៅអ៊ុយក្រែន ហើយសង្ឃឹមថា តួកគីនឹងអាចសម្រេចតួនាទីរបស់ខ្លួន និងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនមានការថមថយជាងមុន និងឈានទៅដល់ការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន»។
លោក Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេសតួគី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគី កាលពីខែកុម្ភៈបានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតសភាបន្ថែមទៀត តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសភា។
កាលពីឆ្នាំ ២០១៩ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី និងបានចុះហត្ថលេខាជាមួយភាគីតួកគី លើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការលើកកម្ពស់នៃទំនាក់ទំនងទ្វេភាគីប្រឆាំងនឹងអំពើភេរវកម្ម។
កាលពីឆ្នាំ ២០១៨ លោក ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២៕