ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿ។
ការអំពាវនាវនេះ ក្រោយពីពលករទាំងនោះ ជឿតាម និង ដង្ហោយហៅរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (LDP) ។
លោក ខឹម វាសនា បានផ្សព្វផ្សាយថា មនុស្សក្នុងលោកងាប់ស្ងាត់លោកនេះក្នុងព្រឹត្តិការណ៍ទឹកលិចលោកនេះ ហើយមានតែខេត្តសៀមរាបទេ ជាកន្លែងដែលមានសុវត្ថិភាព។
ជាមួយគ្នា លោក ខឹម វាសនា បានចាត់ទុកខ្លួនឯកថា ជាព្រហ្មរក្សាលោក ជាអ្នកបង្រៀនមេរៀនព្រះធម៌របស់ព្រះពុទ្ធ និងត្រៀមសម្រេចឈាន ដើម្បីជួយមនុស្សនៅក្នុងលោកទាំងមូល។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់តាមរយៈហ្វេសប៊ុករបស់លោកថា ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ក្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។
លោកបន្តថា ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួនហើយចង់ទៅម្តងទៀត។
លោកថ្លែងថា៖ «សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះនឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់តែដីចម្ការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់»។
លោក ហេង សួរ បញ្ជាក់ថាតាមទិន្នន័យព្យាករណ៍អាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាស្ថាប័នតាមដានការប្រែប្រួលបរិស្ថានអន្តរជាតិគឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថានឹងមានគ្រោះធម្មជាតិនៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ។
បើតាម លោក ហេង សួរ បងប្អូនមានបានដឹងទេថាបងប្អូនបានទៅដល់ប្រទេសកូរ៉េ គឺដោយសារជិះយន្តហោះ មិនមែនដោយសារដើរលើខ្នងរបស់ព្រះព្រហ្ម ឬជ្រែកតាមឆ្អឹងជំនីររបស់បុគ្គលនោះទេ។ ហេតុដូច្នេះសូមបងប្អូនតាំងស្មារតី យកវិទ្យាសាស្ត្រជាគោល ហើយយកអនាគតរបស់ខ្លួន គ្រួសារខ្លួន និងសង្គមជាតិខ្លួនជាធំវិញ៕