បាត់ដំបងៈ សមត្ថកិច្ច​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី ២៥ សីហា បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន ០៤ ទីតាំង នៅ​តំបន់​រ៉ាមសារ​ព្រែក​ទាល់ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឯកភ្នំ ដោយ​បង្ក្រាប​បាន​សាច់មង​ជិត ១ ៨០០ ម៉ែត្រ​និង​បង្គោល​ជាង ៥០០ ដើម​។ នេះ​បើ​យោងតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះផ្សាយ​នៅ​ថ្ងៃទី ២៦ សីហា។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យ៉​ន រិទ្ធី នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សហការ​ជាមួយ​លោក​វរសេនីយ៍ឯក ឡុង យោធា​វីរ: អធិការ​នគរបាល​ស្រុក​ឯកភ្នំ រួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ សរុប​ចំនួន ២៦ នាក់ ប្រើប្រាស់​កាណូត​ស្មាច់​ចំនួន ៥ គ្រឿង។​

​ទីតាំង​ទាំង ៤ កន្លែង​ដែល​ត្រូវបាន​បង្ក្រាប​នៅ​តំបន់​រ៉ាមសារ​ព្រែក​ទាល់​នោះ​មាន​ទីតាំងទី ១ ត្រង់​ចំណុច​ស្រោង​កណ្តៀ​រវិច បង្ក្រាប​សាច់​មង​ចំនួន ៤០០ ម៉ែត្រ បង្គោល​ចំនួន ១៥០ ដើម និង​ក្បាល​ឡុក​ចាប់​ត្រី​ចំនួន ០១ គ្រឿង។​

​ទីតាំង​ទី ២ ត្រង់ចំណុច​ចុង​ចែង​ពាក់​កន្ទេល បង្ក្រាប​សាច់​មង​បាន​ចំនួន ៥០០ ម៉ែត្រ បង្គោល​ចំនួន ១០០ ដើម និង​ក្បាល​ឡុក​ចាប់​ត្រី​ចំនួន ០១ គ្រឿង។​

​ទីតាំង​ទី​៣ ត្រង់ចំណុច​អា​តាំង​បៀ​វ បង្ក្រាប​សាច់​មង​បាន​ចំនួន ៤០០ ម៉ែត្រ បង្គោល​ចំនួន ៩០ ដើម និង​ក្បាល​ឡុក​ចាប់​ត្រី​ចំនួន ០១ គ្រឿង​និង​ទីតាំង​ទី​៤ ត្រង់​ចំណុច​អាកាប់ បង្ក្រាប​សាច់​មង​ចំនួន ៥៥០ ម៉ែត្រ បង្គោល​ចំនួន ១៧០ ដើម និង​ក្បាល​ឡុក​ចាប់​ត្រី​ចំនួន ០២ គ្រឿង។​

​រាល់​វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ត្រូវ​បានរៀបចំ​កាប់​បំផ្លាញ និង​ដុត​ចោល​នៅ​នឹង​កន្លែង ចំណែក​ជនល្មើស​បានរត់​គេចខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍។

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច ក៏បាន​លែង​កូន​ត្រី​ចម្រុះ​ចំនួន ៧០ គីឡូក្រាម​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ផងដែរ៕​