ភ្នំពេញៈ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា ការនេសាទខុសច្បាប់នៅក្នុងតំបន់គ្រប់គ្រងអណ្តើកហ្លួង និងក្រពើត្រីតាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងខេត្តព្រះសីហនុ និងកោះកុង និងតំបន់គ្រប់គ្រង និងអភិរក្សជីវៈចម្រុះជលផលទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង មានការថយចុះជាបន្តបន្ទាប់ ចាប់តាំងពីអង្គការ WCS និងអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) បានអនុវត្តគម្រោងអភិរក្ស និងកម្មវិធីលើកស្ទួយជីវភាពសហគមន៍។
អង្គការ WCS បានឱ្យដឹងតាមរយៈហ្វេសប៊ុកនាថ្ងៃទី ២៦ ខែសីហា ថា វារីវប្បកម្មគឺជាកម្មវិធីមួយដែលបានអនុវត្តនៅក្នុងភូមិចំនួន ១៤ ចាប់តាំងពីឆ្នាំ ២០១៩។ គម្រោងនេះបានរៀបចំការបណ្តុះបណ្តាលកសិករគំរូអំពីបច្ចេកទេសចិញ្ចឹមត្រី និងដាំបន្លែតាមផ្ទះបានចំនួន ៤៥៤ គ្រួសារ។
WCS បន្តថា ក្នុងចំណោមកសិករទាំងអស់ មានកសិករចំនួន ៩៨ គ្រួសារ ដែលពឹងផ្អែកជាចម្បងលើមុខរបរនេសាទ បានទទួលការគាំទ្រលើកទឹកចិត្តផ្ទាល់ពីគម្រោងនេះដើម្បីចិញ្ចឹមត្រីអណ្តែង និងត្រីប្រា ព្រមទាំងដាំបន្លែនៅតាមផ្ទះ។
WCS បានដកស្រង់សម្ដីលោក កង បួរ ប្រធានសហគមន៍នេសាទ កោះក្រូច ស្ថិតក្នុងភូមិស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ថា លោកបានយកចំណេះដឹងដែលលោកទទួលបានពីវគ្គបណ្តុះបណ្តាលមកអនុវត្តចិញ្ចឹមត្រីអណ្តែងនិងដាំបន្លែនៅផ្ទះ។ កម្រិតជីវភាពរស់នៅគ្រួសាររបស់លោក មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីគាត់បានចូលរួមជាមួយគម្រោងកាលពីខែមិថុនា ឆ្នាំមុន។
លោក បួរ ត្រូវបានដកស្រង់សម្ដីថា៖ «ខ្ញុំមិនត្រឹមតែមានត្រីនិងបន្លែហូបគ្រប់គ្រាន់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងអាចរកប្រាក់ចំណូលបានមួយចំនួនសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំដែលមានសមាជិក ៨នាក់ ទៀតផង»។
បើតាម WCS លោក បួរ បានឈប់ប្រកបរបរនេសាទទៀតហើយចាប់តាំងពីការចិញ្ចឹមត្រីរបស់លោកទទួលបានជោគជ័យមក។
គម្រោងវារីវប្បកម្មនេះទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុបតាមរយៈគម្រោងភាពជាដៃគូប្រឆាំងបទល្មើសសត្វព្រៃ និង Margaret A. Cargill Philanthropy និងអនុវត្តដោយអង្គការ WCS៕