ព្រះសីហនុៈ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៥ សីហា បានចុះទៅអប់រំណែនាំប្រជាពលរដ្ឋជាថ្មីទៀត ឱ្យរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ជាមួយនឹងការព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះជនដែលញុះញង់នៅពីក្រោយខ្នងអំពើទាំងនេះ។
ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុចុះផ្សាយនៅថ្ងៃទី ២៦ សីហានេះថា ចំពោះការចុះណែនាំអប់រំប្រជាពលរដ្ឋនៅពេលនេះ គឺពួកគាត់មានការយល់ដឹង ដោយបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំងដោយគ្មានការតវ៉ា។
ជាមួយគ្នានេះ ពួកគាត់ក៏បានសូមទោសដល់រដ្ឋបាលខេត្តព្រះសីហនុ និងម្ចាស់ទីតាំង ចំពោះការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីនេះ ដោយសារពួកគាត់ចាញ់បោកក្រុមមេខ្យល់។
ប្រជាពលរដ្ឋទាំងនោះបានអះអាងថា ពួកគាត់បានចូលកាន់កាប់ដីនេះទើបតែពេលថ្មីៗនេះទេ ហើយការចូលមកនេះ ដោយសារមានមេខ្យល់ប្រាប់ពួកគាត់ឱ្យចូលមករស់នៅទីតាំងដីនេះ ដោយអ្នកខ្លះត្រូវបង់ជាប្រាក់ប្រមាណ ២០០ ទៅ ៣០០ ដុល្លារក្នុងដី ០១ ឡូត៍ទំហំ ១០ ម៉ែត្រ គុណនឹង ៤០ ម៉ែត្រ។
ប៉ុន្តែអ្នកខ្លះទៀតមិនតម្រូវឱ្យបង់ប្រាក់នោះទេ តែត្រូវមកសង់ខ្ទមចាំដីរៀងៗខ្លួន និងត្រូវមកចូលរួមតវ៉ាតាមការដាក់ផែនការរបស់ក្រុមមេខ្យល់ ហើយក្នុងករណីមិនមកចូលរួមប្រឆាំងតវ៉ាទេនោះ មេខ្យល់នឹងដកហូតយកដីវិញ។
ប៉ុន្តែក្រោយមក បន្ទាប់ពីទទួលបានការណែនាំអប់រំពីរដ្ឋបាលខេត្តព្រះសីហនុរួចមក ពួកគាត់ចាប់ផ្តើមភ្ញាក់ខ្លួនថា បានចាញ់បោកមេខ្យល់ ហើយសុំរដ្ឋបាលខេត្ត ជាពិសេសលោកអភិបាលខេត្តព្រះសីហនុ ដើម្បីសុំផ្តល់ក្តីអនុគ្រោះដល់ពួកគាត់ ដោយពួកគាត់នឹងចាកចេញពីទីតាំងនេះដោយគ្មានការតវ៉ាឡើយ។
រដ្ឋបាលខេត្តព្រះសីហនុបន្តថា សំណង់មិនរៀបរយទាំងនេះ គឺភាគច្រើនចាប់ផ្តើមសាងសង់ឡើងនៅដើមឆ្នាំ ២០២២ ជាពិសេសនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបានចុះអប់រំឱ្យប្រជាពលរដ្ឋទាំងនោះឱ្យរុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ។
ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវដកខ្លួន និងចាកចេញពីទីតាំងខាងលើដោយស្ម័គ្រចិត្ត ហើយសូមកុំចាញ់បោកការអូសទាញពីក្រុមមេខ្យល់ឱ្យចូលរួមប្រព្រឹត្តអំពើខុសច្បាប់ទាំងនេះ។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ដោយព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនលើកលែងចំពោះជនណាដែលនៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យដោយការទៅសង់ខ្ទមចាប់យកដីដែលជាកម្មសិទ្ធិរបស់អ្នកដទៃឡើយ៕