ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជាបានសម្ដែងការខកចិត្ត «យ៉ាងខ្លាំង» ចំពោះសេចក្តីថ្លែងការណ៍អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដោយចាត់ទុកសេចក្តីថ្លែងការណ៍នេះនៅតែមានភាពលម្អៀង ដោយគ្មានមូលដ្ឋានច្បាស់លាស់។
តាមរយៈសេចក្តីថ្លែងការណ៍បិទបញ្ចប់ការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារយៈពេល ១១ ថ្ងៃ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលយកជាប្រញាប់ និងឱ្យមានប្រសិទ្ធភាពនូវរបៀបវារៈសកម្មភាពសិទ្ធិមនុស្សរបស់កម្ពុជា ដែលរួមមានការបើកលម្ហសិទ្ធិសេរីភាពពលរដ្ឋ និងនយោបាយ ផ្អាក និងកែទម្រង់ច្បាប់ដែលមានលក្ខណៈរឹតត្បិត ធានាថា អ្នកពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតត្រូវផ្តាច់ចេញពីគណបក្សនយោបាយ និងបញ្ចប់ការកាត់ទោសសមាជិកគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយនាថ្ងៃទី ២៦ ខែសីហា ក៏បានផ្តល់អនុសាសន៍ឱ្យមានការដោះលែងអ្នកដែលកំពុងជាប់នៅក្នុងពន្ធនាគារ និងទម្លាក់ការចោទប្រកាន់លើអ្នកដែលត្រូវបានមើលឃើញថា ជាគូប្រជែងរបស់អាជ្ញាធរ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃអ្នកអនុវត្តច្បាប់ និងរក្សាគម្លាតពីអំណាចនយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២៦ ខែសីហាថា បើទោះជាមានការទទួលស្គាល់តិចតួចស្តីអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន សេចក្តីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់នៅលើបញ្ហាមួយចំនួន។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំង បើទោះជាមានការអំពាវនាវម្តងហើយម្តងទៀតពីរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏អ្នករាយការណ៍ពិសេសនៅតែបន្តខកខានមិនអើពើចំពោះការព្រួយបារម្ភអំពីបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សដែលកម្ពុជាកំពុងជួបប្រទះ ដូចជាការប្រើប្រាស់ពាក្យសម្តីអសុរស ការបង្កាច់បង្ខូច ការប្រឌិតព័ត៌មាន ការអុចអាលឱ្យមានការរើសអើងពូជសាសន៍ និងការញុះញង់ឱ្យមានការបះបោរក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ»។
សេចក្តីប្រកាសព័ត៌មានបន្តថា ចំពោះបញ្ហាអស់ទាំងនេះអ្នករាយការណ៍ពិសេសនៅស្ងៀមស្ងាត់ ដោយមានហេតុផលជាក់លាក់។ កម្ពុជានៅតែតាំងចិត្តមុតមាំក្នុងការបន្តការងារជាមួយដៃគូទាំងអស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់គ្រប់ៗគ្នាក្រោមក្របខ័ណ្ឌនីតិរដ្ឋ និងបន្តដំណើរលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាមិនត្រលប់ក្រោយ ឈរលើពហុភាគីនិយម រួមទាំងការបោះឆ្នោតនៅឆ្នាំក្រោយ ដោយសេរី យុត្តិធម៌ ប្រកបដោយសណ្តាប់ធ្នាប់ សន្តិភាព និងតម្លាភាព៕