ភ្នំពេញៈក្រសួងកិច្ចការនារីបានអះអាងថា ការរៀបចំឈុតឆាកសម្តែងហិង្សានៅមុខក្រសួងពីសំណាក់ក្រុមយុវជននាពេលថ្មីៗនេះ បានប្រាសចាកពីការពិត មានចេតនាមួលបង្កាច់ ញុះញង់បង្កឱ្យមានការភាន់ច្រឡំដល់សាធារណជននិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសអាជ្ញាធរមានសមត្ថកិច្ច។
ការលើកនេះធ្វើឡើង បន្ទាប់ពីក្រុមយុវជនខ្មែរថាវរៈចំនួន ៧ នាក់បានប្រមូលផ្តុំនៅមុខក្រសួងកិច្ចការនារី កាលពីថ្ងៃទី ២៥ ខែសីហា ដើម្បីតាមដានញត្តិដែលពួកគេបានដាក់កាលពីខែមេសា ឆ្នាំ ២០២២ ដោយស្នើសុំឱ្យស្ថាប័ននេះជួយអន្តរាគមន៍និងចាត់វិធានការលើអាជ្ញាធរ ដែលបានប្រើអំពីហិង្សាលើស្ត្រីកូដករក្រុមហ៊ុនណាហ្គាវើលដ៍។ ក្នុងហេតុការណ៍នោះយុវជន ២ រូបក៏បានសម្តែងឈុតឆាកបុរសម្នាក់ប្រើហិង្សាលើស្ត្រីផងដែរ។
ទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីចុះថ្ងៃទី ២៥ ខែសីហាបានលើកឡើងថា ការរៀបចំឈុតឆាកសម្ដែងពីសំណាក់ក្រុមយុវជនមួយក្ដាប់តូច ដើម្បីឃោសនាបំផ្លើសបំភ្លៃទៅលើសកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ចនិងក្រសួងកិច្ចការនារី ។
សេចក្តីប្រកាសបន្តថា «ក្រសួងកិច្ចការនារីសូមធ្វើការបដិសេធទាំងស្រុងលើការចោទប្រកាន់ពីសំណាក់បុគ្គលមួយក្តាប់តូចនេះមកលើអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារីដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងច្បាស់លាស់ជាពិសេសការសម្ដែងឈុតឆាកនៅខាងមុខក្រសួងកិច្ចការនារីកាលពីពេលថ្មីៗនេះគឺប្រាសចាកពីការពិត មានចេតនាមួលបង្កាច់ ញុះញង់បង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អាជ្ញាធរមានសមត្ថកិច្ចនិងក្រសួងកិច្ចការនារី »។
សេចក្តីប្រកាសដដែលបានបន្តថាកន្លងមកក្រសួងកិច្ចការនារីដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានខិតខំអនុវត្តការងារស្របតាមអាណត្តិរបស់ខ្លួនយ៉ាងសកម្ម សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងការលើកកម្ពស់ស្ថានភាពស្រ្ដីនិងកិច្ចការពារសិទ្ធិស្ត្រីនិងក្មេងស្រីនៅកម្ពុជា ។
ប្រភពដដែលបានបន្ថែមថាក្រសួងកិច្ចការនារីមិនដែលព្រងើយកន្តើយនិងតែងតែយកចិត្តទុកដាក់លើកកម្ពស់កិច្ចការពារសិទ្ធិស្ត្រី ផ្ដល់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនិងគាំទ្រសេវាដល់ស្ត្រី និងក្មេងស្រីដែលទទួលរងអំពើហិង្សាទាក់ទងនឹងយេនឌ័រគ្រប់ស្រទាប់វណ្ណៈ ដោយគ្មានរើសអើង ជាតិសាសន៍ ពណ៌សម្បុរឬស្ថានភាពនយោបាយអ្វីឡើយ ។
ការប្រមូលផ្តុំរបស់យុវជននោះក៏មានការលើកបដាថាហិង្សាលើកូដករណាហ្គាវើលដ៍មកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីក្រសួងកិច្ចការនារីឡើយ។ សូមបញ្ឈប់ហិង្សាលើកូដករនិងស្នើរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី ជួយអន្តរាគមន៍រឿងនេះ។
យុវជន លោក ស្វាយ សំណាង ដែលចូលរួមនោះបានថ្លែងថា៖ «ការប្រមូលផ្តុំនេះ ដោយសារតែរង់ចាំនីតិវិធីអស់៤ខែជាងហើយទោះបីក្រសួងកិច្ចការនារីបានរុញទៅស្ថាប័នផ្សេងៗនៅតែមិនទាន់មាន ដំណោះស្រាយដដែល»។
ពាក់ព័ន្ធនឹងបាតុកម្មនេះ នៅមានភាពចម្រូងចម្រាសដោយសារអាជ្ញាធរអះអាងថាទប់ស្កាត់ក្បួនរបស់កូដករគឺដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ខណៈកូដករណាហ្គាវើលដ៍ថាដើម្បីស្វែងរកដំណោះស្រាយពីក្រុមហ៊ុន។ ប៉ុន្តែក្នុងហេតុការណ៍នេះភាគីទាំងសងខាងសុទ្ធតែបានអះអាងថារងរបួសស្នាមរៀងៗខ្លួន។
ជាថ្មីម្តងទៀតក្រសួងកិច្ចការនារីបានប្រកាសច្រានចោលនិងបដិសេធដាច់អហង្ការលើការចោទប្រកាន់ពីសំណាក់ក្រុមបុគ្គលមួយក្ដាប់តូចនេះ និងអំពាវនាវដល់សាធារណជនទាំងអស់មេត្តាកុំជឿលើការឃោសនាអកុសល មួលបង្កាច់ ញុះញង់ទាំងនេះ។
ជាមួយនេះដែរ ក្រសួងកិច្ចការនារីបានបង្ហាញការជឿជាក់ថា សាធារណជនទាំងក្នុងនិងក្រៅប្រទេសនឹងនៅតែគាំទ្រនិងផ្ដល់ជំនឿទុកចិត្តជូនក្រសួងកិច្ចការនារី ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រទេសជាតិ ៕