សៀមរាបៈ គិតចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៧ ខែសីហា ការចុះវាស់វែងកំណត់និយាមកានៅតំបន់រមណីយដ្ឋានអង្គរ សម្រេចលទ្ធផលនៃការវាស់វែងក្បាលដីបានចំនួន ៤១ ៥១៧ ក្បាលដី ខណៈការឈូសឆាយនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី បានទំហំ ៦១ ហិកតា។ នេះបើតាមរដ្ឋមន្ត្រីរៀបចំដែនដី។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានសរសេរលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី ២៨ សីហា ថា ការងារចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងការងាររៀបចំទីតាំងភូមិធម្មជាតិរុនតាឯក គិតត្រឹមថ្ងៃទី ២៧ ខែសីហា ទទួលបានលទ្ធផល ៣ ចំណុចសំខាន់ៗ។ ចំណុចទី ១ គឺក្រុមការងារតម្រង់ទិសបានធ្វើការវាស់វែងក្បាលដីបានចំនួន ៤១ ៥១៧ ក្បាលដី ទំហំ ៦ ៥៦៦ ហិកតា ក្នុងនោះក្បាលដីមានសំណង់ចំនួន ២១ ៩៨២ ក្បាលដី ក្បាលដីគ្មានសំណង់ ចំនួន ១៧ ០៣៧ ក្បាលដី និងក្បាលដី ជាដីស្រែចម្ការចំនួន ២ ៤៩៨ ក្បាលដី។
ចំណែកលទ្ធផល ១ ទៀត គឺការឈូសឆាយដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងារក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា បានទំហំ ៦១ហិកតា។ ក្រៅពីនេះ គឺជាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ សាលារៀន ផ្សារ សួនច្បារជាដើម។
លោក ជា សុផារ៉ា បញ្ជាក់ថា៖ «ការស្ថាបនាផ្លូវក្រួសក្រហម ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងភូមិធម្មជាតិរុនតាឯកសម្រេចបានប្រវែង ១ ៧៣០ ម៉ែត្រ»។
លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិស ថ្លែងនៅថ្ងៃទី ២៨ ខែសីហាថា ក្រុមការងារតម្រង់ទិស បានធ្វើការចាប់ឆ្នោតជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញពីតំបន់អង្គរជំហានដំបូង មានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែសីហា។ សរុបប្រជាពលរដ្ឋបានចាប់ឆ្នោតមានចំនួន ៩៣៦ គ្រួសារ ក្នុងនោះនៅសង្កាត់គោកចក មានមាន ២ ភូមិ គឺភូមិត្រពាំងសេះ និងភូមិទក្សិណត្បូង ចំនួន ៩៣៤ គ្រួសារ និងពលរដ្ឋនៅមុខប្រាសាទបន្ទាយក្តី ជាប់នឹងស្រះស្រង់ ចំនួន ២ គ្រួសារ។
លោកឱ្យដឹងថា ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើចេញ និងបានមកចូលរួមចាប់ឆ្នោត បានសម្តែងការសប្បាយរីករាយ និងខ្លះបានសំណូមពរឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងផ្សារជាដើម។
លោកថ្លែងថា៖ «តាមដែលខ្ញុំសង្កេតឃើញថា ទោះបីជា យើងមិនដឹងជ្រាលជ្រៅក្នុងចិត្តពួកគាត់ ប៉ុន្តែកាយវិការនៃការចាប់ឆ្នោតហ្នឹង ឃើញថា ពួកគាត់សប្បាយចិត្ត មិនមានបញ្ហា ឬបាតុភាពណាមួយកើតឡើងទេ គ្រាន់តែថាមានសំណូមពរមួយចំនួនហ្នឹង»។
លោកបានបញ្ជាក់ថា ទោះយ៉ាងណា ចំណុចដែលពលរដ្ឋសំណូមពរនេះក្រុមការងារ បាននិងកំពុងរៀបចំជូនប្រជាពលរដ្ឋ មិនឱ្យមានការខ្វះខាតនោះទេ ជាក់ស្តែងសាលារៀនបានរៀបចំធ្វើរួចហើយ ខណៈហេដ្ឋារចនាសម្ព័ន្ធផ្សេងៗកំពុងចាប់ផ្តើមដំណើរការធ្វើផងដែរ។ ជាមួយគ្នានេះ មន្ត្រីក្រសួងបរិស្ថាន ក៏បានចូលរួមរៀបចំធ្វើសួនដាំដើមឈើហូបផ្លែ និងដាំដើមឈើឡើងវិញ នៅទីតាំងដែលពលរដ្ឋ បានរុះរើចេញផងដែរ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការងារទូទៅរបស់មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងបងប្អូនសហគមន៍តំបន់ការពារធម្មជាតិ នៅតំបន់ភូមិធម្មជាតិរុនតាឯក នៅរសៀលថ្ងៃទី ២៦ ខែសីហា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា ក្រសួងបរិស្ថានបានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាបក្នុងបេសកកម្មរៀបចំភូមិធម្មជាតិរុនតាឯក ដោយសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំឈើហូបផ្លែនានាសម្រាប់ជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «បេសកកម្មរបស់បងប្អូន មន្ត្រីក្រសួងបរិស្ថាន គឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រៀបចំភូមិតាមគោលការណ៍នគរូបនីយកម្ម និងរៀបចំសួនដំណាំមានដើមឈើហូបផ្លែសម្រាប់ពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ»។
លោក ជឿម ជឿប ប្រជាពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ឱ្យដឹងនៅថ្ងៃទី ២៨ សីហា ថា ក្បាលដីនៅភូមិដែលលោករស់នៅនេះបានវាស់វែងរួចហើយ ប៉ុន្តែមិនតម្រូវឱ្យមានការរុះរើទៅនៅតំបន់រុនតាឯកទេ ដោយសារភូមិដែលលោកកំពុងរស់នៅនេះមិននៅកៀកអង្គរ។ លោកប្រាប់ថា ថ្វីបើអាចរស់នៅលើដីនេះបានពិតមែន ប៉ុន្តែមិនមានសិទ្ធិលក់ដូរឡើយ ហើយរាល់ការសាងសង់សំណង់អ្វីមួយត្រូវសុំការអនុញ្ញាតពីអាជ្ញាធរអប្សរា។
លោកនិយាយថា៖ «នៅលើដីនេះអត់មានប្លង់ទេ តែយើងអាចនៅបាន តែផ្ទះបើយើងចង់ជួសជុលអីត្រូវមានការសុំអនុញ្ញាតច្បាប់ពីអាជ្ញាធរជាតិអប្សរា បានអាចធ្វើបាន»។
សូមជម្រាបថា អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ២៦ សសរ ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស គឺដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយចាប់ផ្តើមការងារពីថ្ងៃទី ១៨ ខែសីហា៕