ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជាប្រតិកម្មទៅនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ព្រោះពុំបានធ្វើតាមការសន្យារបស់ខ្លួនក្នុងការធានាឱ្យមានតុល្យភាពរវាងគោលជំហររបស់ភាគីផ្សេងៗគ្នា ក្នុងរបាយការណ៍របស់ខ្លួន។ ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីអ្នករាយការណ៍បានចេញសេចក្តីថ្លែងការណ៍ជំរុញរដ្ឋាភិបាលកម្ពុជាទទួលយកអនុសាសន៍ ១០ ចំណុច ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍បិទបញ្ចប់ការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារយៈពេល ១១ ថ្ងៃ អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលយកជាប្រញាប់ និងឱ្យមានប្រសិទ្ធភាពនូវរបៀបវារៈសកម្មភាពសិទ្ធិមនុស្សរបស់កម្ពុជា។ ក្នុងនោះមានការបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងនយោបាយ ផ្អាក និងកែទម្រង់ច្បាប់ ដែលមានលក្ខណៈរឹតត្បិត ធានាថា អ្នកពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតត្រូវផ្តាច់ចេញពីគណបក្សនយោបាយ និងបញ្ចប់ការកាត់ទោសសមាជិកគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។
លោកលើកឡើងថា ការផ្តល់អនុសាសន៍នេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បើកលម្ហសិទ្ធិពលរដ្ឋ និងនយោបាយ និងត្រួសត្រាយផ្លូវសម្រាប់កំណែទម្រង់ប្រជាធិបតេយ្យ។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយនាថ្ងៃទី ២៦ ខែសីហា ក៏បានផ្តល់អនុសាសន៍ឱ្យមានការដោះលែងអ្នកដែលកំពុងជាប់ក្នុងពន្ធនាគារ និងទម្លាក់ការចោទប្រកាន់លើអ្នកដែលត្រូវបានមើលឃើញថា ជាគូប្រជែងរបស់អាជ្ញាធរ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃអ្នកអនុវត្តច្បាប់ និងរក្សាគម្លាតពីអំណាចនយោបាយ។
លោក វិទិត មុនតាប៊ន ថ្លែងថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលបានជួប និងបានរៀនសូត្រពីភាគីទាំងអស់ ដែលបានចំណាយពេលវេលា គំនិត និងចែករំលែកបទពិសោធជាមួយខ្ញុំពោរពេញដោយភាពកក់ក្តៅ ដែលជាចរិតលក្ខណៈរបស់ប្រជាជនកម្ពុជា។ កម្ពុជា គឺជាប្រទេសដែលមានអនាគតភ្លឺស្វាង ប៉ុន្តែប្រទេសនេះប្រឈមនឹងបញ្ហាសិទ្ធិមនុស្សសំខាន់ៗជាច្រើន មុននឹងឈានទៅដល់ការបោះឆ្នោតជាសកលនាឆ្នាំក្រោយ»។
ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី ២៦ សីហា លោកបានផ្តល់អនុសាសន៍ឱ្យធ្វើការឆ្លើយតបចំពោះក្រុមងាយរងគ្រោះនានា ដោយប្រកាន់ខ្ជាប់នូវអហិង្សា និងដោយមិនមានការរើសអើង ព្រមទាំងគាំទ្រវិធានការ ក្រោយវិបត្តិជំងឺកូវីដ ១៩ ដើម្បីធានាដល់ការផ្តល់កិច្ចគាំពារសង្គមឱ្យបានទូលំទូលាយ ដើម្បីជួយដល់ក្រុមដែលត្រូវការ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៦ សីហា ថា ការដែលអ្នករាយការណ៍ពិសេសបានជួបជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងអ្នករិះគន់រាជរដ្ឋាភិបាលជាសក្ខីភាពបង្ហាញឱ្យឃើញថា កម្ពុជាអនុញ្ញាតឱ្យមានការពិនិត្យដោយសេរី និងទស្សនៈផ្ទុយគ្នា។ ជាការគួរឱ្យសោកស្តាយ អ្នករាយការណ៍ពិសេសបានជ្រើសរើសធ្វើអន្តរកម្មជាមួយគណបក្សប្រឆាំងមួយចំនួន ទន្ទឹមនឹងនេះរើសអើងចំពោះគណបក្សជាច្រើនផ្សេងទៀត។
អ្នកនាំពាក្យបន្តថា ដូចគ្នានេះដែរ មានតែអង្គការក្រៅរដ្ឋាភិបាលដែលទទួលមូលនិធិពីបរទេស និងត្រូវបានគេស្គាល់ថា ជាអង្គការធ្វើនយោបាយយ៉ាងសកម្ម ១ ក្តាប់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកិច្ចសន្ទនា។ វិធីសាស្ត្របែបនេះមិនអំណោយផលដល់ការវាយតម្លៃអង្គហេតុប្រកបដោយវិជ្ជាជីវៈ មិនលម្អៀង និងដល់ការរក្សាទំនុកចិត្តជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នោះឡើយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «បើទោះជា រាជរដ្ឋាភិបាលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ យ៉ាងណាក៏ដោយ អ្នករាយការណ៍ពិសេសពុំបានធ្វើតាមការសន្យារបស់ខ្លួនក្នុងការពិចារណានូវរាល់ធាតុចូលរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងធាតុចូលរបស់រាជរដ្ឋាភិបាល និងក្នុងការធានាឱ្យមានតុល្យភាពរវាងគោលជំហរផ្សេងៗគ្នា»។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការ-សិទ្ធិមនុស្សកម្ពុជាប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការព្រួយបារម្ភរបស់អ្នករាយការណ៍ពិសេសរូបនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់លោក ដែលជាអ្នកជំនាញឯករាជ្យអាស្រ័យទៅលើព័ត៌មាន និងរបាយការណ៍ ដែលលោកទទួលបានព្រមទាំងនិន្នាការ និងទស្សនៈផ្ទាល់ខ្លួនរបស់លោកដែលនេះគឺជារឿងធម្មតា។ លោកថា បញ្ហាសិទ្ធិមនុស្ស គឺមិនមានប្រទេសណាមួយដែលល្អឥតខ្ចោះនោះទេ ហើយតែងមានបញ្ហាប្រឈមទៅតាមបរិបទនៃប្រទេសរៀងៗខ្លួន។
លោកថ្លែងថា៖ «អ៊ីចឹងទេ យើងនឹងពិនិត្យទៅលើអនុសាសន៍ ដែលគាត់ផ្តល់ឱ្យថា តើអនុសាសន៍ណា ដែលស្របទៅនឹងតថភាពជាក់ស្តែងនៅកម្ពុជា ហើយអនុសាសន៍ណាដែលមិនស្របទៅនឹងតថភាព ឬក៏ទិដ្ឋភាពជាក់ស្តែង ក៏ដូចជាមិនស្របទៅនឹងក្របខ័ណ្ឌច្បាប់គតិយុត្តរបស់កម្ពុជាដែលយើងមិនអាចអនុវត្តបាន»។
លោកបញ្ជាក់ថា៖ «ប្រសិនវាស្រប យើងអនុវត្តបាន យើងនឹងទទួលយក។ ពីព្រោះការងារសិទ្ធិមនុស្សនេះ គឺយើងធ្វើដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា មិនមែនដើម្បីប្រយោជន៍របស់អ្នករាយការណ៍ ឬក៏ប្រយោជន៍របស់ក្រុមជនណាមួយនោះទេ»។
លោក ជិន ម៉ាលីន ថ្លែងថា បើអនុសាសន៍ណាផ្ទុយនឹងច្បាប់របស់កម្ពុជាដូចជាការតម្រូវឱ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទចំពោះសកម្មជន និងការតម្រូវឱ្យរដ្ឋាភិបាលដោះលែងសកម្មជន គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលជាការរំលោភបំពានទៅលើអំណាចតុលាការដែលជាអំណាច ឯករាជ្យ ឬអំណាចទី៣ នោះ គឺមិនអាចអនុវត្តបានដែរ។
លោកថ្លែងថា៖ «បញ្ហាដែលគាត់លើកឡើងមួយចំនួនហ្នឹង គឺវានៅមានការខ្វែងគំនិតគ្នានៅឡើយទេ ពាក់ព័ន្ធលម្ហប្រជាធិបតេយ្យសេរីភាពអីនោះ ដែលគាត់ថាឱ្យមានការបើកចំហមានការចូលរួមពីសង្គមស៊ីវិលហ្នឹង គឺលម្ហប្រជាធិបតេយ្យសេរីភាព គឺបើកចំហជានិច្ច។ ក៏ប៉ុន្តែចំហសម្រាប់សង្គមស៊ីវិល អង្គការស្ថាប័នណា ដែលធ្វើសកម្មភាពទៅតាមច្បាប់នៅកម្ពុជា»។
លោកបន្ថែមថា៖ «ក៏ប៉ុន្តែបើអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពបំពានច្បាប់ អាហ្នឹង គឺត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចគេដូចឯងអ៊ីចឹងដែរ មិនអាចមានអភ័យឯកសិទ្ធិណាពិសេសជាងគេ ហើយអាចធ្វើសកម្មភាពបំពានច្បាប់ដោយគ្មានការទទួលខុសត្រូវនោះទេ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អនុសាសន៍របស់អ្នករាយការណ៍ពិសេស UN មួយចំនួន អាចជាការពិចារណា។ ចំណែកអនុសាសន៍មួយចំនួនទៀតស្ថិតនៅក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជាដែលរដ្ឋាភិបាលកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការចាត់ចែងបែបណាមួយ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែខ្ញុំគិតថាទាំងអ្នករាយការណ៍ពិសេសក៏ដូចជារាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ គួរធ្វើការជាមួយគ្នាឱ្យបានស៊ីជម្រៅថែមទៀតទៅលើបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធជាមួយអនុសាសន៍ទាំងអស់ហ្នឹងកុំគ្រាន់តែដាក់អនុសាសន៍។ យើងត្រូវតែជជែកគ្នាថា តើអ្វីដែលជាចំណុចសំខាន់ ដែលត្រូវអនុវត្តក្នុងអនុសាសន៍នីមួយៗ ដើម្បីធានាថា អនុសាសន៍នោះត្រូវបានអនុវត្តដែលមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា»។
លោក គិន ភា បន្តថា រដ្ឋាភិបាលក៏មិនគួរព្រងើយកន្តើយដែរ គឺត្រូវយកអនុសាសន៍ទាំងនោះមកពិចារណា ហើយធ្វើការជាលក្ខណៈសហការគ្នា ពីព្រោះទាំងរដ្ឋាភិបាល អ្នករាយការណ៍ពិសេសក៏ដូចជាអង្គការសង្គមស៊ីវិល គួរតែឯកភាពគ្នាទៅលើនិយមន័យរួម និងស្តង់ដារួមទៅលើសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដើម្បីអាចធ្វើការជាមួយគ្នាបានក្នុងគោលដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រដ្ឋាភិបាលគួរតែធ្វើការឆ្លុះបញ្ចាំងទៅលើអនុសាសន៍របស់អ្នករាយការណ៍ពិសេស និងធ្វើការកែលម្អលើអ្វីដែលរដ្ឋាភិបាលមិនទាន់បានអនុវត្តឱ្យបានសមស្របទៅតាមបទដ្ឋាន ឬក៏ស្តង់ដាសិទ្ធិមនុស្ស។
លោកថា៖ «រដ្ឋាភិបាលគួរតែធ្វើការពិចារណាចំពោះអនុសាសន៍ទាំងឡាយរបស់អ្នកការពារសិទ្ធិមនុស្ស [អ្នករាយការណ៍ពិសេស] នេះ ព្រោះការដែលយើងពិនិត្យមើលហើយ និងពិចារណាទៅដល់អ្វី ដែលជាសេចក្តីថ្លែងការណ៍ជាអនុសាសន៍របស់អ្នកការពារសិទ្ធិមនុស្សនេះ វាជួយដែរ ជួយធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហ្នឹងកាន់តែប្រសើរឡើង ហើយនិងការជឿជាក់ទៅលើដំណើរការក្នុងការអនុវត្តប្រជាធិបតេយ្យក៏ដូចជាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើង»។
លោក គិមអេង បានបញ្ជាក់ថា៖ «ហើយវាក៏ជាមុខមាត់របស់ប្រទេសកម្ពុជា ហើយរួមទាំងការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឱ្យបានកាន់តែខ្លាំងថែមទៀតទៅលើការធ្វើឱ្យមានការរីកចម្រើននៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»៕
វីដេអូ៖