ភ្នំពេញៈ គិតពីពេលចាប់ផ្ដើម (អំឡុងទសវត្សរ៍ឆ្នាំ ២០០០) រហូតមកដល់ ៦ ខែ ឆ្នាំ ២០២២ ក្រសួងរៀបចំដែនដីបានចែកដីជូនអតីតកងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិន នគរបាលនៅតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលបានជាង ១,៣ លានហិកតា ដល់ពលរដ្ឋជាង ៤៨ ម៉ឺនគ្រួសារ និងបានសាងសង់ផ្ទះជូនក្រុមគ្រួសារកងទ័ព និងនគរបាលជាតិតាមបណ្ដោយព្រំដែន និងគ្រួសារអតីតកងកម្លាំងប្រដាប់អាវុធចំនួន ៧ ៨០៥ ខ្នង។ នេះបើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី។
លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២៨ ខែសីហាថា បើគិតពីពេលចាប់ផ្ដើមអំឡុង (ទសវត្សរ៍ឆ្នាំ ២០០០) ដល់ ៦ ខែ ក្នុងឆ្នាំ ២០២២ ក្រសួងរៀបចំដែនដី បានចែកដីជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារយោធិន និងនគរបាល នៅតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលសរុបទំហំ ១ ៣៥៦ ៣៩៦,១៩ ហិកតា ជូនប្រជាពលរដ្ឋចំនួន ៤៨៧ ១៥៧ គ្រួសារ និងបានសាងសង់ផ្ទះជូនគ្រួសារកងទ័ព និងនគរបាលជាតិនៅតាមបណ្ដោយព្រំដែន និងគ្រួសារអតីតកងកម្លាំងប្រដាប់អាវុធបានចំនួន ៧ ៨០៥ ខ្នង។
លោក ច័ន្ទសង្វារ បានបញ្ជាក់ថា៖ «បច្ចុប្បន្នសម្បទានិកបានចូលស្នាក់នៅចំនួន ៧ ១៣៥ ខ្នង ស្មើ ៩១,៤២%»។
លោកបានឱ្យដឹងថា ការបែងចែកដីក្នុងគោលដៅសម្បទានដីសង្គមកិច្ច និងប្រទានកម្ម ជាកម្មវិធីបែងចែកដីក្នុងគោលដៅនៃការកាត់បន្ថយភាពក្រីក្រ និងការជំរុញកំណើនសេដ្ឋកិច្ច បានចែកដីជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារយោធិន និងនគរបាលនៅតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិល។
លោកបន្តថា បើគិតត្រឹមឆ្នាំ ២០១៨ មកដល់ឆមាសទី ១ ឆ្នាំ ២០២២ នេះបានបែងចែកដល់ពលដ្ឋ និងអតីតមន្ដ្រីយោធិនសរុបចំនួន ៨ ៥៤៨ គ្រួសារ ស្មើនឹងសរុបទំហំ ១៥ ៨៧០,៧២ ហិកតា និងសាងសង់ផ្ទះជូនគ្រួសារកងទ័ព និងនគរបាលជាតិនៅតាមបណ្ដោយព្រំដែន និងគ្រួសារ អតីតកងកម្លាំងប្រដាប់អាវុធសរុប ១ ៦៤៣ ខ្នង។
លោកបញ្ជាក់ថា នៅឆ្នាំ ២០១៨ ក្រសួងបានបែងចែកដីទំហំ ២៤០ ១៥ ហិកតា ជូនប្រជាពលរដ្ឋ ១៨៦ គ្រួសារ និងសង់ផ្ទះបាន ៥៣៧ ខ្នង។ ឆ្នាំ ២០១៩ បែងចែកដីទំហំ ៤១២៣,៨៩ ហិកតា ជូនប្រជាពលរដ្ឋ ២ ៣១៧ គ្រួសារ និងសង់ផ្ទុះបាន ៥៣៧ ខ្នង និងឆ្នាំ ២០២០ បានចែកដីទំហំ ៦ ៨៣២,៧៧ ហិកតា ជូនប្រជាពលរដ្ឋ ៤ ២០៩ គ្រួសារ និងសង់ផ្ទះបាន ៥៣៣ ខ្នង។
លោកបន្តថា ចំណែកឆ្នាំ ២០២១ ចែកដីទំហំ ១ ៧៩៣,០៤ ហិកតាជូនប្រជាពលរដ្ឋ ១ ៧៦៧ គ្រួសារ និងសង់ផ្ទះបាន ៣៦ ខ្នង ៦ ខែ ដើមឆ្នាំ ២០២២ បានចែកដីទំហំ ២ ៨៨០,៨៧ ហិកតា ជូនប្រជាពលរដ្ឋ ៦៩ គ្រួសារ។
លោក ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា កម្មវិធីការបែងចែកដីក្នុងគោលដៅសម្បទានដី-សង្គមកិច្ច និងប្រទានកម្មបានដោះស្រាយទៅលើប្រជាពលរដ្ឋដែលខ្វះដី ក្នុងនោះក្បាលដីចែកជូនប្រជាពលរដ្ឋក៏មានការកើនឡើងដែរ។
លោកថ្លែងថា៖ «ការបែងចែកនេះ យើងយកដីរដ្ឋដែលមានលក្ខណៈសមស្របយកទៅធ្វើសម្បទានសង្គមកិច្ចចែកជូនដល់ពលរដ្ឋ ហើយនៅពេលអនុវត្តបទបញ្ជាលេខ ០១ ការបែងចែកក្បាលដីក៏មានការកើនឡើងផងដែរ តាមរយៈគោលនយោបាយ នយោបាយចាស់លើសកម្មភាពថ្មីលើវិស័យដីធ្លីនេះ ក្បាលដីចំនួន ៧០ ម៉ឺនក្បាលដី ដែលយើងបានវាស់វែង ហើយបែងចែកជូនប្រជាពលរដ្ឋជាង ៤៨ ម៉ឺនគ្រួសារទៅលើផ្ទៃដីជាង ១,៣ លានហិកតា»។
លោកបានបន្តថា នេះជាការផ្ដល់ជូនតាមរយៈកម្មវិធីសម្បទានសង្គមកិច្ចគ្រប់ប្រភេទមានទាំងអតីតកងកម្លាំងប្រដាប់អាវុធ យោធិន និងប្រជាពលរដ្ឋក្រីក្រ៕